ភ្នំពេញ ៖ កសិករមួយគ្រួសារ ស្ថិតនៅភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានចែករំលែកពីបទពិសោធន៍នៃការធ្វើកសិកម្មចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុបត្រឹមតែ ០,៣ហិកតា ឬប្រមាណ ៣០០០ម៉ែត្រការ៉េ ដោយក្នុងមួយខែគិតជាមធ្យមអាចរកចំណូលបានជិត ១០០០ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក ឈត់ ឈន បច្ចុប្បន្នជាកសិករគំរូ ដែលអនុវត្តកសិកម្មតាមប្រព័ន្ធកសិអេកូឡូស៊ី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ក្រោយពេលរៀបការរួច លោក និងភរិយា គ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើជាជាងសំណង់(ផ្ទះឈើ)ឱ្យគេដែលជាអ្នកម៉ៅការ ហើយចំណូលដែលជាប្រាក់ឈ្នួលទទួលបានមកគ្រាន់តែចម្អែតក្រពះប្រចាំថ្ងៃប៉ុណ្ណោះ ឬអាចនិយាយបានថា ការងារបែបនេះ គឺរកចំណូលបានមិនគ្រប់គ្រាន់សម្រាប់ការចំណាយនោះទេ បើសិនជាថ្ងៃណាមានធុរៈនៅផ្ទះមិនបានទៅធ្វើការ គឺអត់ចំណូល ជាក់ស្ដែង នៅអំឡុងវិបត្តិកូវីដ១៩ គឺជាវេលាមួយដែលលោក និងភរិយាត្រូវបាត់បង់ការងារ គ្មានប្រាក់ចំណូលទាំងស្រុង ។
លោកបន្តថា ក្នុងពេលរូបលោកបាត់ចំណូល អត់ការងារធ្វើ លោកបានចាប់ផ្ដើមដាំដំណាំនៅជុំវិញផ្ទះតាមការណែនាំរបស់អង្គការហ្គ្រេត ដោយជំហានដំបូងលោកដាំតែដំណាំមួយប្រភេទប៉ុណ្ណោះក្នុងមួយលើកៗ ឧទាហរណ៍ថា ដាំតាសក់ គឺដាំតែតាសក់ បើដាំស្ពៃ គឺដាំតែស្ពៃ ។ ការដាំដំណាំបែបនេះ លោកទទួលបានចំណូលតែមួយលើកៗដូចគ្នា ហើយនៅពេលប្រមូលផលអស់ លោកក៏លែងទទួលបានចំណូលដែរ ។ ក្រោយមក លោកក៏បានដាំបន្លែចម្រុះជាច្រើនមុខ ហើយអាចរកចំណូលបានប្រចាំថ្ងៃតែម្ដង ជាក់ស្ដែង បច្ចុប្បន្ន លោកបានដាំដំណាំចម្រុះប្រមាណ ៣០ប្រភេទ ហើយក្រៅពីនេះ លោកក៏មានចិញ្ចឹមសត្វផ្សេងៗផងដែរ ដូចជា មាន់ ត្រី និងកង្កែប ជាដើម។
លោកបញ្ជាក់ថា ៖
«ការដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ បានធ្វើឱ្យខ្ញុំរកចំណូលបានប្រចាំថ្ងៃ ពោលគឺនៅពេលបើកភ្នែកកាលណា ឬមេឃភ្លឺភ្លាម ដឹងតែមានចំណូលចូលហើយ ដោយយ៉ាងហោចណាស់ ក្នុងមួយថ្ងៃក៏អាចរកចំណូលពីការលក់បន្លែ និងលក់មាន់ កង្កែប ត្រី បាន ១០ម៉ឺនរៀលដែរ ។ ចំណែកអ្នកទិញបន្លែ និងមាន់ ត្រី កង្កែប មានទាំងអ្នកក្នុងភូមិ ឃុំ និងឈ្មួញមកទិញដើម្បីយកទៅលក់បន្តនៅទីផ្សារក្នុងក្រុងសៀមរាប» ។
