បរទេស ៖ ថ្មីៗនេះ រ៉ូបូត មានរូបរាងជាមនុស្ស Phantom MK-1 ចំនួន២គ្រឿងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ប្រយុទ្ធជួរមុខនៃសង្គ្រាមនៅអ៊ុយក្រែន ដែលបង្គឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានជម្លោះដ៏រ៉ាំរៃរវាង អ៊ុយក្រែន និងរុស្ស៊ីមួយនេះ។

បរទេស ៖ ថ្មីៗនេះ រ៉ូបូត មានរូបរាងជាមនុស្ស Phantom MK-1 ចំនួន២គ្រឿងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ប្រយុទ្ធជួរមុខនៃសង្គ្រាមនៅអ៊ុយក្រែន ដែលបង្គឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានជម្លោះដ៏រ៉ាំរៃរវាង អ៊ុយក្រែន និងរុស្ស៊ីមួយនេះ។
Gadget Review កាលពីសប្តាហ៍កន្លងទៅបានចេញផ្សាយអំពីព្រឹត្តិការណ៍ដ៏គួរឲ្យភា្ញក់ផ្អើលជាមួយរ៉ូបូតមានរូបរាងជាមនុស្ស ទំងន់ប្រហែលជា១៧៩ផោន ឬប្រមាណជា៨០គីឡូក្រាម ត្រូវបានដាក់នៅក្នុងប្រតិបត្តិការសង្គ្រាមដូចទៅនឹងអ្វីដែលគ្រប់គ្នាធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រអស់រយៈពេលជាយូរមកហើយនោះ។

មុននេះបន្តិចធ្លាប់តែឮគេជជែកដេញដោលសួរថា តើ ChatGPT អាចមានសមត្ថភាពសរសេរសារអ៊ីមែលជំនួសមនុស្សបានដោយរបៀបណា ប៉ុន្តែពេលនេះ ក្រុមហ៊ុនស្ថាបនិករបស់ Phantom MK-1 គឺ Foundation Robotics បានដឹកជញ្ជូនទាហានមេកានិចចំនួន២គ្រឿងទៅដល់តំបន់សមរភូមិជួរមុខរបស់អ៊ុយក្រែនរួចទៅហើយ។ នេះមានន័យថា វាមិនមែនជាសេណារីយ៉ូអនាគតដ៏វែងឆ្ងាយនោះទៀតទេសម្រាប់សង្គ្រាមរវាងរ៉ូបូត និងមនុស្សលោក។ តាមរយៈព័ត៌មានមួយនេះយើងអាចចាត់ទុកបានថា ពេលវេលានៃយុគសម័យសង្គ្រាមរវាងមនុស្សលោកជាមួយមនុស្សយន្តបានចាប់ផ្តើមកើតមានឡើងយ៉ាងស្ងប់ស្ងាត់។
ប្រភពដដែលបានសរសេរទៀតថា ក្រុមហ៊ុន Foundation Robotics បានបង្កើតទាហានមនុស្សយន្តដំបូងគេដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធគ្រប់សមរភូមិរបស់ពិភពលោក។Phantom MK-1 មានកំពស់ ១,៧៥ម៉ែត្រ ដើរដោយម៉ូទ័រអគ្គិសនី ហើយក្រុមហ៊ុនបានអភិវឌ្ឍសមត្ថភាពរបស់វាយ៉ាងល្អ ដោយអាចឲ្យប្រើប្រាស់បានគ្រប់ប្រភេទកាំំភ្លើង រាប់ចាប់ពីប្រភេទកាំភ្លើងខ្លី ទៅដល់កាំភ្លើងយន្ត ប្រភេទ M-16 rifles ហើយអាចបន្តលើសពីនេះអាស្រ័យទៅនឹងបញ្ចូលកម្មវិធីបន្ថែម។

គួរឲ្យដឹងដែរថា Phnatom MK-1 គឺជាគម្រោងអភិវឌ្ឍស្ថិតនៅក្រោមកុងត្រាវិនិយោគប្រមាណជា ២៤លានដុល្លារ រវាងក្រុមហ៊ុនផលិតជាមួយនឹងកងទ័ពអាម៉េរិកក្រោមទស្សនៈវិស័យថា មិនគួរបញ្ចូនកងទ័ពណាម្នាក់ដែលជាមនុស្សពិតប្រាកដទៅប្រយុទ្ធក្នុងសង្គ្រាមនោះឡើយប្រសិនបើអ្នកអាចបញ្ចូនរ៉ូបូតទៅជំនួសបាននោះ (Don’t send a Marine where you can send a robot first) ។ យ៉ាងណាក្តី ពាក់ព័ន្ធទៅនឹងច្បាប់គ្រប់គ្រង និងច្បាប់សង្គ្រាមដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់មនុស្សយន្ត ឬ រ៉ូបូត នេះ ហាក់ដូចជាមិនទាន់មានការរៀបចំច្បាស់នៅឡើយនោះទេ។
ប្រភពពី Gadget Review បានសរសេរថា រង្វាស់សម្រាប់ត្រួតពិនិត្យអំពីភាពស្របច្បាប់ និងសំណួរដែលពាក់ព័ន្ធ គឺមិនទាន់មានចម្លើយនៅឡើយទេ ដូចជា ថាតើអ្នកណានឹងត្រូវបញ្ចូនទៅកាត់ទោសក្រោយប្រតិបត្តិការសង្គ្រាម? ត្រូវបញ្ជូនអ្នកសរសេរកម្មវិធី ឬមេបញ្ជាការរបស់រ៉ូបូត ឬប្រធានក្រុមហ៊ុនដែលជាអ្នកផលិតរ៉ូបូត ?
