បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មល្បីៗក្នុងស្រុកជាច្រើននាក់ ដែលភាគច្រើនមាននាទីជាអគ្គនាយកប្រតិបត្តិ និងជាជនជាតិខ្មែរល្បីៗវ័យក្មេង រួមមានដូចជា អគ្គនាយកប្រតិបត្តិ (CEO) កាហ្វេប្រោន (Brown Coffee and Bakery), អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា (KOI Thé Cambodia) , សហស្ថាបនិក CO – Creative Corners និង On Mart Cambodia , ស្ថាបនិក ក្រុមហ៊ុន HCST Investment Co., Ltd. រួមទាំងអ្នកថតរូបដ៏ទាក់ទាញ និងបង្កើតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត និងជា Vlogger បានមកចែករំលែកចំណេះដឹងទាក់ទងការចាប់ផ្តើមអាជីវកម្មលើកដំបូង និងការកសាងម៉ាកយីហោឱ្យរឹងមាំ ព្រមទាំងបទពិសោធន៍ជោគជ័យ និងបរាជ័យដល់យុវជនខ្មែរ ក្នុងវេទិកា Proudly-ខ្មែរ ដែលរៀបចំដោយ AIESEC សាខាវត្តភ្នំ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅ Factory  រាជធានីភ្នំពេញ។

Advertisement

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា។ តាមរយៈវេទិកានេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាស្វែងយល់ពីពិភពអាជីវកម្ម និងឱកាសទីផ្សារក្នុងស្រុក បង្កើនទំនុកចិត្តចំពោះផលិតផល និងម៉ាកសញ្ញារបស់ខ្មែរ ផ្តល់ចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែងពីស្ថាបនិក និងសហគ្រិនខ្មែរល្បីៗ ក៏ដូចជាបង្កើតឱកាសសម្រាប់កសាងម៉ាកសញ្ញា (Brrand) ក្នុងស្រុក បង្ហាញផលិតផល និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់វ័យក្មេង។

អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ពិត រៀនសូត្រដោយផ្ទាល់ពីម្ចាស់អាជីវកម្មខ្មែរពីរបៀបចាប់ផ្តើម និងការពង្រីកអាជីវកម្ម ,យល់ដឹងពីទីផ្សារ យល់ដឹងកាន់តែច្បាស់អំពីឱកាសល្អៗនៅក្នុងទីផ្សារប្រទេសកម្ពុជា,បង្កើនទំនុកចិត្ត មានភាពក្លាហានក្នុងការសាកល្បងបង្កើតអាជីវកម្ម ឬអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន​ ​ស្គាល់ពីផលិតផលខ្មែរ បង្កើនការយល់ដឹង និងក្លាយជាចំណែកមួយក្នុងការគាំទ្រផលិតផលដែលផលិតឡើងដោយកូនខ្មែរ។

លោក ប្រុក សុខម៉ារាឌី ប្រធានសាខានៃសមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជសាស្ត្រអន្តរជា​តិ សាខាវត្តភ្នំ ដែលហៅកាត់ថា ” AIESEC in Wat Phnom” បានបញ្ជាក់ថា Proudly- ខ្មែរ នឹងក្លាយទៅជាថ្នាលមួយយ៉ាងសំខាន់ក្នុងការបង្កើតឱកាសដល់យុវជនបានរៀនសូត្របន្ថែម ក៏ដូចជាបង្កើតទំនាក់ទំនងជាមួ​យ​សហគ្រិន ព្រមទាំងអ្នកដឹកនាំអាជីវកម្មជាច្រើនរូបដែលពោរពេញទៅដោយបទពិសោធន៏ផ្សេងៗគ្នា។

លោក សេង ម៉ាកូលេន អនុប្រធានផ្នែកនវានុវត្តន៍ និងអភិវឌ្ឍអាជីវកម្ម AIESEC បានលើកឡើងផងដែរថា ៖ វេទិកានេះ នឹងផ្តល់នូវចំណេះដឹង និងទទួលបានបទពិសោធពីអ្នកជំនាញដែលធ្លាប់ឆ្លងកាត់ ជួយបំផុសគំនិត និងទស្សនវិស័យថ្មីៗដែលអាចជំរុញឱ្យអ្នកទាំងអស់គ្នាកាន់តែមានមោទនភាពចំពោះអ្វីដែលជា «ខ្មែរ» និងរួមគ្នាបន្តលើកស្ទួយសក្តានុពលរបស់កម្ពុជាទៅកាន់ពិភពលោក។

