បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជាពិតប្រាកដ ត្រូវបានព្យាករថានឹងកើនឡើងត្រឹម ៣,៩ ភាគរយ នៅឆ្នាំ២០២៦ និងងើបឡើងវិញដល់ ៤,៩ ភាគរយ នៅឆ្នាំ២០២៧។

Advertisement

យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ចេញផ្សាយថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៦នេះបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងបង្ហាញភាពធន់ ដោយមានការទ្រទ្រង់ពីការកើនឡើងនៃការវិនិយោគបរទេស​និងការនាំចេញដ៏រឹងមាំ ទោះជាការកើន​​ឡើងនៃថ្លៃប្រេងឥន្ធនៈ កំពុងដាក់សម្ពាធលើអាជីវកម្ម និងគ្រួសារកម្ពុជាក៏ដោយ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោកសម្រាប់ខែមិថុនា ឆ្នាំ២០២៦ ដែលមានចំណងជើងថា ពុះពារឆ្លងវិបត្តិ  (Navigating Shocks)  ដែលបានរៀបរាប់លម្អិតអំពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានជះផលប៉ះទង្គិចរបស់តម្លៃប្រេងមកដល់កម្ពុជា ធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មរបស់​បណ្តា​ក្រុមហ៊ុនកើនឡើង។

ផ្ទុយទៅនឹងការប្រឈមទាំងនេះ ការវិនិយោគផ្ទាល់ពីបរទេសបានឡើងដល់ ៥,១ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ដោយជួយបង្កើតការងារផ្លូវការប្រមាណ ៤០០ ០០០ ការងារ ហើយតាមរយៈនេះវាបានផ្តល់ឱកាសការងារសំខាន់ៗច្រើន សម្រាប់​កម្មករដែលប្តូរពីវិស័យកសិកម្ម និងសម្រាប់ពលករចំណាកស្រុក ដែលបានត្រឡប់មកពីប្រទេសថៃវិញ។

ការនាំចេញទំនិញក៏នៅរឹងមាំផងដែរ ដោយកើនឡើងបាន​ ១៧,៧ ភាគរយ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦។ របាយការណ៍ បានបញ្ជាក់ថា៖

“កំណើនផលិតផលក្នុងស្រុក​សរុបពិតប្រាកដ ត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,៩ភាគរយ នៅឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់៤,៩ ភាគរយ នៅឆ្នាំ២០២៧។”

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ សេដ្ឋកិច្ចកម្ពុជាកំពុងប្រឹងទប់ខ្លួនបាននៅចំពោះមុខសភាពការណ៍ប៉ះទង្គិចច្រើនយ៉ាងក្នុងពេលដំណាលគ្នា ប៉ុន្តែនៅតែបង្ហាញនូវភាពធន់ទ្រាំ ដែលអាចរក្សាបាន តាមរយៈវិធានការគោលនយោបាយដែលមានគោលដៅច្បាស់លាស់ ដើម្បីការពារការងារនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រី​បានបន្ថែម​ទៀតថា៖

 “តាមការព្យាករណ៍ចំណែកនៃចំនួនប្រជាជន ក្នុងវ័យធ្វើការនឹងឡើងដល់កំពូល​នៅប្រ​ហែល​ក្នុង ឆ្នាំ២០៤៣ អាស្រ័យហេតុនេះ ១៥ឆ្នាំ ទៅ ២០ ឆ្នាំខាងមុខ គឺជារយៈពេលមួយដ៏មានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់កម្ពុជា។ ការវិនិយោគទៅលើប្រជាជន លើការអប់រំ លើការងារ លើក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនថ្មីៗ គឺជាកត្តាដែលនឹងប្រែក្លាយកាលានុវត្តភាព ផ្នែកប្រជាសាស្ត្ររបស់កម្ពុជា ឱ្យទៅជាឧត្តមភាពប្រកួតប្រជែងដ៏អស្ចារ្យបំផុតរបស់ខ្លួន។”

