ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញបទអន្តរាគមន៍បន្ទាន់មួយដោយអះអាងថា កម្ពុជានៅមិនទាន់ខ្វះថាមពលឧស្ម័នហ្គាស(LPG)សម្រាប់ផ្គត់ផ្គង់លើទីផ្សារនោះទេ បើទោះបីក្រុមហ៊ុនសូគីមិច ប្រកាសផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាសបណ្តោះអាសន្ននៅពេលខាងមុខនេះក៏ដោយ។ ការចេញបទអន្តរាគមន៍ខាងលើនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន សូគីមិច បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់អំពីការសម្រេចផ្អាក់ផ្គត់ផ្គង់ឧស្ម័ន(LPG) របស់ខ្លួនជាបណ្តោះអាសន្ន ដោយអនុវត្តចាប់ពីដើមខែមេសា ខាងមុខនេះតទៅ។
ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងកើតមាននៅលើពិភពលោក ជាពិសេសស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តរហូតមកទល់បច្ចុប្បន្ន បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នហ្គាស(LPG) ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ រហូតមក ហើយមិនកំណត់បាន ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលឥន្ធនៈ និងឧស្ម័ន សូគីមិច បានសម្រេចជូនដំណឹងជាសាធារណៈថា ខ្លួនមិនអាចផ្គត់ផ្គង់ឧស្ម័ន (LGP) ដល់អតិថិជនតាមតម្រូវការទីផ្សារបានឡើយ ហើយក្រុមហ៊ុននឹងសម្រេចផ្អាកផ្តត់ផ្គង់ហ្គាស (LPG) ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា ២០២៦ ខាងមុខតទៅ។
ឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនខាងលើ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជម្រាបជូនដល់ពលរដ្ឋកុំឱ្យមានភាពស្លន់ស្លោរទៅនឹងសេចក្ដិប្រកាសផ្អាកការផ្កត់ផ្គង់ឧស្ម័នហ្គាស(LPG) របស់ក្រុមហ៊ុនខាងលើនេះថា ក្រុមហ៊ុន សូគីមិច ផ្គត់ផ្គត់ទីផ្សារឧស្ម័ន LPG នៅកម្ពុជាមានតែប្រមាណត្រឹម ៣% ប៉ុណ្នោះក្នុងទីផ្សារសរុប ដូច្នេះវានៅតែគ្មានបញ្ហានោះទេ ខណៈដែលកម្ពុជានៅមានក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនទៀតបន្តដំណើរការ។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ៖
«មានន័យថា បើសិនជាក្រុមហ៊ុនសូគីមិចមិនអាចផ្គត់ផ្គង់ចាប់ពីខែ០១ ខេមេសា តទៅ យើងក៍នៅតែមានប្រភពមួយចំនួនធំទៀត ដែលអាចផ្គត់ផ្គង់ជូនប្រទេសយើងបាន ដូច្នេះ សូមបងប្អូនកុំទាន់អាលព្រួយបារម្ភ ភ័យស្លន់ស្លោរ នៅក្នុងរឿងនេះ»។
ថ្លែងប្រាប់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងថា បន្ទាប់ពីចិន និងវៀតណាម រឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់ចុងខែមីនា ឆ្នាំ២០២៦ កម្ពុជាបាន និងកំពុងស្វះស្វែងរកទិញប្រេងឥន្ធនៈ និងឧស្ម័ន LPG ពីសឹង្ហបុរី រួមទាំងម៉ាឡេស៊ីបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពការផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេសឱ្យគ្រប់ទៅតាមតម្រូវការប្រើប្រាស់។
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ក្រោយពីការផ្ទះសង្គ្រាមនៅមជ្ឈិមបូព៌ា បង្កឱ្យកើនឡើងនូវតម្លៃប្រេងឥន្ធនៈជាសកល ហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ វិធានការទាំងនោះមានដូចជា បញ្ចុះពន្ថអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មក ៤% ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន៦%។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានចំណាយថវិកាប្រមាណ ១ ២៥៩ លានដុល្លារសម្រាប់នាំចូលប្រេងម៉ាស៊ូត(D.O) និងថវិកាប្រមាណ ៨៤០លានដុល្លារសម្រាប់នាំចូលប្រេងសាំង(E.A) មកពីក្រៅប្រទេស៕