បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩​ និងបុគ្គល ៣ នាក់ ដែលជួយអុីរ៉ង់ដឹកជញ្ជូនប្រេងទៅចិន

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩​ និងបុគ្គល ៣ នាក់ ដែលជួយអុីរ៉ង់ដឹកជញ្ជូនប្រេងទៅចិន

បរទេស៖ អាម៉េរិកប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចំនួន ៩​ និងបុគ្គល ៣ នាក់ ដែលជួយជ្រោមជ្រែងដល់ការដឹកជញ្ជូនប្រេងរបស់អុីរ៉ង់ទៅកាន់ប្រទេសចិន។ នេះបើយោងតាមការរាយការណ៍ពី CNA។

Advertisement

កាលពីថ្ងៃចន្ទកន្លងទៅនេះ អាម៉េរិកប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចំនួន ៩​ ដោយក្នុងនោះមានក្រុមហ៊ុន ៤ មានមូលដ្ឋាននៅទីក្រុងហុងកុង​, ៤ នៅអារ៉ាប់រួម, និង ១ នៅអូម៉ង់ រួមទាំងបុគ្គល ៣ នាក់ថែមទៀត ដែលជួយជ្រោមជ្រែងដល់ការដឹកជញ្ជូនប្រេងរបស់អុីរ៉ង់ទៅកាន់ប្រទេសចិន។

ទណ្ឌកម្មថ្មីនេះត្រូវបានធ្វើឡើងដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) ដែលកំណត់គោលដៅលើបុគ្គល និងអង្គភាពទាំងឡាយណាដែលជួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អុីរ៉ង់ (IRGC) ក្នុងការលក់ និងដឹកជញ្ជូនប្រេងទៅកាន់ប្រទេសចិន។

ក្រុមហ៊ុនចំនួន ៩ ដែលជាប់ទណ្ឌកម្មថ្មីរួមមាន៖ Hong Kong Blue Ocean Limited, Hong Kong Sanmu Limited, Jiandi HK Ltd, Max Honor International Trade Co Ltd, Ocean Allianz Shipping LLC, Atic Energy FZE, Blanca Goods Wholesaler LLC, Universal Fortune Trading LLC, និង Zeus Logistics Group។

ទីក្រុងវ៉ាស៊ីនតោនចាត់ទុក IRGC ជាអង្គការភេរវកររបស់អុីរ៉ង់ដែលប្រើប្រាស់ក្រុមហ៊ុនស្រមោលសម្រាប់បិទបាំង ដើម្បីលក់ និងទទួលការទូទាត់លុយពីការដឹកជញ្ជូនប្រេង។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិកបានរកឃើញបុគ្គល ៣ នាក់ទៀតជាអ្នកចាត់ចែងលុយកាក់ទាំងនោះតាមរយៈ Golden Globe និង ធ្វើការនៅ Shaid Purja’fari ដែលជាទីស្នាក់ការប្រេងដ៏ធំរបស់ IRGC។

ដូច្នោះហើយ វិធានការថ្មីនេះនឹងបន្ថែមសម្ពាធពីលើក្រុមហ៊ុន Golden Globe ដែលជាប់ទណ្ឌកម្មស្រាប់ពីអាម៉េរិក កាលពីខែកក្កដាឆ្នាំ ២០២៥ ផងដែរ។ Golden Globe មានមូលដ្ឋាននៅប្រទេសតួកគីបានជួយ IRGC សម្រាប់ប្រតិបត្តិការទូរទាត់លុយពីការលក់ប្រេងរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ។ បុគ្គលទាំងបីនាក់នោះ មានដូចជា Ahmad Mohammadi Zadeh, Samad Fathi Salami, និង Mohammadreza Ashrafi Ghehi។

ការប្រកាសនេះកើតឡើង បន្ទាប់ពីរតនាគារអាម៉េរិកប្រកាសទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនដែលផ្តល់ជំនួយដល់អ៊ីរ៉ង់ក្នុងការទិញសព្វាវុធ និងសមាសធាតុប្រើសម្រាប់ផលិតអាវុធ កាលពីថ្ងៃសុក្រកន្លងទៅនេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថា រដ្ឋបាល Trump នឹងបន្តដាក់សម្ពាធលើទីក្រុងតេអេរ៉ង់រហូតដល់រដ្ឋាភិបាល និងយោធាអុីរ៉ង់អស់ថវិកាសម្រាប់ទិញអាវុធ កម្មវិធីនុយក្លេអ៊ែរ ឬការគាំទ្រសម្រាប់ប្រូកស៊ីក្នុងតំបន់។ រតនាគារអាម៉េរិកនឹងបន្តព្យាយាមកាត់ផ្តាច់របបអ៊ីរ៉ង់ចេញពីបណ្តាញហិរញ្ញវត្ថុទាំងអស់ ដែលពួកគេប្រើប្រាស់សម្រាប់ធ្វើសកម្មភាពភេរវកម្ម និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានអស្ថិរភាព។

ការប្រកាសទណ្ឌកម្មទាំងនេះកើតឡើងប៉ុន្មានថ្ងៃ មុនពេលកិច្ចប្រជុំរវាងប្រធានាធិបតីអាម៉េរិក លោក Donald Trump ជាមួយមេដឹកនាំចិនលោក Xi Jinping។ គេកំពុងរង់ចាំមើលថា លោក Trump អាចនឹងបញ្ចុះបញ្ចូលទីក្រុងប៉េកាំងឱ្យប្រើឥទ្ធិពលរបស់ខ្លួនលើអុីរ៉ង់ ដើម្បីជំរុញឱ្យមានបទឈប់បាញ់ដ៏ទូលំទូលាយ និងដំណោះស្រាយចំពោះការរំខានដែលកំពុងកើតមាន នៅច្រកសមុទ្រ Hormuz៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា