បរទេស៖ អត្រាអតិផរណារបស់អាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយសារទទួលរងនូវផលប៉ះពាល់នៃសង្រ្គាមនៅមជ្ឈិមបូព៌ាដែលជំរុញឱ្យតម្លៃនៃការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកើនឡើង នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

បរទេស៖ អត្រាអតិផរណារបស់អាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយសារទទួលរងនូវផលប៉ះពាល់នៃសង្រ្គាមនៅមជ្ឈិមបូព៌ាដែលជំរុញឱ្យតម្លៃនៃការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកើនឡើង នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។
ការឡើងថ្លៃនៃតម្លៃសាំង និងគ្រឿងទេសបានជំរុញឱ្យសន្ទស្សន៍តម្លៃនៃការរស់នៅកើនឡើងដល់ ៣,៨% នៅក្នុងខែមេសា ដែលជាកម្រិតអតិផរណាខ្ពស់បំផុតបើធៀបនឹងអត្រា ៤% កាលពី ៣ ឆ្នាំមុន។ អត្រានេះកើនឡើងពី ៣,៣% ក្នុងខែមីនា និង ២,៤% ក្នុងខែកុម្ភៈ។ ការិយាល័យស្ថិតិការងារ (BLS) បាននិយាយថា ការកើនឡើងនេះភាគច្រើនត្រូវបានជំរុញដោយការឡើងថ្លៃតម្លៃថាមពល ខណៈដែលតម្លៃផ្ទះស្នាកនៅ និងម្ហូបអាហារ ក៏រួមចំណែកផងដែរ។ សង្រ្គាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ធ្វើឲ្យតម្លៃប្រេងសាំងនៅអាម៉េរិកឡើងថ្លៃដល់ ៤,៥ ដុល្លារក្នុងមួយហ្គាឡុង ដែលជាការកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២២។
មិនត្រឹមតែប៉ុណ្ណោះ តម្លៃសំបុត្រយន្តហោះ និងសម្លៀកបំពាក់ក៏ឡើងថ្លៃផងដែរនៅក្នុងខែមេសា ប៉ុន្តែតម្លៃរថយន្តថ្មីៗបែរជាធ្លាក់ចុះបន្តិច។ តម្លៃសំបុត្រយន្តហោះកើនឡើងជាមធ្យម ២០,៧% នៅក្នុងខែមេសា ដោយសារការបិទច្រកសមុទ្រ Hormuz ធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកភាគច្រើនមិនមានផែនការការពារហានិភ័យថ្លៃប្រេងទុកមុននោះទេ។ ជាមួយគ្នានេះ ស្របពេលដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កើនឡើងដល់ ៣,៨% ប្រាក់ខែពលរដ្ឋអាម៉េរិកជាមធ្យមកើនឡើងត្រឹមតែ ៣,៦%ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បើទោះបីជាប្រាក់ខែកើនឡើងក៏ដោយ ប៉ុន្តែពលរដ្ឋអាម៉េរិកនៅតែប្រុងប្រយ័ត្នចំពោះការចំណាយ ដោយសារតម្លៃទំនិញឡើងថ្លៃ។
ធនាគារកណ្តាលអាម៉េរិក Federal Reserve ទំនងនឹងមិនកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះទេ ដោយសារការកើនឡើងនៃអតិផរណា ហើយជារឿយៗ ប្រធានាធិបតី Trump តែងតែដាក់សម្ពាធឲ្យ លោក Jerome Powell កាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចអាម៉េរិក។ សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតី Trump បានប្រកាសតែងតាំងលោក Kevin Warsh ចូលកាន់តំណែងជាប្រធានធនាគារកណ្តាលបន្តពីលោក Powell ជាមួយនឹងការរំពឹងថា លោក Warsh នឹងជំរុញឱ្យមានការកាត់បន្ថយអត្រាការប្រាក់។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ លោក Trump បានលើកឡើងថា ការកើនឡើងអត្រាអតិផរណានេះគឺជារយៈពេលខ្លីប៉ុណ្ណោះ និងអំពាវនាវឲ្យពលរដ្ឋអាម៉េរិកយល់ពីអាទិភាពរបស់លោកក្នុងការទប់ស្កាត់អ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕
