បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី សហការជាសមាគមធនាគារ និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល

ក្រសួងរៀបចំដែនដី សហការជាសមាគមធនាគារ និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល

Advertisement

ភ្នំពេញ ៖ ទំនើបកម្មឌីជីថលនាពេលបច្ចុប្បន្ន បានធ្វើឱ្យក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន មានភាពរីកចម្រើន ប្រកបដោយភាពសុក្រឹត លឿនជាងមុន ចំណាយពេលតិច ដែលប្រជាពលរដ្ឋអាចប្រើប្រាស់បាន ជាក់ស្ដែងដូចជា សេវាគាប់ចិត្ត ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំឡើង ដើម្បីបង្ខិតសេវានេះឱ្យនៅលើដៃប្រជាជន។ ការធ្វើទំនើបកម្មជីថលរបស់ក្រសួង គឺជាជំហានដ៏សំខាន់ក្នុងការកសាងរដ្ឋបាលសាធារណៈដែលមានតម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។

លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធឌីជីថលនេះឡើង គឺដើម្បីធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលស្នើសុំ សេវាសាធារណៈ ឯកសារផ្លូវច្បាប់ ទាក់ទងនឹងប្លង់ផ្ទះ ប្លង់ដី សេវាហ៊ីប៉ូតែក បញ្ចាំ លក់ផ្តាច់ …។ល។ ដែលអាចជួយសម្រាលបន្ទុក និងដោះបញ្ហាស្មុគ្រស្មាញជាច្រើន។

លោកជំទាវ សេង សុមេត្តា បានបញ្ជាក់ថា ៖

«ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តអភិវឌ្ឍ និងបង្ហាញសមិទ្ធផលថ្មីៗក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល រហ័ស និងមានតម្លាភាព។ សេវាឌីជីថលទាំងនេះ រួមមាន សេវាសុរិយោដី សេវាសំណង់ សេវាផ្តល់អាជ្ញាប័ណ្ណ សេវាថតចម្លងឯកសារប្លង់ និងសេវាពិគ្រោះយោបល់ ជាដើម ដែលអាចស្នើសុំបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការធ្វើទំនើបកម្មនេះ គឺជាការឆ្លើយតបយ៉ាងជាក់ស្តែងចំពោះយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧»។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហៅកាត់ថា CMA ដែលជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងពង្រឹងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលនេះ ប្រកបដោយចីរភាព។

លោកជំទាវបានបន្តថា ៖

«សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា រួមជាមួយក្រសួងដែនដី ផ្តួចផ្តើមឲ្យមានសិក្ខាសាលានេះទ្បើង គឺដើម្បីជួយដោះស្រាយនូវបញ្ហាប្រឈមរបស់បុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុពាក់ព័ន្ធទាក់ទងនឹងនីតិវិធី និងប្រព័ន្ធឌីជីថលថ្មីៗនៃសេវារបស់ក្រសួង, ការផ្ទៀងផ្ទាត់កម្មសិទ្ធិប្លង់ និងព័ត៌មានសុរិយោដី, ការពន្យារពេលក្នុងដំណើរការផ្ទេរកម្មសិទ្ធិ និងចុះបញ្ជីហ៊ីប៉ូតែក រួមជាមួយនឹងការបកស្រាយឯកសារ និងលក្ខខណ្ឌនីតិវិធីមិនមានសមភាពគ្នារវាងមន្ត្រីនីមួយៗ ។ល។»។

លោកជំទាវ ឌិត នីតា បានបង្ហាញពីក្ដីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងសមត្ថភាពបុគ្គលិកជាយុទ្ធសាស្ត្រអាទិភាព ការយល់ដឹងកាន់តែច្បាស់លើប្រព័ន្ធឌីជីថល នីតិវិធី និងស្តង់ដារអនុវត្តរួម ជួយកាត់បន្ថយហានិភ័យ បង្កើនភាពត្រឹមត្រូវ និងពង្រឹងទំនុកចិត្តក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។ លើសពីនេះទៀត ការផ្តួចផ្តើមនេះ ក៏ជាជំហានយុទ្ធសាស្ត្រពង្រឹងសមត្ថភាពមន្ត្រីវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលអាចសម្របខ្លួនទៅនឹងទំនើបកម្មឌីជីថលរបស់រដ្ឋាភិបាល និងកាត់បន្ថយភាពស្មុគស្មាញ។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាលនេះក៏ជាវេទិកាសិក្សាប្តូរបទពិសោធន៍ និងទទួលបានការបញ្ជាក់ផ្ទាល់ពីមន្ត្រីជំនាញ ដែលអនុញ្ញាតឲ្យបុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុយល់ដឹងកាន់តែច្បាស់លើសេវាសុរិយោដី សេវាសំណង់ ការចុះបញ្ជីហ៊ីប៉ូតែក ការត្រួតពិនិត្យព័ត៌មានអនឡាញ និងនីតិវិធីពាក់ព័ន្ធផ្សេងៗ លើកកម្ពស់ស្តង់ដារប្រតិបត្តិការក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»នេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតី លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានការចូលរួមពីមន្ត្រីជំនាញក្រសួង ព្រមទាំងបុគ្គលិកក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើននាក់៕
អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា