ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាមានផែនការសាងសង់ស្ពានចំនួន២ខ្សែដើម្បីតភ្ជាប់ពីទឹកដីនៃរាជធានីភ្នំពេញ ទៅកាន់ទឹកដីអរិយក្សត្រ ដោយស្ពានមួយខ្សែតភ្ជាប់ពីផ្សាររាត្រីមាត់ទន្លេរាជធានីភ្នំពេញ ទៅកាន់ជ្រោយចង្វាររួចបន្តទៅកាន់ក្រុងអរិយក្សត្រខេត្តកណ្ដាល និងស្ពានមួយខ្សែទៀត តភ្ជាប់ពីកោះនរា ខណ្ឌច្បារអំពៅ ទៅកាន់ក្រុងរណបមេគង្គឃី ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលតាមរយៈគម្រោងស្ពានទាំងពីរនេះ នឹងធ្វើឱ្យក្រុងថ្មីនៃខេត្តកណ្ដាលកាន់តែទាក់ទាញ និងជាឱកាសសម្រាប់អ្នកវិនិយោគ ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី១០ ខែកុម្ភៈ ២០២៦ ឱ្យដឹងថា គម្រោងសាងសង់ស្ពានចំនួន២ ទៅកាន់អរិយក្សត្រនេះទីមួយ ជាកម្ចីរបស់មិត្តកូរ៉េ និងមួយទៀតគឺជាគម្រោងរបស់ក្រុមហ៊ុន OCIC ដែលតភ្ជាប់ពីកោះនរាទៅក្រុងអរិយក្សត្រដោយផ្ទាល់ ដែលវាគឺជាគម្រោងឯកជន ប៉ុន្តែបើទោះបីជាគម្រោងឯកជនក៏ដោយ ក៏ត្រូវមានកិច្ចពិភាក្សា និងសិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដែរ ។

ឯកឧត្តមបន្តថា សម្រាប់គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផ្សារចាស់ អរិយក្សត្រ នៅតែបន្តទៅមុខដោយមិនមានការប្រែប្រួលទេ ហើយពេលនេះវាស្ថិតនៅក្នុងដំណាក់ដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល និងពលរដ្ឋអាស្រ័យផល ។ យន្តការដោះស្រាយផលប៉ះពាល់នេះ គឺត្រូវបានដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលវាជាការងាររបស់ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តមបន្ថែមថា ៖
«គម្រោងស្ពាននេះ គឺមានការគិតគូរវែងឆ្ងាយ មិនមែនសង់តែស្ពានហើយចប់នោះទេ គឺយើងបានគិតគូរដល់ផ្លូវតភ្ជាប់ពីតំបន់ផ្សេងៗ មកកាន់គម្រោងស្ពាន ជាពិសេសនៅត្រើយខាងកើត ដូចជា ល្វាឯម និងវិហារសួគ៌ជាដើម» ។
ជាការរំពឹងទុក តាមរយៈគម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រទាំងពីរខ្សែនេះ នឹងជំរុញឱ្យក្រុងអរិយក្សត្រ ក្លាយជាទីក្រុងថ្មីដ៏ទាក់ទាញមួយ ធ្វើឱ្យការធ្វើដំណើររបស់ពលរដ្ឋនៅភ្នំពេញ និងអរិយក្សត្រកាន់តែមានភាពងាយស្រួល ហើយរំពឹងថាកំណើនពលរដ្ឋនៅក្នុងក្រុងអរិយក្សត្រកើនឡើងកាន់តែច្រើន។
លោក ថាន ចាន់ណា អគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ចាន់ណា ឡែនដ៏ បានលើកឡើងថា ចាប់តាំងពីលេចឮព័ត៌មានគម្រោងសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ មានអ្នកអភិវឌ្ឍន៍ជាច្រើនចូលមកកាន់អរិយក្សត្រ និងវិហារសួគ៌ ហើយក្នុងរយៈពេល១ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ផ្លូវបេតុងបានច្រើនខ្សែ ធ្វើឱ្យតំបន់អរិយក្សត្រកាន់តែទាក់ទាញមនុស្សចូលមករស់នៅកាន់តែច្រើន ។ បន្ថែមពីលើនេះ នៅពេលមានដំណឹងថា នឹងមានគម្រោងសាង់ស្ពានមួយទៀតតភ្ជាប់ពីកោះនរា ទៅកាន់អរិយក្សត្រ បានធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់អរិយក្សត្រ ក៏ដូចជាអ្នកវិនិយោគនៅទីនោះ កាន់តែរីករាយ និងមានក្ដីសង្ឃឹមខ្លាំងបន្ថែមទៀត ។

លោកបានបន្តថា ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈនៃការឈ្លានពានរបស់ប្រទេសជិតខាង និងបញ្ហាសេដ្ឋកិច្ចសកលក្ដី តែរាជរដ្ឋាភិបាលកម្ពុជាមិនបានបន្ទច់បង្អាក់លើការអភិវឌ្ឍប្រទេសឡើយ ដោយទាំងផ្លូវល្បឿនលឿន ផ្លូវថ្នល់ ផ្លូវជាតិ និងគម្រោងជាច្រើនទៀតនៅតែដំណើរការជាធម្មតា ។
គួររម្លឹថា គិតត្រឹមឆ្នាំ២០២៦នេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានស្ពានឆ្លងទន្លេចំនួន៨ខ្សែហើយ ទាំងស្ពានកំពុងដំណើរការ និងកំពុងសាងសង់ ក្នុងនោះស្ពានដែលបានដាក់ឱ្យដំណើរការរួមមានស្ពានមុនីវង្សចាស់ ស្ពានមុនីវង្សថ្មី ស្ពានជ្រោយចង្វារចាស់ ( មិត្តភាពកម្ពុជា-ជប៉ុន ) ស្ពានជ្រោយចង្វារថ្មី ( មិត្តភាពកម្ពុជា-ចិន ) ស្ពានព្រែកព្នៅ ស្ពានឬស្សីកែវ និងស្ពានកោះពេជ្រ កោះនរា ។ ដោយឡែកស្ពានមួយខ្សែកំពុងសាងសង់គឺស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ៕






