ដោយឡែក លោក លីវ ឈួង សហស្ថាបនិក និងជាអគ្គនាយក Brown Coffee and Bakery នៅក្នុងឱកាសនៃការចែករំលែកចំណេះដឹងផ្នែកអាជីវកម្មទៅកាន់យុវជន ក៏បានបង្ហាញពីការតម្រង់ទិសក្នុងបរិបទអាជីវកម្មដែលកំពុងវិវត្ត ក៏ដូចជាការបោះជំហានទៅមុខក្នុងអាជីវកម្មប្រកបដោយទំនុកចិត្ត ភាពធន់ និងការរៀនសូត្រឥតឈប់ឈរផងដែរ។

លោកបានផ្តល់ជាទស្សនទានមួយថា ៖

«មួយជំហានដើរ មួយជំហានរៀន ….ហើយមេរៀនបរាជ័យ គឺជាមេរៀនដែលមានតម្លៃបំផុត និងត្រូវចងចាំ»។

លោក ឆេង សុភ័ក្រ (រៀនថត – Rean Thort) ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈស្នាដៃរូបថតដ៏ទាក់ទាញ ការបង្កើតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត និងការនិទានរឿងដ៏មានអត្ថន័យបានលើកឡើងថា ក្នុងនាមជា Vlogger និងជាពិធីករកម្មវិធីផតខាស (Podcast host) មួយរូប «រៀនថត» បានបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញទឹកចិត្តអ្នកទស្សនា តាមរយៈការលើកកម្ពស់វប្បធម៌ខ្មែរ ភាពច្នៃប្រឌិត របៀបរស់នៅ និងដំណើរការអភិវឌ្ឍខ្លួន។

ក្រោមប្រធានបទ«គាំទ្រកម្ពុជា រួមគ្នាធ្វើឱ្យកម្ពុជារីកចម្រើន» លោក ឆេង សុភ័ក្រ បានលើកឡើងពីសារៈសំខាន់នៃទំនុកចិត្តរបស់អតិថិជន និងការគាំទ្រពីសហគមន៍ ក្នុងការកសាងម៉ាកសញ្ញា (Brand) មួយដែលមានអត្ថន័យ និងនិរន្តរភាព។ លោកក៏បានចែករំលែកពីទស្សនវិស័យអំពីរបៀបដែលទទួលបានការគាំទ្រពីមហាជន ក្លាយជាកម្លាំងចលករដ៏មានថាមពល បំផុសគំនិតដល់អ្នកបង្កើតមាតិកា (Content Creators) និងអាជីវកម្មដទៃទៀត ឱ្យបន្តបង្កើតផលិតផលថ្មី និងភាពវិជ្ជមានដល់សង្គម។

លោកបានលើកឡើងថា៖

« ការគាំទ្រអាជីវកម្មក្នុងស្រុក មិនមែនគ្រាន់តែជាការទិញផលិតផលនោះទេ ប៉ុន្តែវាគឺជាការចូលរួមចំណែកជួយឱ្យប្រទេសកម្ពុជា រីកចម្រើនទៅមុខជាមួយគ្នា»។

កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិក សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន HCST Investment Co., Ltd. បានលើកឡើងថា៖ ការប្តេជ្ញាចិត្តខ្ពស់លើការច្នៃប្រឌិតថ្មី និរន្តរភាព និងការរីកចម្រើនប្រកបដោយបរិយាបន្ន កំពុងដឹកនាំក្រុមហ៊ុន HCST ឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនគំរូឈានមុខគេនៅក្នុងឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេសកម្ពុជា។ ការសម្រេចបាននូវគោលដៅនេះ គឺតាមរយៈការកសាងខ្សែច្រវាក់តម្លៃលំដាប់ថ្នាក់ខ្ពស់ (Premium) និងមិនបំផ្លាញព្រៃឈើ ដែលជួយលើកកម្ពស់ជីវភាពសហគមន៍ជនបទ ព្រមទាំងពង្រឹងជំហររបស់កម្ពុជា នៅក្នុងទីផ្សារកសិ-ចំណីអាហារសកលលោក។

ក្រោមប្រធានបទ«ការបង្កើតតម្លៃលើសពីតម្លៃ៖ យុទ្ធសាស្ត្រកសាងម៉ាកសញ្ញាក្នុងទីផ្សារលំដាប់ខ្ពស់»កញ្ញា បានលើកឡើងថា៖

«ម៉ាកសញ្ញា (Brand)រឹងមាំ មិនមែនផ្អែកលើការប្រកួតប្រជែងតម្លៃនោះទេ ប៉ុន្តែគឺផ្អែកលើភាពត្រឹមត្រូវច្បាស់លាស់ គោលបំណងពិតប្រាកដ គុណភាព និងការផ្តល់បទពិសោធន៍ដ៏មានន័យជូនដល់អតិថិជន»៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា