បរទេសស៖ អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការរាយការណ៍ពីព័ត៌មាន Al Jazeera។

បរទេសស៖ អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការរាយការណ៍ពីព័ត៌មាន Al Jazeera។
អង្គការសហប្រជាជាតិ គឺជាស្ថាប័នអន្តរជាតិចុងក្រោយបង្អស់ដែលបន្ទាបទស្សនវិស័យសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាត់បន្ថយការព្យាករណ៍របស់ខ្លួនពី ៣,៣ ភាគរយ មកត្រឹម ៣,១ ភាគរយ កាលពីខែមេសាកន្លងទៅនេះ។
កាលពីថ្ងៃអង្គារ៍ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បង្ហាញការព្យាករណ៍ចុងក្រោយរបស់ខ្លួនថា ផលិតផលក្នុងស្រុកសរុប (GDP) សកលនឹងកើនឡើង ២,៥ ភាគរយ នៅឆ្នាំនេះ និង ២,៨ ភាគរយ នៅឆ្នាំ ២០២៧។
អត្រានេះធ្លាក់ចុះពីការព្យាករណ៍កាលពីខែមករា ដែលរំពឹងថា សេដ្ឋកិច្ចសកលនឹងមានកំណើន ២,៧ ភាគរយ នៅឆ្នាំនេះ និង ២,៩ ភាគរយ នៅឆ្នាំ ២០២៧។ អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួន ដោយសារការឡើងថ្លៃនៃតម្លៃថាមពលបង្កឡើងដោយការបិទច្រកសមុទ្រ Hormuz និងភាពប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
លោក Shantanu Mukherjee ប្រធានផ្នែកវិភាគសេដ្ឋកិច្ចប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា៖
“អ្វីដែលបានចាប់ផ្តើមក្លាយជាការបំផ្លិចបំផ្លាញដល់ទីផ្សារថាមពលនោះ គឺនៅពេលដែលអាម៉េរិក និងអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបង្កជាការរអាក់រអួលដល់ការផ្គត់ផ្គង់ក្នុងកម្រិតធំ ហើយយើងមិនទាន់ដឹងច្បាស់ថាវានឹងរីករាលដាលដល់កម្រិតណា ឬអូសបន្លាយពេលយូរប៉ុណ្ណានោះទេ។”
លោក Mukherjee សន្មត់ពីការព្យាករណ៍ថា តម្លៃប្រេងនឹងចាប់ផ្តើមធ្លាក់ចុះនៅឆមាសទី ២ ឆ្នាំនេះ ដោយសាររដ្ឋាភិបាលនៃប្រទេសនីមួយៗនឹងអាចកាត់បន្ថយផលប៉ះពាល់បានខ្លះ ដោយការយកប្រេងបម្រុងរបស់ខ្លួនមកប្រើប្រាស់។ យ៉ាងណាមិញ នៅក្នុងសេណារីយ៉ូអាក្រក់បំផុត កំណើនសកលអាចថយចុះមកត្រឹម ២,១ ភាករយ ដែលជាលទ្ធផលដ៏អាក្រក់បំផុតក្នុងសតវត្សទី ២១ នេះ បន្ទាប់ពីការរាតត្បាត COVID-19 និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៧-២០០៩។
ទន្ទឹមនឹងនេះ តួលេខព្យាករណ៍ទាំងឡាយនេះសុទ្ធតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ប្រសិនបើសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់កាន់តែខ្លាំង វានឹងក្លាយជាឧបសគ្គដ៏ធំដែលទាញទម្លាក់សេដ្ឋកិច្ច ព្រោះអ្នកវិនិយោគមិនហ៊ានបោះទុន និងកាត់បន្ថយការចាយវាយ។
មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត ដោយកំណើនរបស់ពួកគេនៅឆ្នាំនេះត្រូវបានព្យាករណ៍ថានឹងមាន ១,៣ ភាគរយប៉ុណ្ណោះ បើធៀបនឹងសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ចុះ ០,៧ ភាគរយ។ នេះមានន័យថា ប្រទេសក្រីក្ររងគ្រោះជិតទ្វេដង។
តំបន់អាស៊ីខាងលិចនឹងរងការប៉ះទង្គិចខ្លាំងបំផុត ដោយអង្គការសហប្រជាជាតិកាត់បន្ថយការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់តំបន់នេះពី ៤,១ ភាគរយ មកត្រឹម ១,៤ ភាគរយ ប៉ុណ្ណោះ។ តំបន់ការីបៀន, អាហ្រ្វិកខាងលិច និងកណ្តាល, អឺរ៉ុបខាងត្បូង និង ខាងកើត, និងចក្រភពអង់គ្លេស មានកំណើនសេដ្ឋកិច្ច ០,៤ ភាគរយ ទៅ ០,៥ ភាគរយ។
យ៉ាងណាមិញ ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំនេះសម្រាប់អាម៉េរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកមិនមានការផ្លាស់ប្តូរទេ។ អាម៉េរិកនឹងរក្សាកំណើននៅកម្រិត ២ ភាគរយ ខណៈដែលចិននឹងរក្សាកំណើននៅកម្រិត ៤,៦ ភាគរយ។ ជារួម មហាអំណាចសេដ្ឋកិច្ចដូចជា អាម៉េរិក និងចិន នៅតែអាចរក្សាលំនឹងបាន ប៉ុន្តែបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រជាពិសេសនៅតំបន់ជិតជម្លោះកំពុងតែរងគ្រោះថ្នាក់សេដ្ឋកិច្ចពីវិបត្តិនេះយ៉ាងធ្ងន់ធ្ងរ៕
