ក្នុងនាមជាឪពុកម្តាយ យើងតែងតែប្រាថ្នាចង់ឃើញកូនៗមានភាពជឿជាក់ និងរឹងមាំផ្លូវចិត្ត។ ការកសាងទំនុកចិត្តលើខ្លួនឯងមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការគាំទ្រ និងការតម្រង់ទិសដ៏ត្រឹមត្រូវពីសំណាក់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល។ ខាងក្រោមនេះគឺជាវិធីសាស្រ្ត ៣ចំណុច ដើម្បីជួយជំរុញស្មារតីកូនៗឱ្យមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង៖
១. ផ្តល់ឱកាសឱ្យកូនបានបង្កើត “គុណតម្លៃ”
មនុស្សយើងតែងតែមានអារម្មណ៍ល្អចំពោះខ្លួនឯង នៅពេលដែលយើងដឹងថា ខ្លួនមានប្រយោជន៍ និងអាចធ្វើអ្វីមួយបានល្អ។ ចូរស្វែងរកវិធីសាស្ត្រដែលកូនរបស់អ្នកអាចចូលរួមចំណែកក្នុងកិច្ចការគ្រួសារ ឬសកម្មភាពសង្គម ដូចជា ឱ្យកូនទទួលខុសត្រូវលើកិច្ចការអ្វីមួយដែលសំខាន់ក្នុងផ្ទះ ឬជំរុញឱ្យកូនចូលរួមជួយការងារសហគមន៍។ ការដឹងថាខ្លួនបានជួយអ្នកដទៃ គឺជាប្រភព នៃមោទនភាព និងការផ្ដល់តម្លៃឱ្យខ្លួនឯង (Self-esteem) យ៉ាងរឹងមាំបំផុតសម្រាប់យុវវ័យ។
២. លើកទឹកចិត្ត
ចូរលើកទឹកចិត្តឱ្យកូនរបស់អ្នក ចំណាយពេលជាមួយមិត្តភក្តិ ឬធ្វើសកម្មភាពម្នាក់ឯង ទៅលើអ្វីដែលពួកគេចូលចិត្ត និងមានភាពប៉ិនប្រសប់។ នៅពេលកូនបានធ្វើអ្វីមួយដែលពួកគេ “ពូកែ” (Mastery) វានឹងបង្កើតជាខែលការពារផ្លូវចិត្តនៅពេលពួកគេជួបបញ្ហាលំបាកក្នុងរឿងផ្សេងទៀត។ ទោះជាការលេងកីឡា គំនូរ ឬការលេងតន្ត្រី កាលណាកូនមានអារម្មណ៍ថា ខ្លួន “ធ្វើបានល្អ” ទំនុកចិត្តនឹងកើតមានឡើងដោយស្វ័យប្រវត្តិ។
៣. ពង្រឹងផ្នត់គំនិត “ការខិតខំនឹងទទួលលទ្ធផល”
នៅពេលកូនមានអារម្មណ៍បាក់ទឹកចិត្ត ឬហត់នឿយនឹងការរៀនសូត្រ ចូររំលឹកពួកគេអំពីទំនាក់ទំនងរវាង ការព្យាយាម និង ជោគជ័យ។ សូមប្រើប្រាស់ពាក្យពេចន៍លើកទឹកចិត្តដូចជា “អ្វីដែលល្អ និងមានតម្លៃ តែងតែទាមទារពេលវេលាដើម្បីសម្រេចវាបាន។ កូនគ្រាន់តែបន្តព្យាយាម នោះជំនាញរបស់កូននឹងរីកចម្រើនទៅតាមនោះដែរ”។ ការបង្រៀនឱ្យកូនយល់ថា “ភាពបរាជ័យជាផ្នែកមួយនៃកិច្ចការ” នឹងជួយឱ្យពួកគេមិនងាយបោះបង់ និងមានភាពក្លាហានក្នុងការសាកល្បងអ្វីដែលថ្មី។
សរុបមកវិញ ការជួយកសាងទំនុកចិត្តដល់កូន មិនមែនជាការសរសើរដោយគ្មានមូលហេតុនោះទេ ប៉ុន្តែវាគឺជាការបង្រៀនឱ្យកូនស្គាល់ពីសមត្ថភាពខ្លួនឯង គុណតម្លៃនៃការជួយអ្នកដទៃ និងការមិនរួញរានៅចំពោះមុខការលំបាក៕