បរទេស៖ ប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr. បានបញ្ជាឱ្យមានការបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២០ ពាន់លានប៉េសូ (៣៣៣ លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់ពីវិបត្តិប្រេងដែលកំពុងកើតឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មានហ្វីលីពីន ABS CBN។
កាលពីថ្ងៃពុធ នាយកដ្ឋានគ្រប់គ្រងថវិកាជាតិរបស់ហ្វីលីពីន (DBM) អនុម័តលើការបញ្ជេញទឹកប្រាក់ចំនួន ២០ ពាន់លានប៉េសូ (៣៣៣ លានដុល្លារអាម៉េរិក) ទៅឱ្យដល់នាយកដ្ឋានថាមពល (DOE) ដើម្បីទិញប្រេងឥន្ធនៈបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានគ្រប់គ្រងថវិកាជាតិរបស់ហ្វីលីពីន លើកឡើងថា មូលនិធិ ២០ ពាន់លានប៉េសូនេះនឹងត្រូវប្រើប្រាស់ ដើម្បីទិញផលិតផលឥន្ធនៈ រួមមាន ប្រេងម៉ាស៊ូត ប្រេងសាំង និងឧស្ម័ន LPG ដើម្បីបង្កើនស្តុកឥន្ធនៈជាតិ ទប់ទល់នឹងការឡើងថ្លៃនៃតម្លៃ និងធានាដល់ប្រតិបត្តិការនានា ដូចជា ការដឹកជញ្ជូន និងកសិកម្ម។ ទឹកប្រាក់នេះ គឺបានមកពីមូលនិធិ Malampaya Gas Fund ដែលជាគណនីពិសេសរបស់រដ្ឋាភិបាលហ្វីលីពីន សម្រាប់គម្រោងឧស្ម័នទឹកជ្រៅ Malampaya ដែលមានចំនួនសរុបជិត ២០០ ពាន់លានដុល្លារ (៣,៣ ពាន់លានដុល្លារអាម៉េរិក)។
លេខាធិការថវិកាជាតិលោក Rolando Toledo លើកឡើងថា៖
“ចំណាត់ការនេះគឺសម្រាប់ការពារជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋហ្វីលីពីនគ្រប់រូប ចាប់តាំងពីអ្នកដឹកជញ្ជូន ដល់កសិករ ទាហានជួរមុខ និងប្រជាជនធម្មតារបស់យើង។ រាល់ប្រាក់ប៉េសូ ដែលយើងបានបញ្ជេញ គឺដើម្បីឱ្យចរន្តសេដ្ឋកិច្ចបន្តចលនាធម្មតា រក្សារំហូរទំនិញ និងរក្សាសេវាកម្មឱ្យដំណើរការ។”
កាលពីសប្តាហ៍មុន នាយកដ្ឋានថាមពលរបស់ហ្វីលីពីន (DOE) អនុញ្ញាតឱ្យមានការប្រើប្រាសផលិតផលប្រេងកម្រិតទាបបណ្តោះអាសន្ន (ជាធម្មតាត្រូវបានហាមឃាត់ដោយសារមានកម្រិតស្ពាន់ធ័រខ្ពស់) ដើម្បីការពារពីកង្វះខាតប្រេងឥន្ធនៈក្នុងប្រទេស។
កាលពីថ្ងៃអង្គារ DOE ប្រកាសពីការធានាដល់សាធារណជនថា ប្រទេសមានស្តុកប្រេងគ្រប់គ្រាន់ ខណៈដែលប្រធានាធិបតី Ferdinand Marcos Jr. អះអាងថា ហ្វីលីពីនកំពុងធ្វើការ ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីរូបនេះបានប្រកាសថា ប្រទេសកំពុងមានភាពអាសន្នថាមពល និងបញ្ជាឱ្យបញ្ចេញមូលនិធិសម្រាប់ដោះស្រាយអាសន្នថាមពល៕