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ចនៃ​រាជ​បណ្ឌិត​សភាកម្ពុជា មានប្រសាសន៍ទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងមានភាពប្រឈមជាមួយនឹងខ្យល់ព្យុះ នៃវិបត្តិសេដ្ឋកិច្ចសកលនានានៅលើពិភពលោក ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ទប់ទល់នឹងស្ថានការណ៍ខ្យល់ព្យុះបក់បោកនោះបាន ដូចជាបញ្ហាកង្វះទីផ្សារនៃកសិផលនៅតាមព្រំដែន បញ្ហាដឹកជញ្ចូន ក៍ដូជាការឡើងថ្លៃប្រងក៍ជះឥទ្ឋិពលខ្លាំងផងដែរ។  លោកថា៖

“ការអន្តរាគមន៍របស់រដ្ឋាភិបាលនៅទប់ទល់ ដែលធ្វើឱ្យស្ថានភាពវិបត្តិទាំងនោះ មិនអាចជះផលធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែទោះជាយ៉ាងណាក៍នៅតែមានផលជះមកលើកម្រិតជីវភាពរស់ប្រជាជនការលក់ដូរប្រចាំថ្ងៃផងដែរ។”

ការណ៍នេះធនាគារពិភពលោកបានផ្តល់អនុសាសន៍ ឱ្យមានការឆ្លើយតប គោលនយោបាយពហុវិស័យមួយដែលផ្តោតលើការគាំ​ពាររបរចិញ្ចឹមជីវិត និងគាំទ្រដល់ការបង្កើតការងារ ដំណាលគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដែលពង្រឹងភាពប្រកួតប្រជែងនិងផលិតភាព។ ។

សម្រាប់រយៈពេលខ្លី របាយការណ៍ស្នើឱ្យមានការផ្តល់សាច់ប្រាក់តាមគោលដៅ និងមានពេលវេលាកំណត់ដល់គ្រួសារងាយរងគ្រោះ ជំនួសឲ្យការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈជាទូទៅ។ របាយការណ៍ក៏បញ្ជាក់ផងដែរ អំពីការកៀរគរប្រាក់ចំណូលក្នុងស្រុក ដើម្បីបន្តនិងពង្រីកការវិនិយោគដ៏សំខាន់លើសុខភាព ការអប់រំ និងការគាំពារសង្គម។ ដើម្បីបន្ធូរបន្ថយសម្ពាធលើការងារនៅជនបទ ការបង្កើនល្បឿនសម្រាប់ការនាំចូលជីឱ្យបានឆាប់រហ័ស និងការលើកកម្ពស់ការធ្វើកសិកម្ម ដែលសន្សំសំចៃប្រេង​ឥន្ធនៈ នឹងជួយឱ្យកសិកររក្សាបានផលិតភាព និងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។

ជំពូកផ្តោតពិសេសលើ  ការប្រែប្រួលប្រជាសាស្ត្ររបស់កម្ពុជា និងមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ (Cambodia’s Demographic Transition and the Road to Vision 2050) សង្កត់ធ្ងន់លើភាពបន្ទាន់នៃការបង្កើតការងារដែលមានគុណភាព ក្នុង​ពេល​ដែលកាលានុវត្តភាពផ្នែកប្រជាសាស្ត្រចាប់ផ្តើមរួមតូច។ តាមរយៈការកសាងមូលធនមនុស្ស, បង្កើនផលិត​ភាព និងគាំទ្រវិស័យដែលមានសក្តានុពលការងារខ្លាំង នៅតែជាគន្លឹះអាទិភាព ស្របពេលដែលការធ្វើឱ្យសេដ្ឋកិច្ចផ្នែកថែទាំមនុស្ស​មានលក្ខណៈជាផ្លូវការ និងគោលនយោបាយចំណាកស្រុកកម្លាំងពលកម្មជាយុទ្ធសាស្ត្រ អាចបើកឱកាសកម្លាំងការងារជាស្រ្តីចូលរួម និងភ្ជាប់កម្មកររបស់កម្ពុជាទៅក្នុងតំបន់ទៀតផង៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា