បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណាំឪឡឹក ងាយស្រួលដាំ ចំណាយតិច និងរួមចំណែកផ្គត់ផ្គង់ដល់ទីផ្សារកសិផលខ្មែរ

ដំណាំឪឡឹក ងាយស្រួលដាំ ចំណាយតិច និងរួមចំណែកផ្គត់ផ្គង់ដល់ទីផ្សារកសិផលខ្មែរ

ដំណាំឪឡឹកជាដំណាំមួយងាយស្រួលដាំ និងចំណាយពេលតិច ដោយប្រើប្រាស់រយៈពេលត្រឹមតែ​ ៥៨ ថ្ងៃ នោះឪឡឹកអាចប្រមូលផលបាន ហើយផលដែលទទួលបានមកវិញគឺសមល្មមអាចទទួលយកបាន ដោយអាចផ្គត់ផ្គង់ដល់ទីផ្សារ ពិសេសជាដំណាំបានរួមចំណែក សម្រាប់ទីផ្សារកសិផលក្នុងស្រុក។

Advertisement

សហគមន៍​កសិករ​ ចំប៉ាសែនជ័យ ជាសហគមន៍ ឯកទេសខាងដាំដុះបន្លែផ្លែ ដ៏មានសក្តានុពលមួយ ស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក៏ជាសហគមន៍ដែលបានដាំឪឡឹក​​ នៅពេលដែល​ត្រូរដូវវ​ដាំ ពិសេសក្រោយរដូវច្រូតកាត់រួច។

លោក​ គង់​ វ៉ុង​ ប្រធានសហគមន៍​កសិករ​ ចំប៉ាសែនជ័យ បាន​ប្រាប់​បណ្តាញព័ត៌មានAMS ថា ឪឡឹក​ក្នុង ​១ ឆ្នាំ​គេ​អាច​ដាំ​បាន ២ ដង​ ប៉ុន្តែ​បើ​ដល់​ខែ កសិករតែងតែ​នាំគ្នាដាំ ​​ទាន់​ពេលដែលអាកាសធាតុ​អំណោយផល ដំណាំនេះ ក៏នឹងហុច​ផលល្អ នេះបើតាមអ្វីដែលកសិករនៅតបន់របស់លោកបានធ្វើ។ លោកបាន​បញ្ជាក់​ថា ដោយសារតែសហគមន៍ មានឯកទេសខាងដាំដុះបន្លែផ្លែ ដ៏មានសក្តានុពលមួយនៅ ខេត្តតាកែវ ទើបការដាំឪឡឹកបានក្លាយជាដំណាំទីពីរសម្រាប់សហគមន៍។

លោក​ គង់​ វ៉ុង​ បាន​បញ្ជាក់​ថា​៖

“ការដែល​កសិករ​ ​គាត់​នាំគ្នា​ដាំ​ឪឡឹក​នេះ​ គឺ​គាត់ចង់នាំចូលបន្លែផ្លែជាដំណាំឪឡឹកចូល​ទីផ្សារ ​តែ​មិន​ទាន់​ពេញលេញ​ទេ​ ព្រោះបច្ចេកទេស​ដាំដុះ គឺប្រើតែក្នុង​ក្នុង​រដូវ​ ក្រោយពីច្រូតកាត់រួច ដោយសារតែ​កសិករសហគមន៍ គាត់ជាប់ដៃដាំបន្លែផ្លែមួយចំនួនទៀត​ ផងដែរ​។”

លោកប្រធានសហគមន៍ ​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​លើ​ផ្ទៃដី​ដែល​សហគម​ន៍ប្រមាណជិត ២០ គ្រួសារបាន​ដាំដុះ​សព្វថ្ងៃ​ និង​ប្រមូល​ផល​ គឺលើផ្ទៃដីប្រមាណតែ​ជាង​ ១៥ ហិ​កតា​ប៉ុណ្ណោះ​ តែបានធ្វើឱ្យដំណាំឪឡឹកនៅទីនេះល្បីឈ្មោះ ហើយអាចចូលផ្គត់ផ្គង់ទីផ្សារបានមួយចំណែក។ ​តែក៏មានកសិករចំនួន ៧ ទៅ ៨ គ្រួសារ បានដាំ​ឪឡឹកវិលជុំ ​ដែលធ្វើឱ្យឪឡឹកទទួលផលខុស​ខែ​គ្នា នឹងធ្វើ​ឱ្យ​គេ​អាច​ប្រមូល​ផល​បាន​ជា​បន្ត​គ្នា​ពុំ​ដាច់​ទេ​។

