
បរទេស៖ ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥។ នេះយោងតាមការរាយការណ៍ពី Nikkei Asia។
សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងមានកំណើន ៦,៣ ភាគរយខ្ពស់ជាងគេនៅក្នុងអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ យ៉ាងណាមិញ ល្បឿននេះធ្លាក់ចុះពីកំណើន ៨,០២% ក្នុងឆ្នាំ ២០២៥។
លោក Aaditya Mattoo នាយកផ្នែកស្រាវជ្រាវអភិវឌ្ឍន៍នៅធនាគារពិភពលោក លើកឡើងថា ការរួមបញ្ចូលគ្នានៃភាពមិនប្រាកដប្រជានៃពន្ធគយ និងការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា នឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់សេដ្ឋកិច្ចដូចជាវៀតណាម ដែលពឹងផ្អែកខ្លាំងលើការនាំចេញ។ ការរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័នដោយសារតែការបិទច្រកសមុទ្រ Hormuz មិនមែនជាការតក់ស្លុតបណ្តោះអាសន្ននោះទេ ដោយសារការព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ហាក់មិនមានភាពច្បាស់លាស់។
វៀតណាម និងថៃទំនងជាទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយសារសង្រ្គាមអ៊ីរ៉ង់កំពុងបន្ថែមសម្ពាធទៅលើបញ្ហាពន្ធគយស្រាប់ពីអាម៉េរិក។
មិនត្រឹមតែប៉ុណ្ណោះ ប្រទេសថៃដែលទើបធូរស្រាលពីសង្គ្រាមជាមួយកម្ពុជា និងភាពចលាចលនយោបាយក្នុងស្រុកកាលពីឆ្នាំមុន ត្រូវបានគេព្យាករណ៍ថានឹងមានកំណើនយឺតមកត្រឹម ១,៣ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ដែលធ្លាក់ចុះពី ២,៤ ភាគរយក្នុងឆ្នាំ ២០២៥។
លើសពីនេះ សេដ្ឋកិច្ចហ្វីលីពីនដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងកំពុងប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់នោះ ត្រូវបានព្យាករណ៍ថានឹងមានកំណើនយឺតមកត្រឹម ៣,៧ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៤,៤ ភាគរយក្នុងឆ្នាំ ២០២៥។
ឥណ្ឌូណេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ត្រូវបានព្យាករណ៍ថាកំណើននឹងមានអត្រា ៤,៧ ភាគរយសម្រាប់ឆ្នាំនេះ ដែលធ្លាក់ចុះពីអត្រា ៥,១ ភាគរយកាលពីឆ្នាំមុន ខណៈដែលកំណើនសេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងមានអត្រា ៤,៤ ភាគរយធ្លាក់ចុះពីអត្រា ៥,២ ភាគរយក្នុងឆ្នៃ ២០២៥។
លោក Aaditya Mattoo លើកឡើងថា ប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ីនឹងទទួលបានកំណើននៃការវិនិយោគទាក់ទងនឹងបញ្ញាសិប្បនិមិត្ត (AI) សកល ប៉ុន្តែក៏ប្រឈមនឹងការខ្វះខាតផលិតភាពជាពិសេសផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI ផងដែរ។ តំបន់នេះមិនសូវមានឧបករណ៍គ្រប់គ្រាន់ និងជំនាញបច្ចេកទេសខ្លាំងគ្រប់គ្រាន់នោះទេ ខណៈដែលជំនាញមូលដ្ឋានក៏នៅខ្សោយដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌូនេស៊ីដែលជាប្រទេសសម្បូរធនធានអាចនឹងដាក់ការរឹតបន្តឹងលើការនាំចេញទំនិញសំខាន់ៗរបស់ខ្លួនបន្ថែមទៀត និងជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃរ៉ែរបស់ខ្លួនបន្ថែមទៀត។
លើសពីនេះ ប្រទេសភាគច្រើននៅក្នុងតំបន់នឹងឃើញមានកំណើនយឺតនៅឆ្នាំ ២០២៦ នេះរួមមាន ឡាវ ម៉ុងហ្គោលី ថៃ និងកម្ពុជា ក៏ដូចជាកោះប៉ាស៊ីហ្វិកផងដែរ ដែលមានសេដ្ឋកិច្ចងាយប្រឈមមុខខ្ពស់នឹងផលប៉ះពាល់ខ្ពស់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា។ ឥឡូវនេះ បញ្ហាប្រឈមរួមនៅក្នុងតំបន់អាស៊ីទាំងមូលមានដូចជា ការចំណាយខ្ពស់លើថាមពល, ការកើនឡើងថ្លៃនៃតម្លៃជីនិងអាហារ, តម្លៃដឹកជញ្ជូនឡើងថ្លៃ ដែលនឹងប៉ះពាល់ដល់ឧស្សាហកម្មបន្ទះឈីបបន្ថែមទៀត។
លោក Mattoo បន្ថែមថា ឥទ្ធិពលនៃសង្រ្គាមលើប្រទេសនីមួយៗនៅអាស៊ីប៉ាស៊ីហ្វិកអាស្រ័យលើកត្តា ដូចជា អតិផរណា ឱនភាពគណនីចរន្ត និងការខិតខំប្រឹងប្រែងរបស់អ្នកបង្កើតគោលនយោបាយដើម្បីធ្វើរក្សាតុល្យភាពទាំងក្នុងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ។ លោកបានណែនាំរដ្ឋាភិបាលឱ្យបង្កើតការគាំទ្រតាមគោលដៅបន្ថែមទៀតជាពិសេសសម្រាប់ពលរដ្ឋក្រីក្រ និងវណ្ណៈកណ្តាលដែលងាយរងគ្រោះជាងគេ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម។
យ៉ាងណាមិញ លោក Mattoo ព្យាករណ៍ថា ប្រទេសជាច្រើននៅតំបន់អាស៊ីទំនងជាស្ទុះងើបឡើងវិញនៅឆ្នាំ ២០២៧៕
