ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាមួយស្ដីពីការអភិវឌ្ឍភូមិនៅកម្ពុជា ក្នុងគោលដៅរួមគ្នារៀបចំស្រុកទេស កសាងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសអភិវឌ្ឍន៍ភូមិឋានពលរដ្ឋដោយផ្អែកលើកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម។ គោលបំណងសំខាន់ គឺធ្វើយ៉ាងណាប្រែក្លាយភូមិឋានឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។
នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងនាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ គឺផ្ដោតលើប្រធានបទចំនួន ៥ ក្នុងនោះរួមមាន ការអភិវឌ្ឍភូមិគំរូ, ការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា, ករណីសិក្សាការអភិវឌ្ឍជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង, លំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ
និងទស្សនទានឆ្ពោះទៅការរៀបចំបុរីជនបទ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ៖
«នៅក្នុងការរៀបចំនគរូបនីយកម្ម ការកសាងភូមិ ឃុំ ស្រុក គឺត្រូវគិតគូរអភិវឌ្ឍន៍ឱ្យប្រែក្លាយទៅជាបុរីជនបទ ដោយត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ឱ្យបានគ្រប់គ្រាន់ រួមមាន ទឹកស្អាត អគ្គិសនី និងផ្លូវ ជាដើម»។
ជាងនេះទៅទៀត គឺត្រូវលើកកម្ពស់គោលការណ៍ភូមិឋានក្សេមក្សាន្ត មានន័យថា ត្រូវធ្វើយ៉ាងណាឱ្យភូមិឃុំសង្កាត់មានសុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រឿងញៀន ល្បែងស៊ីសង គ្មានក្មេងទំនើង និងអំពើចោរកម្មផ្សេងៗ ពោលគឺប្រែក្លាយភូមិឋានឲ្យទៅជាភូមិដែលមានវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី គុណតម្លៃនៅក្នុងសង្គម ហើយអ្នកភូមិត្រូវចេះជួយយកអាសារគ្នា និងចេះគោរពគ្នាទៅវិញទៅមក។ ចំណុចសំខាន់មួយទៀត គឺត្រូវកសាងទ្រនំសុភមង្គល ដែលធ្វើយ៉ាងណាឱ្យមនុស្សរស់ក្រោមដំបូលតែមួយ មានទំនាក់ទំនងល្អក្នុងក្រុមគ្រួសារ និងរស់នៅប្រកបដោយភាពសុខដុមរមនា។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ តែងតែសហការគ្នាយ៉ាងស្អិតល្មួត។ ជាក់ស្ដែង ការរៀបចំសិក្ខាសាលានាពេលនេះ មានគោលបំណងពិគ្រោះយោបល់ ពិនិត្យ និងវាយតម្លៃលទ្ធផលសកម្មភាពដែលបានអនុវត្តកន្លងមក ដើម្បីកំណត់ទិសដៅថ្មីអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។ គោលដៅសំខាន់ គឺរួមគ្នារៀបចំ និងអភិវឌ្ឍស្រុកទេស ភូមិឋាន និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ៕ ដោយ ៖ ហេង វណ្ណា