បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទុះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាចំណែកធ្វើ​ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា

ផ្ទុះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាចំណែកធ្វើ​ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៦នេះ​ ក្រសួងទេសចរណ៍បានព្យាករណ៍ពីកំណើនវិស័យទេសចរណ៍ ដោយគ្រោងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពីប្រមាណ ៥,៦លាននាក់ ដល់ ៥,៨លាននាក់ ប៉ុន្តែតួលេខនេះអាចនឹងមានការប្រែប្រួល ដោយសារឥទ្ធិពលនៃភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការលើកឡើងស្រដៀងៗគ្នារវាងមន្រ្តីផ្លូវការក្រសួងទេសចរណ៍ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ថ្លែងប្រាប់ៗបណ្តាញសារព័ត៌មាន AMS នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ ។

Advertisement

លោកជំទាវ ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការព្យាករណ៍ដែលធ្វើឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ពោលគឺនៅមុនពេលកើតមានសង្គ្រាមមជ្ឈិមបូព៌ា រវាងប្រទេសអ៊ីស្រាអែល សហការជាមួយអាម៉េរិក វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដែលជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍នៅលើសកលលោក រួមទាំងកម្ពុជាផងដែរ។

លោកជំទាវបានបញ្ជាក់ថា ៖

«ពាក់ព័ន្ធនឹងការព្យាករណ៍នេះ វាស្ថិតនៅក្នុងបរិបទមុនគ្រា ប៉ុន្តែឥឡូវសភាពការណ៍ និងស្ថានភាពសកលវាមានការប្រែប្រួល ចឹងទេ ការព្យាករណ៍ក៏អាចនឹងប្រែប្រួលដែរ មានន័យថា អ្វីៗគ្រប់យ៉ាងវាស្ថិតនៅក្នុងភាពមិនប្រាកដប្រជា»។ 

ទោះយ៉ាងណា ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីក្រោមឱវាទនៃក្រសួងទេសចរណ៍ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ធ្វើយ៉ាងណាពង្រឹងនូវភាពធន់ ក៍ដូចជាការបង្កើតឱ្យមានភាពសំបូរបែបនៃផលិតផលទេសចរណ៍ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរដែលមានស្រាប់នៅក្នុងស្រុក ដើម្បីឱ្យពួកគេធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស។

​លោកបណ្ឌិត ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា(PATA)  បានទទួលស្គាល់ថា បញ្ហាភូមិសាស្រ្តនយោបាយដែលកំពុងកើតមានឡើងយ៉ាងក្តៅគគុកនេះ អាចធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានការប្រែប្រួលគ្រប់ពេលវេលា ដោយមិនមានអ្នកណាម្នាក់ប៉ាន់ស្មានដឹងឡើយថា នៅពេលខាមុខដ៏ខ្លីនេះនឹងមានអ្វីកើតឡើងឱ្យប្រាកដ។

លោកថា ការព្យាករណ៍របស់ក្រសួង ធ្វើឡើងនៅមុនពេលសង្គ្រាមនៅអ៊ីរ៉ង់ផ្ទុះ ដូច្នេះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិអាចនឹងមានការប្រែប្រួលដោយជៀសមិនផុតនោះឡើ។

លោកបណ្ឌិតបញ្ជាក់ថា ៖

«ទាំងអស់ហ្នុង ការព្យាករណ៍របស់ក្រសួង គឺព្យាករណ៍មុនពេលដែលវាកើតរឿងឡើង (សង្ក្រាមអ៊ីរ៉ង) ក៍ប៉ុន្តែអ្វីដែលយើងត្រូវចាំផងដែរនោះថា បញ្ហា Scam នៅស្រុកខ្មែរនេះ នៅតែជាស្រមោលអន្ទោលតាមប្រាណ»។

យ៉ាងណាក៏ដោយ ដើម្បីជំនួសផលប៉ះពាល់នេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ធ្វើយ៉ាងណាអាចទាក់ទាញភ្ញៀវទេស​ចរអ៊ឺរ៉ុប និងភ្ញៀវអន្តរជាតិផ្សេងទៀត ដែលកំពុងស្នាក់នៅមជ្ឈិមបូព៌ារយៈពេលវែង និងស្នាក់នៅអចិន្រ្តៃយ៍ ដើម្បីឱ្យពួកគេបង្វែគោលដៅមកស្នាក់នៅក្នុងប្រទេសកម្ពុជាជំនួសវិញ។

បើតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧លាននាក់ ធ្លាក់ចុះ ១៦% ធៀបនឹងឆ្នាំ២០២៤ ហើយទេសចរជាតិមានប្រមាណ ២៥លាននាក់ ខណៈចំណូលពីវិស័យនេះទទួលបានប្រមាណ ៣,៧ពាន់លានដុល្លារ កើនឡើង ៣% ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា