គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ២៣ បានដាក់សំណើសុំផ្ទេរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា វិញ ក្នុងគោលបំណងពង្រីកវិសាលភាព នៃកម្រិតបណ្តុះបណ្តាល។

គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ២៣ បានដាក់សំណើសុំផ្ទេរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា វិញ ក្នុងគោលបំណងពង្រីកវិសាលភាព នៃកម្រិតបណ្តុះបណ្តាល។
សំណើនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំមួយដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
តាមការបញ្ជាក់ គ្រឹះស្ថានទាំងនេះមានបំណងពង្រីកកម្មវិធីសិក្សារបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ទៅដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/ឯកទេស ខណៈក្រសួងការងារ មិនអនុញ្ញាតឱ្យបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ ទៀតទេ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ការផ្ទេរគ្រឹះស្ថានឧត្តមសិក្សាឯកជននេះគឺជារឿងធម្មតា វាគឺជាការបែងចែកគន្លងក្នុងការគ្រប់គ្រងកម្រិតបណ្តុះបណ្តាលរវាងក្រសួងការងារ និង ក្រសួងអប់រំ។

លោកបានពន្យល់ថា «កន្លងមកក្រសួងការងារគ្រប់គ្រងគ្រឹះស្ថានឯកជនក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1). ២ (C2) និង ៣ (C3) នៅពេលគ្រឹះស្ថានឯកជនបណ្តុះបណ្តាលដល់កម្រិតឧត្តមសិក្សាគឺស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រសួងអប់រំ។ វាគឺការបែកចែក គន្លងគ្នា ក្នុងការគ្រប់គ្រងតែប៉ុណ្ណោះ»។
លោក ស៊ុន មេសា បន្តថា បច្ចុប្បន្នក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ២៥៤ និងសាលាបណ្តុះបណ្តាលឯកជនជាច្រើនទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង៕