ចំណែក​រឿង​តម្លៃនៅលើទីផ្សារ​ លោក​ គង់ វ៉ុង​ បាន​ប្រាប់​ឱ្យដឹងថា​៖

“ឪឡឹក​ គឺជា​ផ្លែឈើ​ដែល​មានតម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​យើង​អាច​លក់​បាន​ក្នុង​តម្លៃ​តែ៨ 00 ទៅ​ ១,២00 ​រៀល​ប៉ុណ្ណោះ ​ក្នុង​ផ្លែ​ឪឡឹក​ ១ គីឡូ​ក្រាម​ តែ​ដោយសារតែការជ្រើសរើសពូជ ប៉ុន្មាន​ឆ្នាំមក​នេះ ​យើង​អាច​លក់​បាន​ថ្លៃជាង​មុន​បន្តិច​គឺ​ ១,២០០​ ទៅ ២,០០០ រៀល​ក្នុង​ ១ គីឡូក្រាម​។”

បច្ចុប្បន្ន ដំណាំឪឡឹក​បាន ឱ្យផលមិនស្មើដៃទេ ដោយសារតែពីមុនយើងដាំលក្ខណៈប្រពៃណី​ ជាឪឡឹកសាច់ក្រហម ​ផ្លែ​រាង​តូច​ ហើយ​​ការដាំឥឡូវ គឺបានពូជពីតៃវ៉ាន់ ដែលប្រភេទសាច់វាមានពណ៌លៀង និពណ៌ការ៉ុត ​និងទំហំផ្លែ​រាង​ធំ​ ​ ដែលប្រភេទនេះ ជួនកាលមានទម្ងន់ពី ៣,៥ ដល់ទៅ ៧ គីឡូ។ ​នេះបើតាមលោក​ គង់​ វ៉ុង​។

បើតាម កសិករ​​ដាំឪឡឹកប្រដេញរដូវ ដាំវិលជុំ ឈ្មោះឯក វ៉ាត ​​ បាន​ឱ្យ​ដឹ​ងថា ​ឪឡឹកគាត់​ភាគច្រើន ​​​​គឺឪឡឹក​​​ ដែលគាត់បានដាំវិលជុំ​ ដើម្បីបំពេញម្រូវការទីផ្សារមិនឱ្យដាច់។ ប៉ុន្តែលោកបានបញ្ជាក់ថា​ ក្នុងរដូវកម្រ និងដាំតាម​បច្ចេកទេស​ថ្មី​ ឪឡឹកនេះលក់បានថ្លៃ ក្នុងតម្លៃពី ២,០០០ រៀល ទៅ ២,៥​០០ រៀល ព្រោះទិន្នផលវាហុចផលល្អ​ និងមានទម្ងន់ធ្ងន់។ លោក បានលើកឧទាហរណ៍បញ្ជាក់ថា ​ក្នុងដី ៤០ អា ​លោកទទួលផលឪឡឹកចំនួនជាង ១៨ តោន ដែលចំនួននេះលោកបានចាត់ទុកថាជាជោគជ័យ។

​លោកប្រធានសហគមន៍ បានមានប្រសាសន៍ថា លោកក៏បានត្រៀមខ្លួនខ្លួន ក្នុងការ​ដាំដុះ​ឪឡឹក​តាម​បច្ចេក​ទេស​ថ្មី​ក្នុង​រដូវ​ដែល​កម្រ​ ដើម្បី​​បំពេញ​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់ ពិសេសរដូវបុណ្យទានផ្សេងៗដែលមានតម្រូវការ​ ហើយទោះបីជាសហគមន៍លោកបានចាត់ទុកឪឡឹកជាដំណាំទីពីរ ក៏ពិតមែន តែយ៉ា​ងណា ក៏បាន​​​រួមចំណែកពង្រីកទីផ្សារកសិផលផងដែរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា