បរទេស៖ តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង ខណៈអត្រាអតិផរណារបស់អាម៉េរិកកើនឡើង ៤,២ ភាគរយក្នុងខែឧសភា និងជាអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។
តាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនបានលើកឡើងថា នៅលើទីផ្សាររូបិយប័ណ្ណអន្តរជាតិ សន្ទស្សន៍របស់ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះ ៩៩,៩០ (បើសន្ទស្សន៍លោតលើសពី ១០០ មានន័យថា លុយដុល្លារកំពុងឡើងថ្លៃ ប៉ុន្តែបើទាបជាង ១០០ មានន័យថា លុយដុល្លារកំពុងធ្លាក់ថ្លៃ) ហើយបើធៀបនឹងរូបិយប័ណ្ណធំៗផ្សេងទៀត លុយអឺរ៉ូ ១ អឺរ៉ូ ស្មើនឹង ១,១៥ ដុល្លារអាម៉េរិក ខណៈដែលលុយផោនអង់គ្លេស ១ ផោន ស្មើនឹង ១,៣៣ ដុល្លារអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃមាសបានធ្លាក់ចុះជាង ៣ ភាគរយ ឬ មកនៅត្រឹម ៤ ១៣០ ដុល្លារក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះមកនៅ ៤ ៩១៣ ដុល្លារក្នុងមួយតម្លឹង និង ៤៩១ ក្នុងមួយជី)។
ថ្មីៗនេះ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កើនឡើងកម្តៅសារជាថ្មី ដែលធ្វើឲ្យបាត់បង់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ជំរុញឱ្យទាំងតម្លៃមាស និងលុយដុល្លារអាម៉េរិកធ្លាក់ចុះបន្ទាប់ពីយោធាអាម៉េរិកបញ្ជាក់ថា ពួកគេបានបញ្ចប់ការវាយប្រហារលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេលត្រឹមតែមួយយប់ ខណៈដែលប្រធានាធិបតី លោក Donald Trump បន្តគំរាមថា នឹងមានការវាយប្រហារបន្ថែមទៀតប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ ការវាយប្រហារគ្នាសារជាថ្មីនាពេលនេះបង្កឲ្យមានភាពច្របូកច្របល់នៅក្នុងទីផ្សារ ប៉ុន្តែសម្រាប់តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យថ្មីៗបានបង្ហាញថា អត្រាអតិផរណានៅអាម៉េរិកបានកើនឡើង ៤,២ ភាគរយនៅក្នុងឧសភា ដែលជាការកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០២៣ ដោយសារសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ត្រូវបានជំរុញដោយការឡើងថ្លៃនៃតម្លៃថាមពល។ ក្នុងខណៈពេលនេះ គេព្យាករណ៍ថា ធនាគារកណ្តាលអាម៉េរិកអាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែល ពោលគឺនៅក្នុងកិច្ចប្រជុំសប្តាហ៍ក្រោយ ដែលជាកិច្ចប្រជុំដំបូងបង្អស់របស់លោក Kevin Warsh ដែលជាទេសាភិបាលទើបឡើងកាន់តំណែងថ្មី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចភាគច្រើនបានវិភាគថា អត្រាការប្រាក់នឹងត្រូវរក្សាក្នុងកម្រិតដដែលរហូតដល់ដំណាច់ឆ្នាំ២០២៦នេះ ៕