បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

បរទេស៖ អាម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើយោងតាមការរាយការណ៍ពី Oil Price។

Advertisement

ចាប់តាំងពីមានសង្រ្គាមនៅមជ្ឈិមបូព៌ាមក ពិភពលោកខាតបង់ការផ្គត់ផ្គង់ប្រេងជាង ១ ពាន់លានបារ៉ែលរួចទៅហើយ។ ការកើនឡើងនៃការផ្គត់ផ្គង់ប្រេងពីអាម៉េរិកខាងត្បូង ដោយសារអ្នកទិញស្វែករកការផ្គត់ផ្គង់ដែលមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីសង្រ្គាមរំខានដល់ការដឹកជញ្ជូនពីតំបនមជ្ឈិមបូព៌ា។

ការរួមបញ្ចូលគ្នានៃផលិតកម្មរបស់ប្រេស៊ីល ហ្គីយ៉ាណា និងវ៉េណេស៊ុយអេឡា បានធ្វើឱ្យអាម៉េរិកខាងត្បូងក្លាយជាអ្នករួមចំណែកដ៏ធំបំផុតនៃការផ្គត់ផ្គង់ប្រេងបន្ថែមនៅឆ្នាំនេះ។ ការនាំចេញប្រេងរបស់អាម៉េរិកខាងត្បូងបានកើនឡើងចំនួន ១៥៥ លានបារ៉ែលនៅចន្លោះខែមករា និងឧសភាធៀបនឹងឆ្នាំមុន ខណៈដែលសហរដ្ឋអាម៉េរិកនាំចេញ ១១២ លានបារ៉ែល។

យ៉ាងណាមិញ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសដែលមានកើនឡើងនៃការនាំចេញប្រេងច្រើនជាងគេ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រេស៊ីល៖ ការនាំចេញប្រេងរបស់ប្រេស៊ីលចាប់ផ្តើមកើនឡើងចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ប៉ុន្តែកើនឡើងបន្ថែមទៀតចាប់តាំងពីខែមីនា ជាពិសេស ការដឹកជញ្ជូនទៅចិនកើនឡើងទ្វេដង។ ការនាំចូលប្រេងឆៅប្រេស៊ីលកើនឡើងពី ១០ ភាគរយ ក្នុងខែមករាដល់ ១៨ ភាគរយ ក្នុងខែមេសានៃការនាំចូលប្រេងឆៅសរុបរបស់ចិន។

នៅក្នុងខែមេសា ចិននាំចូលប្រេងឆៅពីប្រេស៊ីល ១,៤៣ លានបារ៉ែលក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ការនាំចេញប្រេងឆៅសរុបរបស់ប្រេស៊ីលធ្លាក់ចុះក្នុងខែឧសភា ដោយសារក្រុមហ៊ុនប្រេងរដ្ឋ Petrobrasចង់ជំរុញបរិមាណចម្រាញ់ក្នុងស្រុក ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុកគ្រប់គ្រាន់។

ហ្គីយ៉ាណា៖ ហ្គីយ៉ាណាក្លាយជាអ្នកនាំចេញប្រេងដែលរីកលូតលាស់លឿនបំផុតមួយក្នុងរយៈពេលត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ ដែលមានសមត្ថភាពផលិតជិត ១ លានបារ៉ែលក្នុងមួយថ្ងៃ។ ឥឡូវនេះ ហ្គីយ៉ាណាត្រៀមបង្កើនប្រាក់ចំណូលប្រេង និងទីតាំងរបស់ខ្លួននៅលើផែនទីប្រេងពិភពលោក ខណៈដែលអ្នកទិញកំពុងប្រជែងគ្នាយកប្រេងក្រៅពីតំបន់មជ្ឈិមបូព៌ា។

គេព្យាករណ៍ថា សមត្ថភាពផលិតរបស់ហ្គីយ៉ាណានឹងឈានដល់ ១,៧ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០៣០។ មិនត្រឹមតែប៉ុណ្ណោះ ហ្គីយ៉ាណាអាចទទួលបានអត្ថប្រយោជន៍ដ៏ធំពីភាពចលាចលនៅក្នុងទីផ្សារថាមពលអន្តរជាតិបច្ចុប្បន្ន ហើយអត្ថប្រយោជន៍មួយចំនួនអាចសំខាន់ជាងលុយទៅទៀត។

វេណេស៊ុយអេឡា៖​ វេណេស៊ុយអេឡាកំពុងបង្កើនទិន្នផលរបស់ខ្លួន បន្ទាប់ពីផលិតកម្មដួលរលំជាង ៦ ឆ្នាំ ដោយសារការរងទណ្ឌកម្មពីអាម៉េរិកក្នុងឆ្នាំ ២០១៩។ ក្នុងរយៈពេលពីរខែកន្លងមកនេះ វ៉េណេស៊ុយអេឡាបានជំរុញការនាំចេញប្រេងរបស់ខ្លួនដល់កម្រិតខ្ពស់រយៈពេលប្រាំពីរឆ្នាំ ហើយគ្រោងនឹងបង្កើនការនាំចេញបន្ថែមទៀត ដោយសារការលក់ត្រូវបានគ្រប់គ្រងដោយអាម៉េរិក និងការត្រឡប់មកវិញរបស់ក្រុមហ៊ុនអន្តរជាតិបានជួយលើកស្ទួយផលិតកម្មប្រេងរបស់ប្រទេសនេះ។

លើសពីនេះ អាម៉េរិកបានបន្ធូរបន្ថយទណ្ឌកម្មលើឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា និងក្រុមហ៊ុនប្រេងរដ្ឋ PDVSA ដែលអនុញ្ញាតឱ្យក្រុមហ៊ុនលោកខាងលិចត្រឡប់ទៅប្រតិបត្តិការវេណេស៊ុយអេឡាវិញ និងបានលើកទឹកចិត្តក្រុមហ៊ុនអាម៉េរិកឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងផលិតកម្ម និងនាំចេញ។

ទិន្នផលរបស់វេណេហ្ស៊ុយអេឡាកំពុងស្ទុះងើបឡើងវិញដោយកំណត់គោលដៅដល់ ១,៣ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៦ នេះ។ ការចេញអាជ្ញាប័ណ្ណថ្មីៗអាចនឹងជំរុញទិន្នផលប្រេងរបស់វេណេស៊ុយអេឡាបន្ថែមទៀតឆ្ពោះទៅ ១,៥ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៧៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា