បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

Advertisement

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ស្របពេលដែលរាជរាជរដ្ឋាភិបាលប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសាខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (ស.ម.អ.ស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដើរតួនាទីយ៉ាងសំខាន់ បង្កើនការផលិតក្នុងស្រុក ទាំងបរិមាណនិងគុណភាព ជំនួសឱ្យការនាំចូលពីបរទេស ធានាបាននូវនិរន្តរភាពនៃទំនិញក្នុងស្រុក ក្រោមទិសស្លោក “ខ្មែរធ្វើបាន” “ខ្មែរជួយខ្មែរ” និង “ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។

សម្តេចប្រធានរដ្ឋសភា បានថ្លែងដូច្នេះថា ៖

​​“អ្វីដែលជាមោទនភាពបំផុតនោះ គឺការឃើញឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។”

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្តដល់សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យបន្តដើរតួជាក្បាលម៉ាស៊ីនក្នុងការរុញច្រានការបណ្តុះបណ្តាលផ្នែកនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មិនត្រឹមតែជាអ្នកការពារផលប្រយោជន៍សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “អ្នកលើកកម្ពស់មោទនភាពផលិតផលខ្មែរ” លើឆាកអន្តរជាតិ ដែលសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់ត្រូវបន្ត ពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

សូមជម្រាបជូនថា ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសា។ ឆ្នាំ២០២៦នេះ ជាខួបលើកទី៩ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបការលំបាក ពីសង្គ្រាមឈ្លានពានរបស់បរទេស ក៏ដូចជាការផ្ទុះសង្គ្រាមនៅគ្រប់ជ្រុងនៃពិភពលោកដូចពេលបច្ចុប្បន្ននេះ បង្កើតវិបត្តិកាន់តែច្រើនឡើង ជាពិសេសវិបត្តិថាមពល ដែលជាវិបត្តិមួយដ៏ធ្ងន់ធ្ងរសម្រាប់សកលលោកទាំងមូល។ ទំាងអស់នេះជាឧបសគ្គដ៏ធំមួយដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ផងដែរ។ ប៉ុន្តែឆ្លងកាត់ការលំបាកនេះ យើងត្រូវចេះប្រើប្រាស់ឱកាសនេះ ជាការពង្រឹងការផលិត បង្កើនសន្តិសុខសេដ្ឋកិច្ចរបស់ជាតិឱ្យខ្លាំង និងធន់។

សម្តេចបានសង្កត់ធ្ងន់ថា ការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាការចាំបាច់បំផុត ក្នុងការកសាងសន្តិសុខសេដ្ឋកិច្ច និងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ អ្វីដែលជាមោទនភាពបំផុតនោះ គឺនៅពេលនេះ ឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា៖

“នេះមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាដាស់តឿនឱ្យយើងត្រូវរួមគ្នាពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារ ដែលនឹងអាចប្រកួតប្រជែងដោយសមធម៌ នៅលើឆាកតំបន់ និងអន្តរជាតិ។”

ឧកញ៉ា តែ តាំងប៉ បានថ្លែងប្រាប់បណ្តាញ AMS ថា សហគ្រាសធុនតូចនិងមធ្យម(SME) កម្ពុជា “មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញ” ក្នុងការប្រកួតប្រជែងលើគុណភាព និងការនាំចេញជាសកលនៅឡើយទេ បើធៀបនឹងប្រទេសជិតខាងដូចជា ថៃ ឬវៀតណាម។

លោកឧកញ៉ា បានថ្លែងដូច្នេះថា៖

“ចំណុចខ្លាំង យើងមានវត្ថុធាតុដើមល្អ (កសិផល) និងផលិតផលដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់បែបវប្បធម៌។ តែបញ្ហាប្រឈមគឺ តម្លៃដើមនៃផលិតកម្មនៅខ្ពស់ (អគ្គិសនី និងដឹកជញ្ជូន) បច្ចេកទេសវេចខ្ចប់នៅមានកម្រិត និងការទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអន្តរជាតិ (ISO, HACCP) នៅមានតិចតួច។”

ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា យុទ្ធសាស្ត្រដែលប្រសើរបំផុតគឺ “ការពង្រឹងក្នុងស្រុក ដើម្បីជាគ្រឹះនៃការនាំចេញ”។ លោកឧកញ៉ា បានបន្តថា បច្ចុប្បន្ន មានការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាល តាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលផ្តល់កម្ចីការប្រាក់ទាប និង សហគ្រិនខ្មែរ (Khmer Enterprise) ដែលផ្តល់ការបណ្តុះបណ្តាល និងថវិកាជំនួយ។

លោកឧកញ៉ាបានឱ្យដឹងថា ផ្អែកតាមទិន្នន័យផ្លូវការនិងការប៉ាន់ស្មានចុងក្រោយ  SMEs នៅកម្ពុជាមានប្រមាណ៧០ម៉ឺនមូលដ្ឋាន៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា