បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការ​ប្រកបអាជីវកម្ម​សេវាកម្ម​ក្នុងវិស័យ​អចលនវត្ថុ​នៅកម្ពុជា​

ឆ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការ​ប្រកបអាជីវកម្ម​សេវាកម្ម​ក្នុងវិស័យ​អចលនវត្ថុ​នៅកម្ពុជា​

ភ្នំពេញ ៖ នាពេលបច្ចុប្បន្ន​នេះ អ្នក​ប្រកបដោយអាជីវកម្មលើសេវាកម្មអចលនវត្ថុនៅកម្ពុជា មានទាំងស្របច្បាប់​ និងអត់ច្បាប់ (អ្នកអត់ច្បាប់ ធ្វើរដ្ឋាភិបាល​ត្រូវបាត់បង់​ចំណូលមួយចំនួន​តាមរយៈការ​បង់ពន្ធ)​។ អ្វីដែល​សំខាន់ការ​ប្រកបអាជីវកម្មសេវាកម្ម​អចលនវត្ថុនេះដែរ ក៏អាច​ធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់​អ្នកវិនិយោគផងដែរ។ តើការ​ប្រកបអាជីវកម្ម​សេវាកម្ម​ក្នុងវិស័យ​អចលនវត្ថុ​នៅកម្ពុជា​ឱ្យបានត្រឹមត្រូវ​ស្រប​ច្បាប់ ​ត្រូវ​មានលក្ខខណ្ឌអ្វីខ្លះ?

Advertisement

លោក​បណ្ឌិត ​ឆាក់ លឹមឈាង មេធាវីមកពីការិយាល័យ​មេធាវីរឹទ្ធស័ក្ តិ​បានបកស្រាយ​និងចែករំលែកពីបទប្បញ្ញត្តិ​អំពី វិជ្ជាជីវៈការ​ប្រកបអាជីវកម្ម​អចលនវត្ថុនៅកម្ពុជា។ លោក​បានមានប្រសាសន៍ថា​ វិស័យ​អចលនវត្ថុ​នៅកម្ពុជា​បានរួម​ចំណែកដល់ការទាក់ទាញការ​វិនិយោគ​ ក៏ដូចជា​ ចូលរួម​ជំរុញកំណើន​សេដ្ឋកិច្ច​នៅក្នុងប្រទេសកម្ពុជា​ ក៏ប៉ុន្តែដើម្បីធានា​បាននូវ​តម្លាភាព​ ក៏ដូចជា​ការ​ប្រកបវិជ្ជាជីវៈ​ប្រកបដោយគុណភាព និង​ទំនុកចិត្ត​ពីសាធារណជន​ រាល់ការ​ប្រកបអាជីវកម្ម ពាក់ព័ន្ធនឹ​ងវិស័យ​អចលនវត្ថុ​ ត្រូវ​តែមានអនុលោម​ភាពជាមួយ​នឹង​បទប្បញ្ញតិ្តដែល​មានជាធរមាន។ 

លោកបណ្ឌិត បានឱ្យដឹងទៀតថា រាល់ការ​ធ្វើ​អាជីវកម្ម​ផ្ដល់​សេវាកម្ម​អចលនវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តម្រូវ​ឱ្យមានការ​ស្នើ​សុំ​អាជ្ញាបណ្ណ​ឬវិញ្ញា​បន​បត្រវិជ្ជាជីវៈ។

លោក​បណ្ឌិត​បន្ត​ថា អាជ្ញា​បណ្ណ ដែលផ្ដល់ជូន​ចំពោះក្រុមហ៊ុន​ឬក៏សាខា​ក្រុមហ៊ុន​ មាន​ ៣ ប្រភេទ រួមមាន​ ទី១.អាជ្ញាបណ្ណភ្នាក់អចលនវត្ថុ​ ទី២.អាជ្ញាបណ្ណវាយតម្លៃអចលនវត្ថុ​ និងទី៣.អាជ្ញា​បណ្ណគ្រប់គ្រងអចលនវត្ថុ​។ ចំពោះវិញ្ញាបនបត្រ​វិជ្ជាជីវៈ ត្រូវបានផ្ដល់ជូនចំពោះរូបវ័ន្តបុគ្គលទាំងឡាយណា​ដែលមានគុណវុឌ្ឍគ្រប់គ្រាន់​ ដូចមានចែង​ក្នុងប្រការ ​១១ នៃប្រកាសលេខ​ ០៦៤។ ការ​ផ្ដល់អាជ្ញា​បណ្ណ​ ឬ​វិញ្ញា​បន​បត្រ​វិជ្ជាជីវៈសម្រាប់​ការ​ប្រកប​អាជីវកម្ម​អចលនវត្ថុ​ គឺស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​និយ័តករ​អាជីវកម្ម​អចលនវត្ថុ ​និងបញ្ចាំ។

ទន្ទឹមនេះ សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា​ ក៏បានអំពាវនាវ និងស្នើសុំឱ្យ​អ្នកប្រកបអាជីវកម្ម​ផ្ដល់សេវា​ អចលនវត្ថុ​នៅកម្ពុជា​ សូមឱ្យស្វែងរក​ភាពស្របច្បាប់ ដោយត្រូវដាក់ស្នើ​សុំអាជ្ញា​បណ្ណ  និង​វិញ្ញាបនបត្រ​វិជ្ជាជីវៈឱ្យ​បានគ្រប់គ្នា​ ដើម្បីផ្ដល់ទំនុកចិត្ត​ដល់​វិនិយោគិន ជាពិសេស​ វិនិយោគបរទេស​ដែល​ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

សមាគម​បានលើកឡើងថា​ បើសិនជាអ្នកប្រកបដអាជីវកម្ម​ផ្ដល់សេវាកម្ម​អចលនវត្ថុ​នៅកម្ពុជា​ភាគច្រើន​អត់មាន​ច្បាប់ទម្លាប់ អត់មានអាជ្ញា​បណ្ណ ហើយផ្ដល់សេវា​ដល់អតិថិជន វិនិយោគិន​ និងនៅពេលអតិថិជន​មានប​ញ្ហា​ តើគួរដោះស្រាយយ៉ាងណា? បើសិនជា​ករណីនេះ ចេះតែកើតឡើង​ញឹកញាប់​នោះ នឹងធ្វើឱ្យវិនិយោ​គិន​​​​​ទាំង​ក្នុង​ និងក្រៅប្រទេស​នឹង​បាត់ទំនុកចិត្ត​លែងជឿជាក់​លើ​អ្នកផ្ដល់សេវា​អចលនវត្ថុនៅកម្ពុជា ។

លោកឧកញ៉ា​ សន​ សៀប ប្រធាន​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍ថា​ ការ​ធ្វើអាជីវកម្មផ្ដល់សេវាអចលនវត្ថុ​មិនមានអាជ្ញា​បណ្ណ​ ឬមិនមាន​វិញ្ញា​បនបត្រ​បញ្ជាក់ត្រឹមត្រូវ​ពីអាជ្ញាធរ គឺជាការធ្វើ​អាជីវកម្ម​ដែលមិនស្មើភាពគ្នា​ ហើយ​វានឹងធ្វើឱ្យបាត់បង់​ចំណូលរដ្ឋ​មួយចំណែក​ផងដែរ ព្រោះថា​អ្នកដែលមានអាជ្ញា​បណ្ណ ឬវិញ្ញាបនបត្រ​ត្រឹមត្រូវ គេ​ត្រូវ​បង់ពន្ធជូនរដ្ឋ​ទៅតាម​ច្បាប់​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា