បរទេស៖ សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨។ នេះបើយោងតាមការរាយការណណ៍ពី CNBC។

បរទេស៖ សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨។ នេះបើយោងតាមការរាយការណណ៍ពី CNBC។
កាលពីថ្ងៃអាទិត្យ សេតវិមាន លើកឡើងថា ចិនយល់ព្រមទិញសណ្តែកសៀងពីអាម៉េរិក និងដោះស្រាយបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់រ៉ែកម្រទៅឱ្យអាម៉េរិក បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងទីក្រុងប៉េកាំង។
លើសពីនេះ ចិននឹងទិញទំនិញកសិកម្មពីអាម៉េរិកយ៉ាងហោចណាស់ ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៨ ដែលបន្ថែមលើការសន្យាទិញសណ្តែកសៀងកាលពីខែតុលា ឆ្នាំ ២០២៥។ នៅក្នុងកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុន ចិនបានយល់ព្រមទិញសណ្តែកសៀងពីអាម៉េរិកយ៉ាងហោចណាស់ ២៥ លានតោនក្នុងរយៈពេលបីឆ្នាំបន្ទាប់។
យ៉ាងណាមិញ ការធ្វើបច្ចុប្បន្នអំពីសណ្តែកសៀងកាលពីចុងសប្តាហ៍កន្លងទៅនេះ មិនបានបញ្ជាក់ពីចំនួនទៀតនោះទេ ប៉ុន្តែបានបញ្ជាក់ថា ចិនបានអនុញ្ញាតឱ្យនាំចូលសាច់គោ និងបសុបក្សីពីអាម៉េរិកឡើងវិញ។ ក្រសួងពាណិជ្ជកម្មចិនក៏មិនបានបញ្ជាក់អំពីចំនួន ឬ ឈ្មោះសណ្តែកសៀងផងដែរ ប៉ុន្តែអះអាងពីការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។
មិនត្រឹមតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់ចិនក៏មិនបានលើកឡើងអំពីរ៉ែកម្រផងដែរ ប៉ុន្តែខាងអាម៉េរិកលើកឡើងថា ចិននឹងដោះស្រាយការខ្វះខាតរ៉ែកម្រជាពិសេ yttrium, scandium, neodymium និង indium ។ ទីក្រុងប៉េកាំងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ រ៉ែកម្រជាច្រើនដែលជាសមាសធាតុសំខាន់សម្រាប់ការផលិតស្មាតហ្វូន រថយន្ត និងអាវុធ។
មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិក និងចិនព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីសម្រួលដល់ការពិភាក្សាទ្វេភាគីក្នុងវិស័យទាំងនោះ។ ចិនបានបញ្ជាក់ថា ការកាត់បន្ថយពន្ធនឹងក្លាយជាផ្នែកមួយនៃផែនការនេះ ប៉ុន្តែអាម៉េរិកមិនបានលើកពីបញ្ហាពន្ធគយនេះទេ។
អាម៉េរិកបានបញ្ជាក់អំពីផែនការរបស់ចិនក្នុងការទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង ប៉ុន្តែខាងទីក្រុងប៉េកាំងមិនបានបញ្ជាក់ចំនួនពិតប្រាកដឡើយអំពីកិច្ចព្រមព្រៀងទិញយន្តហោះនេះ ដោយគ្រាន់សង្កត់ធ្ងន់ទៅលើលក្ខខណ្ឌមួយវិញថា អាម៉េរិកនឹងធានាការផ្គត់ផ្គង់ម៉ាស៊ីនយន្តហោះ និងគ្រឿងបន្លាស់ផ្សេងៗឱ្យខ្លួន។ ចិនអាចផលិតយន្តហោះដឹកអ្នកដំណើរដោយខ្លួនឯង ដោយគ្រាន់តែពឹងផ្អែកលើគ្រឿងបន្លាស់ ឬផ្នែកខ្លះពីបរទេស។
លោក Jacob Shapiro ទីប្រឹក្សាភូមិសាស្ត្រនយោបាយនៅ The Bespoke Group លើកឡើងថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាម៉េរិក និងចិនអាចមើលទៅមិនមានអ្វីអស្ចារ្យខ្លាំងនោះទេ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តល្អប្រសើរឡើងបន្តិចម្តងៗក្នុងកម្រិតមួយដែលអាចទទួលយកបាន ដរាបណលោក Donald Trump នៅធ្វើជាប្រធានាធិបតី។
បន្ទាប់ពីលោក Trump ផុតអាណត្តិជាប្រធានាធិបតី អាចនឹងមិនមានអ្នកនយោបាយអាម៉េរិកណាមានបំណងចង់កែលម្អទំនាក់ទំនងជាមួយចិនឱ្យបានល្អពិតប្រាកដនោះឡើយ។
ទន្ទឹមនឹងនេះ ចិនក៏កំពុងត្រៀមខ្លួនដូចគ្នា ដោយទីក្រុងប៉េកាំងនឹងប្រើវិធីសាស្ត្រនិយាយអ្វីក៏ដោយឱ្យតែពិរោះស្តាប់ ដើម្បីឱ្យមើលទៅមានទំនាក់ទំនងល្អជាមួយលោក Trump ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំនេះសិន ខណៈដែលកំពុងត្រៀមខ្លួនទប់ទល់នឹងប្រធានាធិបតីថ្មីដែលអាចនឹងមានជំហរតឹងរ៉ឹង និងម៉ឺងម៉ាត់ជាងគាត់៕
