ស្ថាប័ន World Economic Forum (WEF) បានចេញផ្សាយរបាយការណ៍ Top 10 Emerging Technologies of 2026 លើកទី១៤ ដោយបង្ហាញបច្ចេកវិទ្យាលេចធ្លោចំនួន ១០ ដែលកំពុងផ្លាស់ប្ដូរពីដំណាក់កាលស្រាវជ្រាវទៅកាន់ការអនុវត្តជាក់ស្ដែង ហើយត្រូវបានរំពឹងថានឹងជះឥទ្ធិពលយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ច សុខាភិបាល ថាមពល បរិស្ថាន និងឧស្សាហកម្មក្នុងទសវត្សរ៍ខាងមុខ។
បច្ចេកវិទ្យាលេចធ្លោទាំង ១០ សម្រាប់ឆ្នាំ២០២៦ រួមមាន៖
១. ប្រព័ន្ធថាមពល Everything-to-Grid Energy
២. បច្ចេកវិទ្យាទាញយកលីចូមដោយផ្ទាល់ (Direct Lithium Extraction)
៣. សម្ភារៈបង្កើតភាពត្រជាក់ដោយបញ្ចេញកម្តៅតាមធម្មជាតិ (Passive Radiative Cooling Materials)
៤. បច្ចេកវិទ្យាបំផ្លាញសារធាតុ PFAS ដែលពិបាករលាយក្នុងបរិស្ថាន (PFAS Destruction)
៥. បច្ចេកវិទ្យាផលិតអាហារដោយការបង្កាត់មេរោគជាក់លាក់ (Precision Fermentation)
៦. បច្ចេកវិទ្យាដឹកជញ្ជូនថ្នាំដោយ Exosome (Exosome Drug Delivery)
៧. វ៉ាក់សាំង mRNA ព្យាបាលជំងឺមហារីកតាមលក្ខណៈបុគ្គល (Personalized mRNA Cancer Vaccines)
៨. ការប្រើ Quantum Simulation សម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍឱសថ (Quantum Simulation for Drug Discovery)
៩. World Models ឬគំរូបញ្ញាសិប្បនិម្មិតដែលអាចយល់ដឹង អនុវត្តការវែកញែក និងព្យាករណ៍អំពីពិភពពិត
១០. ប្រព័ន្ធការពារទិន្នន័យដោយ Lattice-Based Cryptography ដែលមានសមត្ថភាពទប់ទល់នឹងការវាយប្រហារពីកុំព្យូទ័រ Quantum។
លោក Jeremy Jurgens អគ្គនាយកគ្រប់គ្រង នៃ World Economic Forum មានប្រសាសន៍ក្នុងរបាយការណ៍ថា បច្ចេកវិទ្យាទាំងនេះឆ្លុះបញ្ចាំងពីនិន្នាការសំខាន់ចំនួន ៣ រួមមាន ការអភិវឌ្ឍដំណោះស្រាយដែលផ្ដោតលើតម្រូវការរបស់បុគ្គលម្នាក់ៗ ការផលិតដែលកាន់តែមានលក្ខណៈចែកចាយនៅជិតទីតាំងប្រើប្រាស់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព។ ឧទាហរណ៍ រួមមានការបង្កើតភាពត្រជាក់ដោយមិនប្រើអគ្គិសនី ការផលិតប្រូតេអ៊ីនដោយមិនចាំបាច់ចិញ្ចឹមសត្វ និងការកាត់បន្ថយសំណល់បំពុលដែលកើតចេញពីដំណើរការគីមី។
លោកបានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះមិនទាន់ឈានដល់ដំណាក់កាលអភិវឌ្ឍពេញលេញនៅឡើយទេ ប៉ុន្តែកំពុងឈានទៅរកការអនុវត្តនៅក្នុងពិភពពិត។ ភាពជោគជ័យរបស់វានាពេលអនាគត នឹងពឹងផ្អែកលើការសម្រេចចិត្ត ការវិនិយោគ និងកិច្ចសហការដែលកំពុងធ្វើឡើងនាពេលបច្ចុប្បន្ន។
យោងតាម WEF បច្ចេកវិទ្យាលេចធ្លោទាំង ១០ នេះ អាចក្លាយជាកម្លាំងជំរុញដ៏សំខាន់ក្នុងការកំណត់ទិសដៅនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ពិភពលោកក្នុងទសវត្សរ៍ខាងមុខ៕