បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ ។​

Advertisement

​លោក ​ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ INVA Real Estate បានថ្លែ​ងប្រាប់​បណ្ដាញ AMS ឱ្យដឹងថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋ​កាន់តែច្រើន​បានងាកទៅរស់នៅ​ផ្ទះក្នុង​បុរីកាន់តែច្រើន ដែលជំរុញឱ្យអ្នកអភិវឌ្ឍលំនៅឋាន​លក្ខណៈជា​បុរី​ ​ពង្រីក​ការសាងសង់បន្ថែមកាន់តែច្រើន​ (លំនៅឋានតម្លៃសមរម្យ) ជាពិសេស សកម្មភាព​អភិវឌ្ឍន៍​​នៅតាមតំបន់ជាយក្រុង​កាន់តែរីក​ចម្រើនយ៉ាងឆាប់រហ័ស ។

លោក​បន្ត​ថា ការ​រស់នៅផ្ទះក្នុង​បុរី គឺផ្ដល់ភាពកក់​ក្ដៅ​ ព្រោះជាទូទៅ នៅក្នុងគម្រោងបុរីមួយតែងរៀបចំ​ឱ្យសេវា​សន្តិសុខ សេវា​អនាម័យ​ បើទោះបីជាម្ចាស់ផ្ទះមានធុរចេញទៅខេត្ត ​ឬទៅក្រៅប្រទេស​ក៏អាច​ធានា​សុវត្ថិភាពផ្ទះរបស់ខ្លួន​បានខ្ពស់ ខុសពីការរស់នៅផ្ទះខាង​ក្រៅបុរី​ដែលមានហានិភ័យ​។ ម្យ៉ាងទៀត ការទិញ​ផ្ទះក្នុងបុរី​ក៏បានផ្ដល់ភាពងាយស្រួល​ដល់​ពលរដ្ឋដែរ ដោយបុរីខ្លះបានសហការជាមួយធនាគារ អាច​បង់រំលស់​ជាមួយធនាគារ ក្នុងរយៈពេលយូរជាមួយការ​ប្រាក់ទាប ហើយបុរីខ្លះទៀត​ក៏អនុញ្ញាតឱ្យអតិថិជន​បង់ប្រាក់ក្នុងរយៈពេលណា​មួយដោយមិនអស់ការ​ប្រាក់ផងដែរ ។

លោកថា​៖

« អ្វីដែលពិសេសនោះ មាន​បុរីមួយចំនួន​បានផ្ដល់លក្ខខណ្ឌ​ងាយស្រួល និងមានជម្រើស ដែលធ្វើឱ្យពលរដ្ឋ​រឹតតែចង់ទិញ នោះគឺវិធីសាស្ត្រមួយដែលបុរីជាអ្នកទិញចូល​វិញ នៅពេលអតិថិជនអស់លទ្ធភាពបង់​រំលស់បន្ត » ។​

លោក ចេង ​វុទ្ធី បានបន្ថែមថា អត្ថ​ប្រយោជន៍​នៃការ​អភិវឌ្ឍ​លំនៅឋានជា​បុរី​​ បានជំរុញឱ្យមានការ​អភិវឌ្ឍ​នៅតំបន់ជាយក្រុង​ ពីព្រោះបុរីលំនៅឋានត្រូវការដីធំៗ ដូច្នេះ បើសិនជា​ចង់បានដីធំក្នុងតម្លៃទាប ត្រូវ​ងាកទៅរក​តំបន់ជាយក្រុង ។ នៅពេល​ក្រុមហ៊ុនអភិវឌ្ឍ​លំនៅឋាន​ទៅសាងសង់ផ្ទះនៅតំបន់ណាមួយ​ នោះការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវតែដើរទន្ទឹមដែរ​ ដូចជា ​ផ្លូវ ភ្លើង​ និងប្រព័ន្ធទឹកស្អាត ដូច្នេះហើយទើបគេមើលឃើញថា នៅពេល​ដែលមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទៅ​ដល់ទីណា​ច្រើន ទីនោះ​នឹង​មានភាពរីកចម្រើន ។​

លោកអ្នកឧកញ៉ា​ លី ហួរ ប្រធានសមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ធ្លាប់មានប្រសាសន៍ថា​ ការ​អភិវឌ្ឍលំនៅឋាន ជាពិសេស​ពិសេស​បុរី បានកែប្រែតំបន់ដែលធ្លាប់តែជាវាលស្រែទៅតំបន់​លំនៅឋាន និងជាទីក្រុង​ដ៏ស្រស់ស្អាត​ ជាក់ស្ដែង ​តំបន់ជាយក្រុង​មួយចំនួនដែលពីមុន​គឺជាវាលស្រែ បានប្រែក្លាយទៅជា​លំនៅឋានរបស់ពលរដ្ឋ​ដែលមានមនុស្ស​រស់នៅអ៊ូអរ​ ហើយជា​បន្តបន្ទាប់ តំបន់នោះ​នឹង​មានការអភិវឌ្ឍ​ជា​ផ្សារ ឬផ្សារទំនើបផ្សេងៗ ដើម្បីបំពេញ​តម្រូវការ​របស់​មនុស្ស ។ 

អ្នកស្រី អាន សុធីតា អគ្គនាយិកា​ក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ប្រាប់ AMS Economy ថា​ ក្នុងអំឡុងពេល​ដែល​សេដ្ឋកិច្ច​កំពុង​មានបញ្ហប្រឈម ការទិញអចលនទ្រព្យ​ ក៏ដូចជាទិញលំនៅឋាន​​មានការថមថយ ដោយ​អ្នកទិញគឺផ្ដោតតែលើ​តម្រូវការជាក់ស្ដែង ពោលគឺទិញដើម្បីស្នាក់នៅ​ ខុសពីមុនឆ្នាំ២០២០ ដែលមានអ្នកទិញ​ផ្ទះ ​ទិញដីច្រើន ប៉ុន្តែទិញដើម្បីវិនិយោគ គឺទិញដើម្បីទុកលក់​យកចំណេញ ។​

អ្នកស្រីបន្តថា បច្ចុប្បន្ន​ការអភិវឌ្ឍ​លំនៅឋាន​ មិនថា​ផ្ទះជាប់ដី ក្នុង​បុរី ឬខុនដូ អ្នកអភិវឌ្ឍន៍ត្រូវ​ផ្ដោតលើ​លំនៅឋានដែលជា​តម្រូវការ​របស់ពលរដ្ឋ​ ជាប្រភេទលំនៅឋានដែលតម្លៃ​សមរម្យ និងតម្លៃមធ្យម ហើយគួរផ្ដល់លក្ខខណ្ឌងាយស្រួល​សម្រាប់អ្នកទិញ​ ដូចជា​ផ្ ដល់ការ​បង់រំជាមួយបុរីផ្ទាល់ ឬសហការ​ជាមួយធនាគារ ។

យោងតាមរបាយការណ៍​របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹម​ចុងឆ្នាំ២០២៥ កន្លងទៅ គម្រោង​បុរីលំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មានលក្ខណៈជា​បុរី​នៅក្នុង​ប្រទេស​កម្ពុជាសរុប​មានចំនួន ៦៩៨គម្រោង ហើយរាជធានីភ្នំពេញជា​តំបន់​ដែល​មានការអភិវឌ្ឍលំនៅឋានជា​បុរីច្រើនជាង​គេ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា