បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំសិក្សា២០២៤-២០២៥ និស្សិតខ្មែរ២១រូបបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្ស៉ី

ឆ្នាំសិក្សា២០២៤-២០២៥ និស្សិតខ្មែរ២១រូបបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្ស៉ី

និស្សិតខ្មែរមកពីសាកលវិទ្យាល័យផ្សេងៗ និងជំនាញផ្សេងគ្នាចំនួន២១រូប បានបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា ក្នុងឆ្នាំ២០២៤-២០២៥ នៅប្រទេសរុស្ស៉ី។ បណ្ដានិស្សិតដែលបានបញ្ចប់ការសិក្សាភាគច្រើន នឹងត្រឡប់មកកម្ពុជាវិញ ហើយខ្លះទៀតនឹងបន្ត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

Advertisement

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសរុស្សី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ មាននិស្សិតខ្មែរចំនួន២១រូបបានបញ្ចប់ការសិក្សាអាហារូបករណ៍របស់ខ្លួន ទៅតាមកម្រិតថ្នាក់ និងសាកលវិទ្យាល័យផ្សេងៗរួមមាន ថ្នាក់បរិញ្ញាបត្រ ១៣នាក់ ថ្នាក់អនុបណ្ឌិត ៧នាក់ ថ្នាក់ឯកទេស ១នាក់ ក្នុងនោះស្រី៧នាក់។ លោក ភារម្យ បន្ថែមថា ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាទាំង២១រូបនេះ បានសិក្សាក្នុងជំនាញផ្សេងៗគ្នា ដូចជា ឯកទេសបេះដូង សេដ្ឋកិច្ច គ្រប់គ្រងវិស្វកម្មយន្តហោះ វិស្វកម្មថាមពលនុយក្លេអ៊ែរ នីតិសាស្រ្ដ ទេសចរណ៍ បរិស្ថានវិទ្យា វិស្វកម្មសំណង់ស៊ីវិល វេជ្ជសាស្ត្រ និងព័ត៌មានពាណិជ្ជកម្ម ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាក្នុងប្រទេសរុស្ស៉ី។

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសរុស្សី

ថ្លែងដោយក្ដីរំភើប លោក ខ្វែង ភារម្យ ពិតជាមោទនភាព ដែលឃើញកូនខ្មែរជាច្រើនរូបបានលះបង់ និងចាកចេញឆ្ងាយពីគ្រួសារក្នុងរយៈពេលវែង ក្នុងការស្វែងយល់ពីការរស់នៅ ទំនាក់ទំនង និងវប្បធម៌បរទេស ជាពិសេសខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹង ដើម្បីទៅអភិវឌ្ឍប្រទេសជាតិ និងជាប្រទេសដែលសម្បូរទៅដោយបញ្ញវន្ត និងក្លាយជាប្រទេសបន្តការអភិវឌ្ឍឥតឈប់ឈរ។

ប្រធានសមាគមនិស្សិតខ្មែរប្រចាំនៅប្រទេសរុស្ស៉ី លើកទឹកចិត្តដល់សិស្សប្អូនដែលមានបំណងចង់ទៅបន្តការសិក្សានៅ សហព័ន្ធរុស្ស៉ី ឬបណ្ដាប្រទេសផ្សេងៗ ត្រូវមានគោលដៅច្បាស់លាស់ ព្រោះការសិក្សានៅក្រៅប្រទេសជាការចាកចេញឆ្ងាយពីផ្ទះ ពីគ្រួសារ និងប្រទេសកំណើតក្នុងរយៈពេលយូរ ក្នុង​ការ​រស់នៅ និងការរៀនសូត្រដោយខ្លួនឯង ហើយក៏ជាបុគ្គលដែលតំណាងឱ្យប្រទេសជាតិមួយផងដែរ ដូចនេះ បេក្ខជនត្រូវសិក្សាស្វែងយល់អំពីព័ត៌មានផ្សេងៗឱ្យបានច្បាស់លាស់ពីមុនជំនាញសិក្សា សាកលវិទ្យាល័យ និងព័ត៌មានផ្សេងៗតាម Internet ឬអាចសាកសួរសិស្សច្បងជាមុន។

រូបភាពពី Association of Cambodian Student in the Russian Federation

លោក ភារម្យ បន្ថែមថា សម្រាប់ប្អូនៗដែលតាំងចិត្តនឹងបន្តការសិក្សានៅប្រទេសរុស្សី អាចរៀនត្រៀមភាសារុស្ស៉ីនៅកម្ពុជាឱ្យបានយ៉ាងតិច៣ ឬ៤ខែ មុនទៅបន្តការសិក្សានៅប្រទេសរុស្ស៉ី ប្រសិនបើខ្សោយភាសារុស្ស៉ី ការសិក្សានៅក្នុងថ្នាក់អាចនឹងរៀនយឺត ឬខ្សោយជាងគេ ប៉ុន្តែក៏មិនអាចរំលងភាសាអង់គ្លេសផងដែរ។

គួរជម្រាបថា នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ តាមរយៈកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី បានផ្ដល់ចំនួន៤០​កន្លែង​ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា និងវគ្គសិក្សាខ្លីផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសរុស្ស៉ីសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦៕

កញ្ញា ឈឿង ប៉ូលីណា | Ms. Chhoeung Polina

កញ្ញា ឈឿង ប៉ូលីណា | Ms. Chhoeung Polina

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា