បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាពចលាចលនៅក្នុងទីផ្សារប្រេងកំពុងជំរុញកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី (EV)

ភាពចលាចលនៅក្នុងទីផ្សារប្រេងកំពុងជំរុញកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី (EV)

បរទេស៖ ភាពចលាចលនៅក្នុងទីផ្សារប្រេងពិភពលោកបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្លាស់ប្តូរវិស័យថាមពលសកល ជាពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃរថយន្តអគ្គិសនី (EV)។ នេះបើយោងតាមការរាយការណ៍ពី South China Morning Post។

Advertisement

យោងតាមការវិភាគដោយក្រុមអ្នកជំនាញថាមពលពី Ember បានឱ្យដឹងថា ការផ្លាស់ប្តូរពីរថយន្តសាំងប្រទៅជារថយន្តអគ្គិសនី អាចសន្សំសំចៃការនាំចូលប្រេងឥន្ធនៈហ្វូស៊ីលពិភពលោកប្រហែល ៦០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ កាលពីឆ្នាំ ២០២៥ ការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅទូទាំងពិភពលោក សន្សំសំចៃប្រេងបាន ១,៧ លានបារ៉ែលក្នុងមួយថ្ងៃ។

ជាទូទៅ អ៊ីរ៉ង់នាំចេញប្រេងប្រហែល ២,៤ លានបារ៉ែល តាមរយៈច្រកសមុទ្រ Hormuz។ នេះមានន័យថា ការសន្សំសំចៃប្រេងតាមរយៈការប្រើប្រាស់រថយន្តអគ្គិសនីនៅលើពិភពលោក ស្មើរនឹងការនាំចេញប្រេង ៧០% របស់អ៊ីរ៉ង់។ លោក Daan Walter នាយកក្រុមហ៊ុន Ember លើកឡើងថា តម្លៃរបស់រថយន្តអគ្គិសនីកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងជាមួយនឹងរថយន្តសាំង។ ស្របពេលដែលទីផ្សារប្រេងកំពុងប្រែប្រួលមានភាពមិនច្បាស់លាស់ មានន័យថា EV គឺជាជម្រើសល្អមួយ សម្រាប់ប្រទេសដែលចង់ការពារខ្លួនពីបញ្ហានាពេលអនាគត។

មិនត្រឹមតែប៉ុណ្ណោះ វាផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ជាពិសេសប្រទេសដែលសម្បូររថយន្តអគ្គិសនី (EV) ដូចជា ប្រទេសចិនជាដើម។ នៅឆ្នាំ ២០២៥ ការលក់រថយន្តថ្មីប្រភេទអគ្គិសនី (EV) មានចំណែកច្រើនជាងពាក់កណ្តាលនៃចំនួនលក់សរុប ដែលអាចសន្សំសំចៃលើការនាំចូលប្រេងបានជាង ២៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ជាក់ស្តែង រថយន្ត EV របស់ចិនដូចជា BYD, NIO, Zeekr, Geely, Chery និងផ្សេងទៀតផ្តល់ជូននូវប្រតិបត្តិការគ្មានប្រេងឥន្ធនៈ ឬកូនកាត់ដែលប្រើប្រេងឥន្ធនៈទាប និងបច្ចេកវិទ្យាទំនើបៗនៅក្នុងរថយន្ត។ អឺរ៉ុបក៏ជាកន្លែងសម្បូររថយន្តអគ្គិសនីផងដែរ ដោយការលក់រថយន្តថ្មីប្រភេទ EV មានចំណែក ២៦% នៃការលក់សរុបក្នុងឆ្នាំ ២០២៥ ដែលអាចសន្សំបានប្រហែល ៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ជាក់ស្តែង ភាពចលាចលនៅមជ្ឈិមបូព៌ាថ្មីៗនេះបង្ហាញថា ការរំខានដល់តម្លៃប្រេងប៉ះពាល់ដល់ទាំងអ្នកនាំចូល និងអ្នកនាំចេញ ដោយសារតម្លៃត្រូវបានកំណត់ជាសកល។ ការឡើងថ្លៃនៃតម្លៃប្រេងកំពុងប៉ះពាល់ខ្លាំងដល់អាស៊ី ដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីបណ្តាប្រទេសឈូងសមុទ្រ និងអាម៉េរិក។ ទោះបីជារដ្ឋតិចសាស់របស់អាម៉េរិកដែលជាតំបន់នាំចេញប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែតម្លៃប្រេងឥន្ធនៈនៅទីនោះឡើងថ្លៃប្រហែល ២៥% ចាប់តាំងពីមានសង្គ្រាមមក។

យោងតាមការព្យាករណ៍ចុងក្រោយបំផុតរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) តម្រូវការប្រេងនឹងកើនឡើងដល់កំពូលនៅឆ្នាំ ២០២៩ ហើយការបិទផ្លូវចក្រសមុទ្រ Hormuz នាំមកនូវវិបត្តិយ៉ាងឆាប់រហ័ស។ សហភាពអឺរ៉ុបធ្លាប់ជួបវិបត្តិថាមពលនេះរួចហើយចាប់តាំងពីឆ្នាំ ២០២២ ដែលជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ច ដោយសារការចំណាយថាមពលខ្ពស់ និងចាំបាច់ត្រូវពន្លឿនការផ្លាស់ប្តូរពណ៌បៃតង ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា