អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា តម្លៃរថយន្តអគ្គិសនីនឹងអាចធ្លាក់ចុះមួយកម្រិត ក្រោយពីរដ្ឋាភិបាលរដ្ឋាភិបាលប្រកាសបញ្ចុះពន្ឋនាំចូល ពី ៣៥ ភាគរយ មកដល់ ០ ភាគរយ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦។

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា តម្លៃរថយន្តអគ្គិសនីនឹងអាចធ្លាក់ចុះមួយកម្រិត ក្រោយពីរដ្ឋាភិបាលរដ្ឋាភិបាលប្រកាសបញ្ចុះពន្ឋនាំចូល ពី ៣៥ ភាគរយ មកដល់ ០ ភាគរយ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦។
បើតាមសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលអត្រាពន្ឋគយ និងអត្រាអាករនាំចេញលើមុខទំនិញ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃសៅ ចុងខែមីនា ឆ្នាំ ២០២៦ បានសម្រេចបញ្ចុះអត្រាពន្ឋនាំចូលពី ៣៥ ភាគរយ មក ៧ ភាគរយ លើមុខទំនិញរថយន្តលក្ខណៈគ្រួសារអគ្គិសនីលាយសាំង (PHEV) នឹងបញ្ចុះអត្រាពន្ឋនាំចូលពី ៣៥% មក ០% សម្រាប់រថយន្តអគ្គសនីលក្ខណៈគ្រួសារ (EV) ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ នេះទៅ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ស្របពេលដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅលើទីផ្សារ បានធ្វើឱ្យពលរដ្ឋមួយចំនួន មានទំនោរងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ស្របពេលនេះដែរឈ្មួញខិលខូចមួយចំនួន ក៍បានឆ្លៀតតម្លើងថ្លៃលក់រថយន្តអគ្គិសនីផងដែរ។
លោកបណ្ឌិត បានថ្លែងថា ការប្រកាសបញ្ចុះអត្រាពន្ឋនាំចូល នឹងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីធ្លាក់ថ្លៃបានមួយកម្រិត ដែលជាគោលការណ៍លើកទឹកចិត្តដល់ពលរដ្ឋ ប្រើប្រាស់រថយន្តអគ្គិសនីដោយសន្សំសំចៃ និងចូលរួមថែរក្សាបរិស្ថាន។
លោកបណ្ឌិត បានលើកឡើងថា៖
“នេះជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់ជាមួយការឡើងថ្លៃប្រេងផង ការលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនផង និងដើម្បីបរិស្ថានផង ហើយរួមចំណែកទប់កុំឱ្យរថយន្តអគ្គសិនីឡើងថ្លៃខ្ពស់ ដោយសារអ្នកលក់រថយន្តអគ្គិសនីឆ្លៀតឱកាសតម្លើងថ្លៃកាន់តែខ្ពស់ ដើម្បីកេងយកផលចំណេញ។”
បច្ចុប្បន្នរថយន្តអគ្គិសនីថ្មី (ខ្លាញ់គោ) លក្ខណៈគ្រួសារ លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានតម្លៃមធ្យមចន្លោះពីជាង ១៩,០០០ ដុល្លារ រហូតដល់ជាង ២៥,០០០ដុល្លារ ឬថ្លៃជាងនេះ ទៅភាពប្រណីត និងគុណភាពរបស់រថយន្ត។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានឱ្យដឹងថា សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានថ្លែងដូច្នេះ ៖
“ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។”
ទន្ទឹមនេះ កម្ពុជាមានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ឆ្នាំ ២០២៤-២០២៣០ របស់រដ្ឋាភិបាល ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ។
យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។
ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨គ្រឿង (រថយន្ត ៨៨៩គ្រឿង) ខណៈដែលពេញមួយខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨គ្រឿង (រថយន្ត ៤០៩គ្រឿ) ខណៈដែលនិន្នាការនេះមានការកើនឡើងជាបន្តបន្ទាប់។ យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្តនិងរថយន្ត៕
