ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។
ក្រុមហ៊ុនឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ផលិតផលទាំងនេះ មិនមែនជាទំនិញនាំចូលថ្មីនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុននោះទេ។ ការលក់ស្តុកដែលនៅសេសសល់ គឺជាស្ដុកចាស់ មានស្រាប់របស់អាជីវករ ឬអ្នកលក់ដុំ និងរាយ នៅលើទីផ្សារប៉ុណ្ណោះ។
បច្ចុប្បន្ន ក្រុមហ៊ុន បាននាំចូលផលិតផលពីបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ចិន វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌា ហើយបច្ចុប្បន្នក្រុមហ៊ុន បាននាំចូលផលិតផលសម្រេច ១០០ ភាគរយ ពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន។
លើសពីនេះទៅទៀត តាមការគ្រោងទុក ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីធីត កំពុងរៀបចំសង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជាលើផលិតផលមួយចំនួន នៅចុងឆ្នាំ ២០២៦ នេះ។ តែទោះជាយ៉ាងក៏ដោយ ក្រុមហ៊ុនមិនបានបញ្ជាក់ពីព័ត៌មានលម្អិតទាក់ទងនឹងគម្រោងរៀបចំសង្វាក់ផលិតកម្មនេះនោះទេ។
តាមរយៈប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីធីត ត្រូវបានទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធចំពោះការអនុវត្តតាមច្បាប់ ការបង់ពន្ធ និងការរួមចំណែករបស់ក្រុមហ៊ុនចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ ប្រធានម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ( SME ) បានមានប្រសានស៍ថា ចាប់តាំងពីប្រជាពលរដ្ឋកម្ពុជាធ្វើពហិកាលើផលិតផលថៃ ដោយសារតែការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា មានក្រុមហ៊ុនដែលធ្លាប់នាំចូលផលិតផលពីថៃជាច្រើន បានងាកមកផលិតនូវទំនិញក្នុងស្រុកដើម្បីផ្គត់ផ្គង់វិញ ហើយកំណើនរោងចក្រសហគ្រាសផលិតទំនិញនៅក្នុងប្រទេសកម្ពុជារំពឹងថាកើនឡើងខ្ពស់នៅចុងឆ្នាំ ២០២៧។
លោកឧកញ៉ាបន្តថា និន្នាការធុរជនដែលចាប់ផ្ដើមផលិតទំនិញនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការនាំចូលពីបរទេស មិនថាតែមកពីប្រទេសថៃ ឬប្រទេសផ្សេងទៀត គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានខិតខំជំរុញឱ្យសហគ្រិនក្នុងស្រុកពង្រីក និងពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យបានច្រើនកាត់បន្ថយការនាំចូល ពីព្រោះថាផលិតនៅក្នុងប្រទេសនឹងធ្វើឱ្យចំណេញខ្ពស់ បង្កើត បង្កើតប្រាក់ចំណូលបន្ថែម ដល់ពលរដ្ឋក្នុងស្រុកតាមបង្កើតការងារ ការទិញ កសិផលពីកសិករ ដើម្បីបម្រើខ្សែច្រវាក់ផលិតកម្ម។
បើតាមលោកឧកញ៉ាបានបញ្ជាក់ថា ការពហិការបស់ពលរដ្ឋខ្មែរលើផលិតផលថៃ គឺជាឱកាសដ៏ល្អបំផុតសម្រាប់សហគ្រិនក្នុងស្រុកពង្រឹង និងពង្រីកផលិតផលរបស់ខ្លួន ដើម្បីជំនួសឱ្យផលិតផលរបស់ថៃ និងជាឱកាសក្នុងការពង្រឹងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង ដោយមិនចាំបាច់ពឹងលើផលិតផលបរទេសទៀត៕
