ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាពន្ធដារកម្ពុជា ២០២៦ «ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។ វេទិកានេះត្រូវបានរៀបចំទ្បើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ស្តីពីវិនិយោគ និងការវិនិយោគនៅកម្ពុជា និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាអំពីការគាំទ្រដល់ភាពរីកចម្រើនរបស់វិស័យឯកជនក្នុងថ្ងៃទី២ នៃវេទិកានេះ។

ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងនូវក្របខណ្ឌច្បាប់ស្តីពីវិនិយោគដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១ និងអនុក្រឹត្យនៃការអនុវត្តច្បាប់នេះដែលមានភាពបើកចំហ និងគ្រប់ជ្រុងជ្រោយ ដែលការណ៍នេះបានធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផល។
ឯកឧត្តមបានបញ្ជាក់ថា៖ ជាការកត់សម្គាល់ ការរួមផ្សំនៃកត្តាទាំងនេះបានធ្វើឱ្យការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពកើនទ្បើងយ៉ាងគំហុក។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើងពីការលេចចេញនូវកន្សោមឧស្សាហកម្មមួយចំនួន ដូចជា កន្សោមឧស្សាហកម្មផ្គុំដំទ្បើងរថយន្ត, ផលិតសំបកកង់រថយន្ត, ផ្គុំដំទ្បើងកង់ និងគ្រឿងបង្គុំកង់…។ល។ បន្ថែមលើនេះ ឯកឧត្តម ក៏បានលើកឡើងពីសក្តានុពលនៃឧស្សាហកម្មឈើដាំដែលនឹងមានតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់ជាធាតុចូលផលិតកម្មនៃការផលិតគ្រឿងសង្ហារិម បន្ទះក្តារវ៉ែនី និងក្តារប្លាកេដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។
យ៉ាងណាក៏ដោយ ឯកឧត្តមអគ្គលេខាធិការក៏បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងកំណើននៃការវិនិយោគយ៉ាងគំហុកនេះក៏មានបញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនដែលទាមទារឱ្យមានការសម្របសម្រួលស្វែងរកដំណោះស្រាយ និងការចូលរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការថែទាំវិនិយោគ, បង្កើនទំនុកចិត្តបន្ថែមពីសំណាក់សហគមន៍វិនិយោគ និងលើកកម្ពស់បរិយាកាសវិនិយោគ ក៏ដូចជាភាពប្រកួតប្រជែងរបស់កម្ពុជា៕

























