ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។
សំណើរបង្កើនកម្លាំងនាវាចម្បាំងសម្រាប់កងទ័ពជើងទឹកនេះ គឺជាផ្នែកមួយនៃផែនការថវិកាជាតិសម្រាប់វិស័យការពារជាតិ ដែលរដ្ឋបាលលោក Trump បានធ្វើការស្នើសុំក្នុងចំនួនសរុបដល់ទៅ ១៥០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៧។
យោងតាមការចេញផ្សាយរបស់កាសែត Defense News ដែលបានដកស្រង់ចេញពីរបាយការណ៍វិភាគនៃកញ្ចប់ថវិការបស់សេតវិមាន មើលឃើញដែរថា ក្នុងនោះទឹកប្រាក់ប្រមាណជា ៦៥,៨ ពាន់លានដុល្លារ គឺនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់នាវាចម្បាំងទំនើប ១៨ គ្រឿង និងនាវាមិនសម្រាប់ចម្បាំងចំនួន ១៦ គ្រឿង។
របាយការណ៍ដដែលនោះបានសរសេរថា ខណៈប្រទេសធំៗដែលមានអំណាចលើដែនទឹកជុំវិញពិភពលោក បច្ចុប្បន្ន កំពុងតែដាក់សម្ពាធចំពោះគ្នាទៅវិញទៅ នោះសហរដ្ឋអាម៉េរិកដាច់ខាតត្រូវតែរៀបចំខ្លួនឱ្យមានភាពប្រកួតប្រជែងកាន់តែខ្លាំងជាងនេះ ដើម្បីធានាឱ្យបាននូវភាពជាម្ចាស់ការនៃវិស័យធ្វើដំណើរ និងសកម្មភាពតាមសមុទ្រ។
ថវិកាសម្រាប់កងទ័ពជើងទឹកអាម៉េរិកនេះក៏នឹងមានឆ្លុះបញ្ចាំងអំពីផែនការកសាងកងកម្លាំងជើងទឹកថ្មីមួយក្រុម ដែលហៅឈ្មោះថា Golden Fleet ផងដែរ។ កងកម្លាំងនេះត្រូវបានផ្តួចផ្តើមគំនិតឡើងកាលពីចុងឆ្នាំ ២០២៥ ដោយប្រធានាធិបតី លោក Trump ដែលក្នុងនោះ ក៏មានទាំងគម្រោងសាងសង់នាវាចម្បាំងខ្នាតយក្សដ៏អស្ចារ្យចំនួន ២ គ្រឿង ដែលត្រូវបានដាក់ឈ្មោះថា Trump-class ។
លោក Trump ធ្លាប់បានអះអាងថា នាវាចម្បាំងទាំងពីរគ្រឿងនេះ នឹងមានសមត្ថភាពដ៏ខ្លាំងក្លាពោលំ គឺទំនើបជាងនាវាចម្បាំងល្បីៗរបស់អាម៉េរិកដល់ទៅ១០០ដង។
គួររំលឹកដែរថា ចំណែកថវិកាជាតិសម្រាប់កងទ័ពជើងទឹកអាម៉េរិក ឆ្នាំ ២០២៦ មានប្រមាណតែជា ២៧,២ ពាន់លានដុល្លារប៉ុណ្ណោះ ដោយក្នុងនោះមានគម្រោងសាងសង់នាវាចម្បាំងសរុប ១៧ គ្រឿង៕
