ភ្នំពេញ ៖ ក្នុងក្របខ័ណ្ឌនៃវប្បធម៌សន្ទនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយស្ដីពី «គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា» នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ធនានា ជាពិសេសតំណាងបងប្អូនជនជាតិដើមភាគតិច ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមនានា ក្នុងស្មារតីកសាងកម្ពុជាឱ្យទៅជាភូមិឋានក្សេមក្សាន្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ និងជាវេទិកាវប្បធម៌សន្ទនាដ៏ល្អរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ដើម្បីរួមចំណែកកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វប្បធម៌សន្ទនា និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារួម និងជួយពង្រឹងខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។



































