បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំដំឡូងដៃខ្លា ដើម្បីទទួលបានមើមល្អ  

ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំដំឡូងដៃខ្លា ដើម្បីទទួលបានមើមល្អ  

ដំឡូងដៃខ្លា ជាប្រភេទរុក្ខជាតិវល្លិ៍ ស្លឹកមានសណ្ឋានដូចស្លឹកម្លូរ និងមានមើមតូចធំទៅតាមប្រភេទពូជ ដោយក្នុងនោះកសិករអាចអនុវត្តតាមបច្ចេកទេសងាយៗមួយចំនួនដើម្បីឱ្យការដាំដុះដំឡូងប្រភេទនេះទទួលបានមើមធំល្អ និងទិន្នផលខ្ពស់។

ជាទូទៅ ចំពោះដំឡូងដៃខ្លា ជាដំណាំងាយស្រួលដាំដុះ មិនត្រូវការទឹកច្រើន មិនចំណាយទុនច្រើន ឆាប់បានផល និងងាយស្រួលលក់នៅលើទីផ្សារត្បិតថាតម្លៃមិនសូវថ្លៃ ប៉ុន្តែយ៉ាងហោចណាស់អាចលក់បានមើមឆៅក្នុងតម្លៃចាប់ពីជាង ៣០០០រៀលក្នុងមួយគីឡូក្រាម ហើយចំណែកស្ងោរឆ្អិនវិញអាចលក់បានប្រមាណ ៥០០០រៀលក្នុងមួយគីឡូក្រាម។

ចំពោះបច្ចេកទេសដាំដើម្បីទទួលបានទិន្នផលល្អ កសិករគួរយកចិត្តទុកដាក់លើការ​ជ្រើសរើស​ពូជ ដោយសារពូជ​ដំឡូង​នេះគេអាចជ្រើសរើសយកមើមណាដែលចាស់ ធំៗល្អ មក​​រក្សា​ទុកធ្វើពូជបាន តាមរយៈការគាស់ដោយប្រុងប្រយ័ត្ន រួចហើយបេះដីចេញ ប៉ុន្តែមិនត្រូវលាងទឹកនោះទេ រួចយកទៅដាក់នៅកន្លែងម្លប់ដែលមានខ្យល់ចេញចូលល្អ ចៀសវាងត្រូវថ្ងៃក្ដៅខ្លាំងធ្វើឱ្យខូចពូជ។

ចំណែក​ការ​រៀបចំ​ដី​ អ្នកដាំត្រូវរកទីតាំងណាដែលជា​ដី​ទួល ​មិន​លិច​ទឹក​នៅរដូវភ្លៀង​ធ្លាក់ បន្ទាប់មក​ជីករណ្ដៅ​ដែល​មានទំហំ ​៨​តឹក​ ៤​ជ្រុង ជម្រៅ ២.៥​-​៣ ​តឹក ដោយ​មាន​ចន្លោះ​គុម្ព​ ៣​-​៣.៥​តឹក និងចន្លោះ​រង ​៤​-​៥​តឹកផងដែរ ។ រីឯការ​ដាំ មុន​ពេល​ដាំ​កសិករត្រូវ​ដាក់​ជី​កំ​ប៉ុ​ស្ដ​ចំនួន ៣​គីឡូក្រាម ក្នុង​មួយ​រណ្ដៅ ហើយ​ជ្រោយ​ដីឱ្យ​ផុស​ល្អ ទើប​​យក​មើមដំឡូង​មក​ដាំ ដោយក្នុង​មួយ​រណ្ដៅ​អាច​ដាក់​ដំឡូង​ដាំ ​១​មើម​ធំ ដែល​មាន​ទំងន់​ប្រមាណ ​២-៣​ខាំ បើ​មើម​តូច អាចដាក់ ​២​មើមតែម្ដង។

សម្រាប់​ការ​ថែទាំដំឡូងដៃខ្លា ត្រូវការស្រោច​ទឹក ​៤-៥​ថ្ងៃ​ម្ដង ពោលគឺ​ស្រោច​ទឹក​នៅ​ពេលណាដែល​ដី​ស្ងួត​ ជាពិសេសនៅរដូវប្រាំង។ បន្ទាប់​ពី​ដាំ​បាន​រយៈពេល​ ២០-​២៥​ថ្ងៃ ​ដំឡូងអាចដុះ​បាន​ប្រវែង​១​-១.៥​ម៉ែត្រ អ្នកដាំត្រូវធ្វើ​ជន្លង់ ដោយ​១ រណ្ដៅអាចដោត​ជន្លង់​មួយ ដែល​មាន​ប្រវែង ៣​-​៣.៥​ម៉ែត្រ។ បន្ទាប់ពីដាំបាន ៥០-៦០ថ្ងៃ កសិករត្រូវ​ពូនដី​នៅតាមរង ​ដើម្បីកុំឱ្យមានទឹកដក់ផង និងធ្វើ​ឱ្យ​ដំឡូងចុះមើម​បាន​ល្អ​ ហើយ​មើមកាន់តែធំ​ថែមទៀត។ ដំឡូងដៃខ្លាអាច​​ប្រមូល​ផលក្នុងរយៈពេលប្រមាណ ៦ខែ ដែលកសិករអាចសង្កេតឃើញនៅ​ពេល​ដែល​ដំឡូង​មានមើម​ចាស់ ស្លឹក​ដំឡូងបាស និងចាប់ផ្ដើម​ស្វិតងាប់​បន្ដិច​ម្ដង​ៗ គឺអាចគាស់បានហើយ។ ការប្រមូលផលនេះទៀតសោត គេអាចប្រមូល​យកទៅ​លក់​ជា​បន្ដបន្ទាប់ ដោយក្នុង ១គុម្ព អាចបានប្រមាណ ៤-៥​គីឡូក្រាម​។

បន្ទាប់ពីបានជ្រាបពាក់ព័ន្ធទៅនឹងបច្ចេកទេសដាំដុះដូចបានជម្រាបជូនខាងលើនេះ លោកអ្នកអាចសាកល្បងអនុវត្តបានដើម្បីប្រាកដថាមានប្រសិទ្ធភាព៕

កញ្ញា ម៉ាន់ ហ៊ុយលាង | Ms. Mann Huyleang

កញ្ញា ម៉ាន់ ហ៊ុយលាង | Ms. Mann Huyleang

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា