ភ្នំពេញ ៖ ប្រជាពលរដ្ឋ ម្ចាស់សហគ្រាស ម្ចាស់កសិដ្ឋាន បានចាប់ផ្ដើមងាកមកប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យនេះ បានសន្សំសំចៃថាមពលអគ្គិសនីដែលតពីបណ្ដាញជាតិបានមួយកម្រិត ជាពិសេសចំណេញដល់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។
លោក គង់ ផារឹទ្ធ ស្ថាបនិកនិងជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផ្ដល់សេវាកម្មសូឡា I.M.B (Cambodia ) Group Plc បានមានប្រសាសន៍ថា ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ការប្រើប្រាស់អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលយើងហៅថាសូឡា ពិតជាមានកំណើនខ្ពស់ខ្លាំង ពីព្រោះថាការប្រើប្រាស់ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ បានកាត់បន្ថយការចំណាយមួយកម្រិត ជាពិសេសនៅតាមសហគ្រាស និងកសិកដ្ឋាននានាដែលត្រូវថាមពលអគ្គិសនីច្រើន។
លោកបានបន្តថា ក្នុងរយៈពេលជាង ២០ ឆ្នាំ ដែលក្រុមហ៊ុនបានចាប់ផ្ដើមផ្ដល់សេវាកម្មសូឡាដល់ប្រជាពលរដ្ឋកម្ពុជា បានកត់សម្គាល់ឃើញថា មានការគាំទ្រ និងមានអ្នកប្រើប្រាស់ច្រើន ជាពិសេសម្ចាស់កសិដ្ឋាននិងសហគ្រាសតាមបណ្ដាខេត្ត ។ ការប្រើប្រាស់ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ គឺចំណាយតែម្ដង ប្រើបានរហូត ដោយមិនចាំបាច់ចំណាយប្រចាំខែទៀតនោះឡើយ ជាពិសេសក្នុងពេលប្រេងឥន្ធនៈ កំពុងឡើងថ្លៃ ក៏មិនបារម្ភដែរ ឱ្យតែមានពន្លឺនិងកម្ដៅព្រះអាទិត្យ គឺនៅតែអាចប្រើប្រាស់បានជានិច្ច។
លោក ផារឹទ្ធ បានបន្ថែមថា ចាប់តាំងពីមានជម្លោះនិងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ ជាពិសេសតម្លៃប្រេងម៉ាស៊ូតកើនឡើងខ្ពស់ ឃើញមានពលរដ្ឋដែលប្រើប្រាស់ម៉ាស៊ីនសម្រាប់ដំណើរការខ្សែច្រវាក់ផលិតកម្ម ដូចជាម៉ាស៊ីនភ្លើង ម៉ាស៊ីនបូមទឹក បានងាកមកការប្រើប្រាស់ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យវិញ ដែលធ្វើឱ្យមានកំណើនកាន់តែខ្ពស់បន្ថែមទៀត ។
លោកបាននិយាយថា៖
“ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ មិនត្រឹមតែកាត់បន្ថយការចំណាយលើថ្លៃប្រេងឥន្ធនៈ ថ្លៃអគ្គិសនីប៉ុណ្ណោះទេ តែថែមទាំងអាចចំណេញពេលវេលា ដោយអាចបញ្ជាបិទបើកពីចម្ងាយបាន ដោយមិនចាំបាច់ទៅដល់កន្លែងផ្ទាល់នោះទេ។”
លោក ញឹម សុខែម អ្នកចែកចាយអំពូលសូឡានៅក្នុងប្រទេសកម្ពុជាមួយរូប បានថ្លែងឱ្យដឹងថា ចាប់តាំងពីលោកបានបង្កើតអាជីវកម្មលក់និងផ្គត់ផ្គង់អំពូលសូឡា ឃើញថាមានការចាប់អារម្មណ៍ខ្លាំង និងបានងាកមកប្រើអំពូលសូឡាកាន់តែច្រើន មិនថានៅទីប្រជុំជនដែលមានអគ្គិសនីស្រាប់ ឬនៅទីជនបទដែលមិនមានទាន់អគ្គិសនីប្រើប្រាស់។
លោកបានបន្តថា កាលពីថ្មីៗនេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការកែសម្រួលអត្រាពន្ធគយ និងបញ្ចុះអត្រាអាករនាំចូលលើមុខទំនិញមួយចំនួន ក្នុងនោះឃើញថា គយបានបញ្ចុះអត្រាពន្ធនាំចូលលើទំនិញចង្កៀងសូឡាមកនៅសូន្យភាគរយ ដែលមានន័យថាមិនយកពន្ធ។ តាមរយៈការបញ្ចុះអត្រាពន្ធនាំចូលនេះ បានបង្ហាញឱ្យឃើញពីការគាំទ្ររបស់រដ្ឋាភិបាលនិងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់សូឡាឱ្យបានច្រើន ជំនួសឱ្យការប្រើប្រាស់ថាមពលអគ្គិសនី ពីបណ្ដាញជាតិ ឬអគ្គិសនីដែលប្រើប្រាស់ឥន្ធនៈ។
ទន្ទឹមនឹងនោះដែរការប្រើប្រាស់ថាមពលអគ្គិសនីដែលទាញពីពន្លឺព្រះអាទិត្យ ឬហៅថាសូឡា ក្នុងវិស័យកសិកម្មក៏កំពុងទទួលបានការគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធមួយទៀតដែរ ពីព្រោះថាការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនេះដែរ នឹងជួយឱ្យកសិករចំណាយតិចជាងមុនតែចំណេញបានច្រើន ព្រមទាំងអាចធានាបាននិរន្តរភាពថាមពល ។
លោក វ៉ា សំណាង ទីប្រឹក្សាបច្ចេកទេសនៃគម្រោងបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡានេះ នឹងអាចជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុបានមួយកម្រិតបន្ថែមទៀត ហើយក៏អាចធានាសុខសន្តិថាមពលបានមួយកម្រិតផងដែរ។
លោកបានបន្តថា ក្នុងពេលពិភពលោកកំពុងព្រួយបារម្ភពីឡើងថ្លៃនៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈនេះ ការប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នឹងអាចជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ជាពិសេសនៅក្នុងវិស័យកសិកម្ម ដូចជាម៉ូទ័របូមទឹកដើរដោយសូឡា បន្ទប់ត្រជាក់សម្រាប់ស្តុកបន្លែផ្លែឈើ ដែលប្រើពន្លឺព្រះអាទិត្យ និងឧបករណ៍ជាច្រើនទៀតដែលប្រើប្រាស់ថាមពលអគ្គិសនី។
អ្នកស្រី ទឹម គន្ធា កសិករនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា បច្ចុប្បន្ន អ្នកស្រីបាននិងកំពុងប្រើប្រាស់ម៉ូទ័របូមទឹកដោយប្រើភ្លើងអគ្គិសនីតពីបណ្ដាញជាតិ តែអ្នកស្រីនឹងផ្លាស់ប្តូរទៅប្រើប្រាស់ម៉ូទ័របូមទឹក ដោយពន្លឺព្រះអាទិត្យវិញ ក្នុងពេលឆាប់ៗនេះ ដោយសារតែអ្នកស្រីមិនចង់ចំណាយថ្លៃអគ្គិសនីដើម្បីបូមទឹកប្រចាំខែទៀតនោះទេ៕