បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីអាម៉េរិក គំរាមផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យប្រើមូលដ្ឋានយោធារបស់ខ្លួនវាយអ៊ីរ៉ង់

ប្រធានាធិបតីអាម៉េរិក គំរាមផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យប្រើមូលដ្ឋានយោធារបស់ខ្លួនវាយអ៊ីរ៉ង់

បរទេស ៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនក្នុងការប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

Advertisement

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានហៅការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល ទៅលើ អ៊ីរ៉ង់ ថា ជាការអន្តរាគមន៍យោធាមិនសមហេតុផល និងគ្រោះថ្នាក់ ដែលរំលោភលើច្បាប់អន្តរជាតិ។ មិ​នត្រឹមតែប៉ុណ្ណោះ ក្រុមមន្ត្រីនៅទីក្រុងម៉ាឌ្រីដបានអះអាងថា ពួកគេនឹងរារាំងអាម៉េរិកលើការប្រើប្រាស់មូលដ្ឋានយោធានៅភាគខាងត្បូងប្រទេសអេស្ប៉ាញ ដើម្បីវាយប្រហារទៅលើអុីរ៉ង់ ដោយសារសកម្មភាពបែបនេះគឺបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

នៅក្នុងឱកាសធ្វើបទអត្ថាធិប្បាយនៅសេតវិមាន ប្រធានាធិបតីអាម៉េរិក លោក Trump បានគំរាមថា ៖

«អេស្ប៉ាញ គឺអាក្រក់ ហើយយើងនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ធ្វើអ្វីពាក់ព័ន្ធជាមួយនឹងអេស្ប៉ាញទៀតទេ។ អាចនៅថ្ងៃស្អែក ឬ ថ្ងៃនេះកាន់តែប្រសើរ ខ្ញុំចង់បញ្ឈប់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ ហើយផ្តាច់អាជីវកម្មទាំងអស់ដែលមានជាមួយអេស្ប៉ាញ»។

សេចក្ដីអត្ថាធិប្បាយរបស់លោក Trump បានបន្ថែមទៅលើភាពតានតឹងដែលមានស្រាប់រវាងប្រទេសទាំងពីររួចហើយជុំវិញផលលំបាករបស់រដ្ឋាភិបាលអេស្ប៉ាញចំពោះការទាមទាររបស់លោក Trump ឲ្យសម្ព័ន្ធមិត្តណាតូបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ។ បន្ថែមពីនេះ លោក Trump ក៏​បាន​រិះគន់​ចក្រភព​អង់គ្លេស​ដែលមិន​សហការជាមួយខ្លួន​ ប៉ុន្តែ​​មិន​បាន​គំរាម​កំហែង​ផ្នែក​ពាណិជ្ជកម្មដូចដែលគំរាមទៅលើអេស្ប៉ាញនោះ​ទេ។

លោក Trump និងរដ្ឋមន្ត្រីរតនាគារ Scott Bessent ទាំងពីរបានអះអាងថា អាម៉េរិកអាចដាក់ទណ្ឌកម្មស្របច្បាប់លើផលិតផលដែលនាំចូលពីអេស្ប៉ាញ ប៉ុន្តែតំណាងពាណិជ្ជកម្មអាម៉េរិក Jamieson Greer ហាក់មិនពេញចិត្តចំពោះផែនការនេះទេ។ តំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer បានលើកឡើងថា ទាល់តែមានការអនុញ្ញាតពីតុលាការកំពូលថា ពួកគេអាចប្រើប្រាស់វិធីនេះបាន ដោយសារត្រូវមានការធានាលើសន្តិសុខជាតិ និងសេដ្ឋកិច្ច។ យ៉ាងណាមិញ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការគំរាមកំហែងពាណិជ្ជកម្មនោះទេ ខណៈដែលគេក៏មិនច្បាស់ថា តើរដ្ឋបាល Trump អាចនឹងផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញទាំងស្រុងនោះឡើយ ?

សូមរំលឹកដែរថា កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ លោក Trump បានសម្តែងការខកចិត្តចំពោះការបដិសេធរបស់រដ្ឋាភិបាលអេស្ប៉ាញក្នុងការសម្រេចមិនបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដែលផ្ទុយពីប្រទេសអឺរ៉ុបជាច្រើនទៀតយល់ព្រមលើសំណើរនេះ។ លើសពីនេះ លោក Trump បានស្នើឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអអេស្ប៉ាញ ប៉ុន្តែការស្នើសុំនេះត្រូវបរាជ័យ ដោយសារសហភាពអឺរ៉ុបអនុញ្ញាតឱ្យទំនិញមានការផ្លាស់ទីដោយសេរីរវាងប្រទេសទាំង ២៧ នៅក្នុងតំបន់ ដែលវាមានភាពស្មុគស្មាញក្នុងការដាក់សម្ពាធទៅលើសមាជិកជាក់លាក់ណាមួយ។ រដ្ឋាភិបាលអេស្ប៉ាញ បានលើកឡើងដែរថា ប្រសិនបើរដ្ឋបាលអាម៉េរិកចង់ពិនិត្យមើលឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងអេស្ប៉ាញ ពួកគេត្រូវតែគោរពស្វ័យភាពរបស់ក្រុមហ៊ុនឯកជន ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីរវាងសហភាពអឺរ៉ុប និងអាម៉េរិក។

នៅក្នុងថ្ងៃអង្គារ៍ដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជួបជាមួយប្រធានាធិបតីអាម៉េរិក Trump ដោយបញ្ជាក់ប្រាប់ថា អេស្ប៉ាញ គឺជាផ្នែកមួយនៃសហភាពអឺរ៉ុប ហើយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយរបស់អាម៉េរិកជាមួយតំបន់នេះត្រូវតែរួមបញ្ចូលអេស្ប៉ាញផងដែរ។ កាលពីឆ្នាំ២០២៥ អាម៉េរិកបាននាំចេញទំនិញមានតម្លៃប្រហែល ២៦ ពាន់លានដុល្លារទៅកាន់អេស្ប៉ាញ ហើយការនាំចូលពីអេស្ប៉ាញវិញមានចំនួនប្រហែល ២១ ពាន់លានដុល្លារដែលភាគច្រើនជាផលិតផលឱសថ និងប្រេងអូលីវ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា