បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

បរទេស៖ កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក។ ​កាលពីថ្ងៃទី ៨ ខែមិថុនាកន្លងទៅនេះ WSJ បោះពុម្ពផ្សាយអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចរបស់កូរ៉េខាងជើង​មិន​ធ្លាប់​មាន​ពី​មុន​មក ដែលភាគច្រើនទទួលបានការគាំទ្រ​ពី​រុស្ស៊ី និង​ចិន ដែល​អាចជួយ​ឲ្យប្រទេសមួយនេះគេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ ប៉ុន្តែពលរដ្ឋក្នុងប្រទេសកំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភ និងការរំលោភសិទ្ធិមនុស្សនៅឡើយ។

Advertisement

កាលពីខែសីហាកន្លងទៅនេះ ធនាគារកណ្តាលកូរ៉េខាងត្បូង វិភាគថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដ (GDP) របស់កូរ៉េខាងជើងកើនឡើងដល់ ៣៦,៩៦ ទ្រីលានវ៉ុន (២៤,២ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤ ដែលកើនឡើង ៣,៧ ភាគរយ ពីឆ្នាំ ២០២៣។ ថ្វីត្បិតតែតួរលេខនេះមិនល្អខ្លាំង បើធៀបនឹងកូរ៉េខាងត្បូង ប៉ុន្តែសម្រាប់កូរ៉េខាងជើង វាគឺជាកំណើនដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

លោក Stephan Haggard សាស្ត្រាចារ្យនៅសកលវិទ្យាល័យ California វិភាគថា សេដ្ឋកិច្ចរបស់កូរ៉េខាងជើងឈានដល់កម្រិតកំពូលក្នុងរយៈពេលប្រហែល ១៥ ឆ្នាំ ក្រោមការដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

លើសពីនេះ​ គេកត់សម្គាល់ឃើញថា បរទេសជាច្រើនកំពុងចាប់អារម្មណ៍ពីការផ្លាស់ប្តូរនៅក្នុងកូរ៉េខាងជើង ជាពិសេស ការលេចរូបរាងនៃសេវាកម្មតាក់ស៊ី Samhung ស្រដៀងទៅនឹង Uber ឬ Kakao Taxi, ការទូទាត់លុយតាមកូដ QR, រថយន្តអគ្គិសនីរបស់ចិននៅតាមដងផ្លូវ, ហាងលក់សត្វចិញ្ចឹម, ហាងកាហ្វេ gaming, និងហាងលក់រថយន្តមានលក់ម៉ាក BMW ។

WSJ បានពន្យល់ថា នៅពេលដែលកូរ៉េខាងជើងធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកក្នុង អំឡុងពេលរាតត្បាត COVID-19 រដ្ឋាភិបាលកែប្រែក្លាយវិបត្តិនេះទៅជាឱកាសមួយដើម្បីពង្រឹងអំណាចរបស់គណបក្សលើសេដ្ឋកិច្ចក្នុងស្រុក។ បក្សកាន់អំណាចបែរជាប្រើប្រាស់វិធានការបិទខ្ទប់ និងវិធានការសុខាភិបាលដ៏តឹងរ៉ឹង ជំនួសឱ្យការបន្ធូរបន្ថយ ឬបើកចំហរប្រទេសដើម្បីស្រោចស្រង់សេដ្ឋកិច្ច។

រដ្ឋាភិបាលក្តោបក្តាប់ការបែងចែកស្បៀងអាហារ និងទំនិញឡើងវិញ ដែលធ្វើឱ្យពលរដ្ឋត្រូវពឹងផ្អែកលើរដ្ឋទាំងស្រុង ជំនួសឱ្យការពឹងផ្អែកលើផ្សារងងឹតខុសច្បាប់ ឬផ្សារឯកជនដូចមុន។ ឱកាសនេះបានអនុញ្ញាតឱ្យបក្សកាន់អំណាចរឹតបន្តឹងការគ្រប់គ្រងលើរាល់សកម្មភាពអាជីវកម្ម រូបិយប័ណ្ណបរទេស និងការចរាចរណ៍ទំនិញនៅក្នុងប្រទេសឱ្យស្ថិតនៅក្រោមបញ្ជារបស់មជ្ឈិមបក្សវិញទាំងស្រុង។

មិនត្រឹមតែប៉ុណ្ណោះ ពាណិជ្ជកម្ម​ជាមួយ​ចិន​ និង​រុស្ស៊ី ​បាន​ក្លាយជា​ខ្សែជីវិត​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កូរ៉េខាងជើង។ ចាប់តាំងពីឆ្នាំ ២០២២ មក​ កូរ៉េខាងជើងបានការផ្គត់ផ្គង់គ្រាប់រំសេវ និងបញ្ជូនកងទ័ពជាង ១ ៥០០០ នាក់ទៅគាំទ្ររុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

វិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិរបស់កូរ៉េខាងត្បូង (INSS) ប៉ាន់ប្រមាណថា បើគិតចាប់ពីឆ្នាំ ២០២៣ ដលឆ្នាំ ២០២៥ កូរ៉េខាងជើងអាចរកចំណូលបាន ១០ ពាន់លានដុល្លារតាមរយៈការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ខណៈពេលដែលចំណូលពាណិជ្ជកម្មប្រចាំខែជាមួយចិនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ ឆ្នាំ។

ទោះជាយ៉ាងណាក្ដី WSJ រិះគន់ដែរថា មានតែក្រុមអភិជនក្នុងទីក្រុងព្យុងយ៉ាងប៉ុណ្ណោះដែលទទួលបានផលផ្លែផ្កានៃកំណើននេះ ខណៈដែលតំបន់ភាគច្រើនកំពុងរស់នៅក្នុងភាពក្រីក្រ និងរងគ្រោះពីកង្វះអាហារូបត្ថម្ភនៅឡើយ។

មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើងនៅតែជាប្រទេសមួយក្នុងចំណោមអ្នករំលោភសិទ្ធិមនុស្សដ៏អាក្រក់បំផុត ដោយសារពលរដ្ឋអាចត្រូវបានប្រហារជីវិតដោយសារបទល្មើសដូចជា ការមើលរឿងភាគកូរ៉េខាងត្បូងដោយសម្ងាត់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា