របាយការណ៍របស់ United Nations University–International Institute for Global Health (UNU-IIGH) មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានព្រមានថា បញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមយុវជនម៉ាឡេស៊ីកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ដោយកុមារ ១នាក់ក្នុងចំណោម ៦នាក់ កំពុងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត ខណៈបន្ទុកបញ្ហានេះបានកើនឡើងទ្វេដងចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
របាយការណ៍អំពាវនាវឱ្យមានការឆ្លើយតបជាប្រព័ន្ធ ដោយពង្រឹងតួនាទីគ្រួសារ សាលារៀន សហគមន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីលើកកម្ពស់សុខុមាលភាពផ្លូវចិត្តរបស់យុវជន។
របាយការណ៍ស្តីពី «សុខភាពផ្លូវចិត្តយុវជន និងសុខុមាលភាពឌីជីថលនៅម៉ាឡេស៊ី» ត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំភាគីពាក់ព័ន្ធ ដែលមានការចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងអប់រំ ក្រសួងឌីជីថល អង្គការសហប្រជាជាតិ ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកផ្តល់សេវាសុខភាពផ្លូវចិត្ត ដើម្បីពិភាក្សាអំពីដំណោះស្រាយរួម។
ទិន្នន័យពីការស្ទង់មតិ National Health and Morbidity Survey (NHMS) 2023 បង្ហាញថា យុវជនប្រមាណ ៤៦ភាគរយ មានបញ្ហាទាក់ទងនឹងការរួមរស់ក្នុងសង្គម ដូចជាការលំបាកក្នុងការបង្កើត ឬរក្សាមិត្តភាព ការរងការគំរាមកំហែង និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ចំណែក ១៧ភាគរយ បានរាយការណ៍ពីបញ្ហាផ្លូវអារម្មណ៍ ដូចជាការព្រួយបារម្ភ ភាពសោកសៅ និងការភ័យខ្លាច ខណៈអត្រាជំងឺធ្លាក់ទឹកចិត្តដែលត្រូវការការព្យាបាល មាន ៧,៩ភាគរយ ក្នុងក្រុមអាយុ ១៦–១៩ឆ្នាំ និង ៧,៦ភាគរយ ក្នុងក្រុមអាយុ ២០–២៩ឆ្នាំ។
របាយការណ៍បានបញ្ជាក់ថា ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តកាន់តែស្មុគស្មាញ ដោយសារហានិភ័យពីការគំរាមកំហែងតាមអ៊ីនធឺណិត ការប៉ះពាល់នឹងមាតិកាដែលបង្កគ្រោះថ្នាក់ និងការប្រើប្រាស់ឧបករណ៍ឌីជីថលហួសកម្រិត។
ទោះជាយ៉ាងណា របាយការណ៍ក៏បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលអាចក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការគាំទ្រសុខភាពផ្លូវចិត្ត ប្រសិនបើមានការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងការគ្រប់គ្រងសមស្រប។
ក្រុមអ្នកជំនាញបានអំពាវនាវឱ្យប្រទេសម៉ាឡេស៊ីអនុវត្តវិធីសាស្ត្រដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តបែបពហុវិស័យ ដោយពង្រឹងការបង្ការ ការធ្វើអន្តរាគមន៍នៅដំណាក់កាលដំបូង និងការគាំទ្ររយៈពេលវែង៕