បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម -ឡាវ បន្តលើកកម្ពស់កិច្ច​សហប្រតិបត្តិការ និង​ជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

កម្ពុជា-វៀតណាម -ឡាវ បន្តលើកកម្ពស់កិច្ច​សហប្រតិបត្តិការ និង​ជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា -​វៀតណាម​- ឡាវ ក្នុងជំនួបកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានសង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​៣ សម្រាប់​កិច្ចអភិវឌ្ឍន៍ ​ការ​រក្សា​សន្តិភាព ស្ថិរ​ភាព​ក្នុង​តំបន់​ រួមទាំងកិច្ចឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំង៣ ឱ្យកើនឡើងទ្វេដង ជាមួយនឹងការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅមួយ» ដើម្បីជំរុញប្រទេសទាំង៣ ឱ្យក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរនៃប្រទេសទាំង៣ និងប្រទេសផ្សេងៗទៀតជុំវិញពិភពលោក។

ភាគីនៃប្រទេសទាំង៣ ក៏បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពប្រឆាំងរបស់ពួកអមិត្ត ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដូចជា ជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗនៅតាមតំបន់ព្រំដែន។

បន្ថែមពីនេះ ក៏មានកិច្ចពិភាក្សាលើការជំរុញដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយនូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាបន្តភាពជិតស្និទ្ធជួយគ្នាទៅវិញទៅមក ក្នុងវេទិកាមហាអនុតំបន់ទន្លេមេគង្គ តំបន់ និងអន្តរជាតិ ព្រមទាំងប្តេជ្ញាការពារសាមគ្គីភាព មជ្ឈភាពអាស៊ាន និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ភាគីកម្ពុជា បានថ្លែងអំណរគុណដល់មិត្តវៀតណាម និងមិត្តឡាវ ដែលបានចូលរួមជាមួយសមាជិកអាស៊ានដទៃទៀត គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានចូលរួមចំណែកដល់បេសកកម្មក្រុមសង្កេតការណ៍អាស៊ាន ដើម្បីជួយធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

សម្តេច​មហាបវរ​ធិ​បតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ប្រទេស​ទាំង៣ ​បន្ត​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន ​និង​ប្រជាជន និង​កា​រត​ភ្ជាប់​កាន់តែ​ទូលំទូលាយ តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ដឹក​ជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។​ល​។ និងជំរុញ​ក្រុមការងារ​បច្ចេកទេសព​ន្លឿ​ន​ការ​កំណត់​ទីតាំង​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត និង​ផ្លូវ​ល្បឿន​លឿន​ហូ​ជី​មិ​ញ​-​ម៉ុ​កបាយ​កម្ពុជា-វៀតណាម។

ដោយឡែក ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ ក៏បានពិភាក្សាអំពីការពន្លឿនតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសទី៣ ដោយឆ្លងកាត់ប្រទេសឡាវ ចំណែកឯប្រទេសឡាវក៏អាចចាត់ទុកកម្ពុជាជាច្រកផ្លូវដឹកជញ្ជូនទំនិញពីប្រទសឡាវ ទៅកាន់ទីផ្សារអន្តរជាតិ ដោយឆ្លងកាត់កម្ពុជា និងប្រើប្រាស់ផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេសដែលមានការតភ្ជាប់ (land-linked)។

សម្តេច​​ធិ​បតី​ ក៏បាន​កត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង៣ នា​ពេល​កន្លង​មក និង​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន ដើម្បី​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដើម្បី​​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​៧០០​លាន​ដុល្លារ​អា​ម៉េ​រិ​ក នៅ​ឆ្នាំ​២០៣០ ជា​មួយ​ប្រ​ទេស​ឡាវ និង​ទំហំ​ពាណិជ្ជកម្ម​២០​ពាន់​លាន​ដុល្លារ​អា​ម៉េរិ​ក ជាមួយ​ប្រទេស​វៀតណាម នា​ពេល​ខាង​មុខ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា