បរទេស៖ ធនាគារពិភពលោក (World Bank) បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះប្រសិនបើនៅតែអូសបន្លាយបន្តទៀត។

បរទេស៖ ធនាគារពិភពលោក (World Bank) បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះប្រសិនបើនៅតែអូសបន្លាយបន្តទៀត។
តាមការចេញផ្សាយដោយសារព័ត៌មានល្បីឈ្មោះ Al Jazeera បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ធនាគារពិភពលោកបានចេញរបាយការណ៍ដែលបង្ហាញពីទស្សនវិស័យសេដ្ឋកិច្ចសកលថ្មី ដោយកាត់បន្ថយការព្យាករណ៍កំណើនជាសកលសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ២,៥ ភាគរយ ដែលធ្លាក់ចុះពីអត្រាព្យាករណ៍លើកមុន ២,៩ ភាគរយ ដោយសារការឡើងថ្លៃនៃតម្លៃថាមពល ការកើនឡើងអតិផរណា និងការចំណាយលើប្រាក់កម្ចីខ្ពស់។ ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់ថាមពលកាន់តែអាក្រក់ទៅៗ កំណើនសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១,៣ ភាគរយនៅឆ្នាំនេះ និងជំរុញឱ្យអតិផរណាកើនដល់ ៤,៤ ភាគរយ ហើយប្រទេសកំពុងអភិវឌ្ឍន៍គឺស្ថិតនៅជួរមុខនៃផលប៉ះពាល់។ ការកើនឡើងនៃការចំណាយគឺដោយសារហានិភ័យនៃជម្លោះដែលអាចនឹងផ្ទុះឡើងម្តងទៀត ខណៈដែលបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មានភាពផុយស្រួយខ្លាំង។ ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់កាន់តែធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងលើវិស័យថាមពលពិភពលោក និងខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងៗទៀត។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ប្រេងឆៅ Brent មានតម្លៃជាមធ្យម ៩៤ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដែលខ្ពស់ជាងឆ្នាំមុនរហូតដល់ ៣៦ ភាគរយ។ តម្លៃជីក៏នឹងឡើងថ្លៃខ្លាំងនៅឆ្នាំនេះផងដែរ ហើយនឹងមានផលប៉ះពាល់ដល់តម្លៃអាហារបន្ថែមទៀត។ ជាលទ្ធផល ការបិទច្រក Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សមខាន់ នឹងជំរុញអតិផរណាពិភពលោកកើនឡើងដល់ ៤ ភាគរយនៅឆ្នាំ២០២៦ ដែលជាការកើនឡើងយ៉ាងខ្លាំងពីអត្រា ៣,៣ ភាគរយកាលពីឆ្នាំ២០២៥ ហើយប្រសិនបើស្ថានភាពកាន់តែអាក្រក់ អត្រាអតិផរណានឹងកើនឡើងដល់ ៤,៤ ភាគរយ។
យ៉ាងណាមិញ ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងប្រសើរឡើងវិញនៅឆ្នាំ២០២៧ ប៉ុន្តែនឹងទាបជាងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងពីវិបត្តិហិរញ្ញវត្ថុសកលកាលពីទសវត្សរ៍ឆ្នាំ២០១០ ។ ធនាគារពិភពលោកបង្ហាញក្តីព្រួយបារម្ភថា ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន (មិនរាប់ចិន និង ឥណ្ឌា) នឹងកាន់តែមានគម្លាតជាមួយនឹងប្រទេសអ្នកមាន។ ទន្ទឹមនឹងនេះ ធនាគារពិភពលោកក៏បានសន្យាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ណាមួយដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដែលរងគ្រោះពីជម្លោះមជ្ឈិមបូព៌ាផងដែរ ជាមួយនឹងការត្រៀមកញ្ចប់ថវិកាចំនួន ៦០ ពាន់លានដុល្លារដើម្បីជួយសង្គ្រោះ ប៉ុន្តែ ប្រសិនបើជម្លោះនៅតែបន្ត ស្ថាប័នមួយនេះអាចបង្កើនការគាំទ្ររហូតដល់ ១០០ ពាន់លានដុល្លារ៕
