បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

បរទេស​​ ៖ យោងតាមរបាយការណ៍ពីកាសែត Washington Post ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន RT បានឱ្យដឹងថា នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន ខណៈពេលដែលអ៊ីស្រាអែលបានរក្សាទុកគ្រាប់រំសេវរបស់ខ្លួនទៅវិញ។

Advertisement

ប្រភពដដែលបានសរសេរថា មន្ត្រីអាម៉េរិកជាច្រើនរូបដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយថា កងកម្លាំងអាម៉េរិកបានបាញ់គ្រាប់មីស៊ីលស្ទាក់ចាប់ប្រភេទ THAAD អស់ជាង ២០០ គ្រាប់ (ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃស្តុកសរុបរបស់សហរដ្ឋអាមេរិក) រួមជាមួយមីស៊ីលប្រភេទ SM-3 និង SM-6 ជាង ១០០ គ្រាប់ទៀត ដើម្បីស្ទាក់ចាប់មីស៊ីលពីការវាយប្រហាររបស់អ៊ីរ៉ង់។ ផ្ទុយទៅវិញ អ៊ីស្រាអែ​​​​ល បានប្រើប្រាស់មីស៊ីលស្ទាក់ចាប់ប្រភេទ Arrow ត្រឹមតែ ១០០ គ្រាប់ និងប្រភេទ David’s Sling ចំនួន ៩០ គ្រាប់ប៉ុណ្ណោះ ដែលគ្រាប់ខ្លះត្រូវបានប្រើប្រាស់ដើម្បីការពារការវាយប្រហារដោយអាវុធមិនសូវទំនើបពីសំណាក់ក្រុមប្រយុទ្ធខ្សោយៗដូចជានៅលីបង់ និងយេម៉ែន។

អ្នកជំនាញបានហៅ ស្ថានភាពនេះមិនសមាមាត្ររវាងគ្នាឡើយដោយសារតែទីក្រុងវ៉ាស៊ីនតោនបានចំណាយអស់ស្ទើរតែពាក់កណ្តាលនូវស្តុកបច្ចេកវិទ្យាខ្ពស់របស់ខ្លួនដើម្បីការពារអ៊ីស្រាអែល។​ បន្ថែមពីនេះ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជម្លោះនេះក៏កំពុងតែកើនឡើងផងដែរ។ យ៉ាងណាក៏ដោយ ទោះបីជាមន្ទីរបញ្ចកោណ ប៉ាន់ប្រមាណថា ការចំណាយផ្ទាល់មានចំនួនតិចជាង ៣០ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែអ្នកវិភាគខាងក្រៅបានព្រមានថា ការចំណាយពិតប្រាកដ រាប់ទាំងការផលិតគ្រាប់រំសេវទំនើបៗឡើងវិញ និងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលទៅលើសេដ្ឋកិច្ចអាម៉េរិក អាចនឹងកើនឡើងរហូតដល់សរុបលើសពី ១ ទ្រីលីនដុល្លារ។

លើសពីនេះទៅទៀត បើទោះបីជាមានការទម្លាក់គ្រាប់បែកពីអាម៉េរិក និងអ៊ីស្រាអែលយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថា អ៊ីរ៉ង់ នៅតែរក្សាបាន ៧០ភាគរយនៃស្តុកមីស៊ីល និងទម្របាញ់ចល័តរបស់ខ្លួន ហើយអាចចូលទៅប្រើប្រាស់ឡើងវិញបានរហូតដល់ ៩០% នៃមូលដ្ឋានយោធាក្រោមដីដែលបានរងការខូចខាត។ យ៉ាងណាក្តី ខណៈពេលដែលមានសម្ពាធជាយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុកាន់តែខ្លាំងឡើងនេះ កិច្ចប្រឹងប្រែងផ្នែកការទូតនៅតែបន្តធ្វើឡើង។ ទោះបីជាប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានព្រមានជាថ្មីថានឹងបន្តការវាយប្រហារ លុះត្រាតែទីក្រុងតេហរ៉ង់យល់ព្រមតាមលក្ខខណ្ឌសន្តិភាពរបស់លោកក៏ដោយ ប៉ុន្តែអ្នកសង្កេតការណ៍បានកត់សម្គាល់ថា ការពន្យារពេលបទឈប់បាញ់ដ៏ផុយស្រួយជាបន្តបន្ទាប់ បង្ហាញថា វ៉ាស៊ីនតោនប្រហែលជាកំពុងស្វែងរកផ្លូវចេញពីជម្លោះដែលមិនចំណេញនេះ។

ទន្ទឹមនឹងនេះ ទីក្រុងតេហរ៉ង់បានអះអាងថា​ របស់ខ្លួននឹងមិនចុះចាញ់ក្រោមការបង្ខិតបង្ខំនោះទេ ដោយបានទាមទារឱ្យអាម៉េរិកបញ្ឈប់ការគាបសង្កត់ផ្នែកនាវាចរណ៍ និងទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមនៅលីបង់ ដើម្បីជាលក្ខខណ្ឌមុននឹងឈានទៅដល់កិច្ចព្រមព្រៀងណាមួយកើតឡើង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា