បរទេស៖ ស្របពេលសេដ្ឋកិច្ចចិនកំពុងរងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្រាប់ទៅហើយនោះ សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែដាក់សម្ពាធដល់មហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក បន្ថែមទៀត។ នេះបើយោងតាមការរាយការណ៍ពី BBC។

បរទេស៖ ស្របពេលសេដ្ឋកិច្ចចិនកំពុងរងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្រាប់ទៅហើយនោះ សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែដាក់សម្ពាធដល់មហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក បន្ថែមទៀត។ នេះបើយោងតាមការរាយការណ៍ពី BBC។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងកំណើនយឺតយ៉ាវ និងអត្រាគ្មានការងារធ្វើដោយរងប៉ះពាល់ពីពន្ធគយពីឆ្នាំមុនស្រាប់ទៅហើយ ជម្លោះនៅមជ្ឈិមបូព៌ាថ្មីៗនេះបន្ថែមសម្ពាធលើការចំណាយថ្លៃដើម និងការបញ្ជាទិញ។ នេះជាហេតុផលមួយដែលទីក្រុងប៉េកាំងអំពាវនាវឱ្យបញ្ចប់សង្រ្គាម។
ថ្វីត្បិតតែចិនមានប្រេងបម្រុងច្រើន និងនាំមុខគេក្នុងការផលិតថាមពលឡើងវិញ រួមជាមួយនឹងឧស្សាហកម្មរថយន្តអគ្គិសនី (EV) អាចការពារពីវិបត្តិប្រេងឥន្ធនៈក្តី ប៉ុន្តែការបិទច្រកសមុទ្រ Hormuz នៅតែជាការរំខានខ្លាំងមួយ ដោយសារចិនពឹងផ្អែកខ្លាំងលើការនាំចេញ។
ពាណិជ្ជករចិនម្នាក់ បានបង្ហើបថា ការចំណាយថ្លៃដើមកើនឡើងប្រហែល ២០ ភាគរយ លើការកាត់ដេរសំលៀកបំពាក់សម្រាប់អ្នកលក់រាយដូចជា Zara, Shein, និង Temu ជាដើម។ ការចំណាយលើថ្លៃដើមខ្ពស់ជាងមុន ដោយសារការឡើងថ្លៃនៃតម្លៃប្រេងជំរុញឱ្យតម្លៃដឹកជញ្ជូនឡើងថ្លៃតាមនោះ ដែលជាមូលហេតុធ្លាក់ចុះនៃការទទួលបញ្ជាទិញជា ពិសេសពីអតិថិជនអន្តរជាតិ។ ដូច្នេះហើយ អាជីវកម្មចិនត្រូវការការផ្គត់ផ្គង់ប្រេងតម្លៃថោក និងស្ថិរភាព ដោយសារតម្លៃប្រេងខ្ពស់ធ្វើឱ្យពួកគេទទួលបានការបញ្ជាទិញតិចជាងមុន ខណៈទំនិញនៅគរពេញឃ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនី (EV) ក៏ជាការនាំចេញដ៏ធំបំផុតមួយរបស់ចិនទៅកាន់មជ្ឈិមបូព៌ាផងដែរ ប៉ុន្តែឥឡូវនេះកំពុងជួបការលំបាកក្នុងការនាំចេញទៅកាន់តំបន់នេះ។ លោកស្រី Joyce Liu ពាណិជ្ជកររថយន្ត លើកឡើងថា
“កាលពីឆ្នាំមុន ៩០ ភាគរយនៃរថយន្តរបស់យើងបាននាំចេញទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែយើងស្ទើរតែឈប់ធ្វើជំនួញជាមួយពួកគេនៅឆ្នាំនេះ ដោយសារតែសង្រ្គាម។ រថយន្តជាច្រើនកំពុងជាប់នៅកំពង់ផែចិននៅឡើយ។”
លោកស្រីកំពុងស្វែងរកអ្នកទិញថ្មីៗពីទ្វីបអាហ្រ្វិក និងអាម៉េរិកខាងត្បូង។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសមួយចំនួនក៏កំពុងចាប់អារម្មណ៍រថយន្តអគ្គិសនី (EV) របស់ចិនផងដែរ ដោយសារថ្លៃប្រេងសាំង និងម៉ាស៊ូតឡើងថ្លៃជាបន្តបន្ទាប់។
គណៈប្រតិភូមកពីប្រទេសអូម៉ង់ លោក Zahir Mohammed Zahir al-Kaabi លើកឡើងថា “យើងនៅតែចង់សហការជាមួយក្រុមហ៊ុនចិន ប៉ុន្តែវាពិបាកណាស់ឥឡូវនេះ។ នៅពេលដែលសង្គ្រាមបញ្ចប់ ការធ្វើជំនួញនឹងល្អឡើងវិញ។”
ការបញ្ចប់សង្គ្រាមគឺជាអ្វីដែលទីក្រុងប៉េកាំងចង់បាន។ ស្របពេលដែលចិនកំពុងព្យាយាមធានាកិច្ចប្រជុំកំពូលជាមួយនឹងអាម៉េរិកឱ្យកើតឡើង នៅខែឧសភា ខាងមុខនេះ ចិនក៏កំពុងរុញសម្ព័ន្ធមិត្តអ៊ីរ៉ង់ទៅរកតុចរចាផងដែរ។ ប្រធានាធិបតីចិនលោក Xi Jinping ក៏បាននិយាយគ្នាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតផងដែរ។
លោក William Figueroa សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Groningen លើកឡើងថា ចិនកំពុងបត់បែនទំនាក់ទំនងការទូតរបស់ខ្លួន ដែលបង្ហាញថា ចិនមិនគ្រាន់តែជាចំណុចសំខាន់នៃសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនឥទ្ធិពលជាមហាអំណាចសកលផងដែរ៕
