បរទេស៖ អាម៉េរិក បានយល់ព្រមកាត់បន្ថយពន្ធគយពី ២០% មកនៅត្រឹម ១៩% លើការនាំចូលទំនិញពីប្រទេសបង់ក្លាដែស និងមិនគិតពន្ធលើសម្លៀកបំពាក់ និងទំនិញវាយនភណ្ឌមួយចំនួនទៀតតាមប្រភេទ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។
កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា អាម៉េរិកនឹងកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែស ដោយបន្ទាបពីអត្រា ២០% មកត្រឹម ១៩% ជាថ្នូរនឹងការបើកទីផ្សាររបស់ទីក្រុងដាកា (Dhaka) មកលើទំនិញរបស់ខ្លួនឱ្យធំទូលាយ។ លើសពីនេះ ការនាំចូលលើសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួនពីបង់ក្លាដេសដែលផលិតដោយវត្ថុធាតុដើមមកពីអាម៉េរិកនឹងមិនត្រូវបានគិតពន្ធនោះទេ។

សេតវិមានអាម៉េរិកបានលើកឡើងថា កិច្ចព្រមព្រៀងថ្មីនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ដែលផ្តល់ការអនុគ្រោះនៅក្នុងទីផ្សារមិនធ្លាប់មានពីមុនមក។ ទំនិញទាំងអស់រួមមានផលិតផលដែលផលិតពីកប្បាស និង ក្រណាត់របស់អាម៉េរិកជាដើម មិនត្រូវបានគិតពន្ធនោះទេ។ គួរឲ្យបញ្ជាក់ដែរថា វិស័យសម្លៀកបំពាក់មានចំណែកច្រើនជាង ៨០% នៃប្រាក់ចំណូលនាំចេញសរុបរបស់បង់ក្លាដែស ហើយបានផ្តល់ការងារដល់កម្លាំងពលកម្មប្រមាណ ៤ លាននាក់ ខណៈដែលឧស្សាហកម្មកាត់ដេរ គឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចបង់ក្លាដែស ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី២ របស់ពិភពលោកបន្ទាប់ពីប្រទេសចិន។
ជាថ្នូរនឹងគ្នា បង់ក្លាដែស នឹងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចូលសារធាតុគីមី បរិក្ខារពេទ្យ គ្រឿងបន្លាស់រថយន្ត ផលិតផលសណ្តែកសៀង និងសាច់ជាច្រើនទៀតពីអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុង Dhaka បានប្តេជ្ញារក្សាសិទ្ធិការងារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបង្កើនកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថានរបស់ខ្លួន។ ប្រទេសនេះក៏នឹងរក្សាកិច្ចព្រមព្រៀងរបស់ខ្លួនក្នុងការទិញផលិតផលកសិកម្ម យន្តហោះ និងថាមពលពីអាម៉េរិករាប់ពាន់លានដុល្លារផងដែរ។
សូមបញ្ជាក់ថា អត្រាពន្ធ ១៩% នេះ បានធ្វើឱ្យបង់ក្លាដែសមានកម្រិតប្រហាក់ប្រហែលនឹងឥណ្ឌា ដែលជាប្រទេសជិតខាង និងគូប្រជែងក្នុងតំបន់ដែលមានអត្រាពន្ធ ១៨%។ ប្រទេសអាស៊ីខាងត្បូងទាំងពីរនេះប្រកួតប្រជែងគ្នាលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញកសិកម្ម។ គួររំលឹកដែរថា កាលពីដំបូង ប្រធានាធិបតី Trump ដាក់ពន្ធ ២៥% លើការនាំចូលពីឥណ្ឌា និង ៣៧% លើការនាំចូលពីបង់ក្លាដេស៕






