លោក ឈត់ ឈន បានប្រាប់បន្ថែមថា នៅក្នុងភូមិឃុំរបស់លោកមានកសិករមិនច្រើនទេដែលអនុវត្តកសិកម្មតាមប្រព័ន្ធកសិអេកូឡូស៊ី ដោយភាគច្រើនគឺដាំដុះតាមទម្លាប់ និងប្រើជីគីមី ប្រើថ្នាំកសិកម្ម ព្រោះងាយស្រួលជាងការដាំដុះបន្លែសុវត្ថិភាព ឬ សរីរាង្គ ។
លោកថា ៖
« ការដាំដុះបន្លែតាមទម្លាប់ធម្មតា វាបានផ្ដល់ចំណូលឱ្យតែក្នុងមួយលើកៗទេ ហើយពេលខ្លះបន្លែទាំងនោះលក់មិនចេញទៀត ដោយសារតែក្នុងពេលតែមួយ ក៏មានគេដាំដូចគ្នាដែរ គេក៏ដាំ យើងក៏ដាំ ហើយប្រមូលផលក្នុងពេលតែមួយដូចគ្នា ។ សម្រាប់ខ្ញុំ បានដាំបន្លែចម្រុះជាច្រើនមុខ គឺប្រមូលផលរៀងរាល់ថ្ងៃ ដូច្នេះ នៅខែណាក៏មានបន្លែសម្រាប់លក់ដែរ»។
ជាការកត់សម្គាល់ ក្រោយពេលអនុវត្តការដាំដុះដំណាំចម្រុះតាមប្រព័ន្ធកសិអេកូឡូស៊ី ជាលទ្ធផល ទិន្នផលរបស់កសិករ ឈត់ ឈន ទទួលបានការគាំទ្រពីអតិថិជនជាច្រើន ទាំងអ្នករស់នៅក្នុងតំបន់ ទាំងអ្នករង់ចាំតទទួលទិញយកទៅលក់បន្ត ដោយសារតែការជឿទុកចិត្តលើបន្លែសុវត្ថិភាពរបស់លោក ហើយថែមទាំងបានស្នើឱ្យកសិករគំរូម្នាក់នេះ បន្ថែមការដាំដុះឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការដែលកំពុងកើនឡើងជាលំដាប់។
នៅក្នុងឱកាសជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ថា ចាប់តាំងពីលោកបានចាប់ផ្ដើមរបរកសិកម្មដោយអនុវត្តតាមប្រព័ន្ធកសិអេកូឡូស៊ីរហូតមក វាបានផ្លាស់ប្តូរជីវភាពគ្រួសារស្ទើរមិនគួរឱ្យជឿ ។ ពីគ្រួសារដែលមានជីវភាពលំបាក មកជាគ្រួសារមានប្រាក់ចំណូលរាល់ថ្ងៃ អាចឱ្យកូនៗចូលរៀនសូត្របានគ្រប់គ្នា និងត្រៀមបញ្ជូនកូនឱ្យទៅរៀនដល់ថ្នាកឧត្តមសិក្សានៅទីក្រុងនៅពេលអនាគត ខណៈបច្ចុប្បន្ន កូនច្បងរបស់លោកកំពុងរៀនថ្នាក់ទី១១ ហើយកូនពៅរៀនថ្នាក់ទី៩ ។
លោក សុខ សុធា មន្ត្រីជំនាញផ្នែកកសិអេកូឡូស៊ី នៃអង្គការ ហ្គ្រេត បានមានប្រសាសន៍ថា ការធ្វើកសិកម្មតាមប្រព័ន្ធកសិអេកូឡូស៊ី មិនត្រឹមតែជួយកសិករឱ្យរកចំណូលបានតែមួយមុខនោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់សុខុមាលភាពពលរដ្ឋក្នុងសហគមន៍តាមរយៈការបរិភោគបន្លែ ត្រី សាច់ ដែលមានសុវត្ថិភាព គ្មានសារធាតុគីមី មិនបារម្ភប៉ះពាល់ដល់សុខភាព ។ ការធ្វើកសិកម្មតាមប្រព័ន្ធកសិអេកូឡូស៊ីនេះដែរ ក៏នឹងជួយរក្សាគុណភាពដីរបស់កសិករឱ្យនៅតែមានជីជាតិ កាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ធ្វើឱ្យការរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ៕