បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ ក៏ដូចជាបង្កើត​ឱកាសការងារជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន ដែលជាការរួមចំណែកដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព។

Advertisement

ថ្លែងក្នុងវេទិកាសហគ្រិនស្រ្តី សេដ្ឋកិច្ច និងអាជីវកម្ម កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា បើទោះបីជាសហគ្រិនស្រ្តីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ បង្កើតការងារក្នុងសហគមន៍ និងពង្រីកភាពចម្រុះនៃផលិតផលក្នុងស្រុកក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការទទួលបានចំណែកទីផ្សារ ការកសាងម៉ាកសញ្ញាផលិត​ផល ការអនុវត្តស្តង់ដារគុណភាព ការវេចខ្ចប់ ការទទួលបានហិរញ្ញប្បទាន និងឱកាសចូលរួមក្នុងវេទិកាពាណិជ្ជ​កម្មជាតិ-អន្តរជាតិ ដែលជាកត្តាជំរុញឱ្យមានការជួយគាំទ្របន្ថែមទៀតពីសាធារណៈ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកជំទាវបន្តថា វេទិកាសហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្មស្រ្តី គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការប្រែក្លាយគោលនយោបាយទៅជាកម្មវិធី និងការទទួលបានលទ្ធផលជាក់ស្តែង។

លោកជំទាវបញ្ជាក់ថា ៖

«វាមិនមែនគ្រាន់តែជាកម្មវិធីតាំងបង្ហាញផលិតផល ឬលក់ផលិតផលប៉ុណ្ណោះទេ តែជាវេទិកាសម្រាប់តភ្ជាប់ឱកាស ការអភិវឌ្ឍបណ្តាញ ការចែករំលែកចំណេះដឹង ការកសាងភាពជឿជាក់លើផលិតផល ជាពិសេស ការបើកផ្លូវឱ្យសហគ្រិនស្រ្តីឈានចូលទីផ្សារកាន់តែទូលំទូលាយ»។

វេទិការសហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្មខាងលើនេះ ក៏ជាផ្នែកសំខាន់មួយនៃការជំរុញឱ្យផលិតផលដែលមានស្រ្តីកម្ពុជាជាស្ថាបនិក ទទួលបានការមើលឃើញកាន់តែច្បាស់, កាន់តែមានទំនុកចិត្ត និងកាន់តែមានឱកាសក្នុងការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារអ​ន្តរជាតិ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានមានប្រសាសន៍ថា វេទិកានេះបង្កើតឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់សហគ្រិនស្ត្រីដែលជាម្ចាស់អាជីវកម្ម ជាពិសេសអ្នកដែល​ស្ថិតក្នុងវិស័យផលិត ឱ្យមានសេចក្តីក្លាហានក្នុងការចូលរួមធ្វើបទបង្ហាញអាជីវកម្មរបស់ខ្លួន ប្រកប​ដោយវិជ្ជាជីវ: និងមានភាពជឿជាក់ទៅកាន់អតិថិជន ក៏ដូចជាស្ថាបន័នានា និងដៃគូអភិវឌ្ឍន៏ ដើម្បីស្វែងរកការគាំទ្រក្នុងការពង្រីកអាជីវកម្មតាមតម្រូវការ និងដំណាក់កាលដែលខ្លួនត្រូវឈានឡើង។

លោកជំទាវបញ្ជាក់ដូច្នេះថា ៖

«មិនតែប៉ុណ្ណោះ វេទិកាមួយនេះក៏ត្រូវបានបញ្ចូលនូវការធ្វើបទបង្ហាញពីការធ្វើនវានុវត្តន៍លើគុណភាព សោភ័ណភាពផលិតផល និងឱកាសជំរុញផលិតផលចូលទីផ្សារ»។

ដោយឡែក លោកស្រី សែម ស្រីតូច ប្រធានគម្រោង បណ្តុំអាជីវកម្ម សហគ្រិនស្រ្តី បានលើកឡើងថា នៅក្នុងពិភពអាជីវកម្មនាពេលបច្ចុប្បន្ន ការប្រកួតប្រជែងមិនមែនផ្អែកតែលើតម្លៃប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺត្រូវពឹងផ្អែកលើគុណភាព ទំនុកចិត្ត និងសមត្ថភាពក្នុងការឈានទៅរកទីផ្សារ ដូច្នេះហើយសហគ្រិនស្រ្តីត្រូវការវេទិកានេះជាចាំបាច់ ក្នុងការបង្ហាញពីសក្ដានុពលអាជីវកម្ម ចាប់ឱកាស និងបង្កើនការប្រកួតប្រជែងរបស់ពួកគេឱកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ទោះយ៉ាងណា ស្រ្តីជាច្រើនកំពុងស្ថិតក្នុងអង្គភាពសេដ្ឋកិច្ចដែលមានកម្រិតមីក្រូ ធុនតូច និងមធ្យម ដែលត្រូវការកិច្ចគាំទ្រ ខណៈដែលនៅមានសក្តានុពលជាច្រើនទៀតដែលពុំទាន់បានប្រើប្រាស់ និងអភិវឌ្ឍនៅឡើយ។

យោងតាមលទ្ធផលជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២ បានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ចសរុបជិត ៣លាននាក់ ក្នុងនោះមានស្ត្រីចំនួន ៦១.៣ភាគរយ ហើយស្រ្តីប្រមាណ ៦៩.២ ភាគរយជាអ្នកតំណាងអង្គភាពសេដ្ឋកិច្ចសកល។ ទិន្នន័យទាំងនេះបានបង្ហាញថា ស្រ្តីកំពុងចូលរួមដឹកនាំ និងជាកម្លាំងចរន្តយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា