បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតផលខ្មែរចម្រុះ កំពុងដាក់តាំងបង្ហាញលក់ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី១៩ នៅខេត្តសៀមរាប

ផលិតផលខ្មែរចម្រុះ កំពុងដាក់តាំងបង្ហាញលក់ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី១៩ នៅខេត្តសៀមរាប

សៀមរាប៖ យ៉ាងហោចណាស់ផលិតផលខ្មែរចម្រុះច្រើនជាង១០០មុខ រួមទាំងបន្លែសុវត្ថិភាពផងដែរនោះ ត្រូវបានដាក់តាំងបង្ហាញ​ និងលក់នៅតាមស្តង់ចំនួន ១១០ស្តង់ ក្នុងព្រឹត្តិការណ៍​ពិព័រណ៍ផលិត​ផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ក្រោមប្រធានបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» នៅខេត្តសៀមរាប។

Advertisement

ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី ១៩ ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកពិព័រណ៍ដ៏មានសារៈសំខាន់នេះថា ជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងបានយ៉ាងល្អប្រសើរ ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ និងសម្បូរបែប ក្នុងគោលបំណងជំរុញ លើកកម្ពស់ គាំទ្រ ប្រើប្រាស់ និងបង្ហាញផលិតផល សេវាកម្មសក្តានុពលរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសក្នុងការផ្គូរផ្គងរវាងធុរជនក្នុងប្រទេស និងផ្សព្វផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមលើកកម្ពស់ផលិតជាតិ (Made In Cambodia) ឱ្យមានការប្រើប្រាស់កាន់តែច្រើនឡើង ព្រមទាំងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ»។

សូមជ្រាបថា ព្រឹត្តិការណ៍នេះ បានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញ-នាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋានទាំងអស់ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ប្រកបដោយគុណភាព សោភ័ណភាព និងអនាម័យ ទៅកាន់សាធារណជន ផងដែរ។

ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ ជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងសម្ពោធ យុទ្ធនាការផលិតផលជាតិ (Made In Cambodia) ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១សប្តាហ៍ ក្នុង១ខែ មានរយៈពេល ១ឆ្នាំពេញ ដោយផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត នៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចដល់ធុរជន និងវិនិយោគិននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការរូបនេះបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ និងបានលើកទឹកចិត្តដល់ផលិតករ ពាណិជ្ជករ និងអាជីវករកម្ពុជាទាំងអស់ បន្តខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់តម្រូវការទីផ្សារ ដោយត្រូវពង្រឹងគុណភាព សោភ័ណភាព និងសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍លើកទី១៩នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៩២ និងមានស្តង់ចំនួន ១១០ស្តង់។ ក្រៅពីដាក់តាំងបង្ហាញបន្លែផ្លែឈើស្រស់ និងផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ ក៏មានរៀបចំកម្មវិធីអមនានា ដូចជា ៖ សិក្ខាសាលាស្ដីពី៖ «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព», សិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ «ការជំរុញ និងលើកកម្ពស់ផលិត​ផលកសិ-ពាណិជ្ជកម្ម វិស័យស្វាយចន្ទី និងម្រេចកម្ពុជា» យុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហារខ្មែរ ព្រមទាំងការសម្តែងសិល្បៈ និងតន្រ្តីស្គរដៃខ្មែរផងដែរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា