នៅក្នុងយុគសម័យឌីជីថលនេះ បញ្ហាប្រឈមដ៏ធំមួយរបស់ឪពុកម្តាយភាគច្រើន គឺការឃើញកូនៗចំណាយពេលច្រើនម៉ោងលើទូរសព្ទដៃ ហ្គេមអនឡាញ ឬការមើលវីដេអូកម្សាន្តខ្លីៗ ដែលធ្វើឱ្យពួកគេហាក់លែងសូវមានចំណាប់អារម្មណ៍លើសៀវភៅសិក្សា ឬសៀវភៅអានទូទៅ។

នៅក្នុងយុគសម័យឌីជីថលនេះ បញ្ហាប្រឈមដ៏ធំមួយរបស់ឪពុកម្តាយភាគច្រើន គឺការឃើញកូនៗចំណាយពេលច្រើនម៉ោងលើទូរសព្ទដៃ ហ្គេមអនឡាញ ឬការមើលវីដេអូកម្សាន្តខ្លីៗ ដែលធ្វើឱ្យពួកគេហាក់លែងសូវមានចំណាប់អារម្មណ៍លើសៀវភៅសិក្សា ឬសៀវភៅអានទូទៅ។
ការផ្លាស់ប្តូរទម្លាប់កូនពី «អេក្រង់ទូរសព្ទ» មក «ទំព័រសៀវភៅ» មិនមែនជារឿងងាយស្រួលឡើយ ហើយការប្រើប្រាស់វិធីបង្ខំ ឬស្តីបន្ទោស ក៏មិនមែនជាដំណោះស្រាយប្រកបដោយចីរភាពដែរ។ ដើម្បីជួយឱ្យកូនៗមានក្តីស្រឡាញ់ និងភាពរីករាយពិតប្រាកដក្នុងការអាន ឪពុកម្តាយអាចសាកល្បងអនុវត្តនូវគន្លឹះជាក់ស្តែង ៥ យ៉ាងខាងក្រោមនេះ៖
១. ធ្វើជា «កញ្ចក់ឆ្លុះ» និងចែករំលែករឿងរ៉ាវដល់កូន
ក្មេងៗរៀនសូត្រតាមរយៈការសង្កេតមើលសកម្មភាពប្រចាំថ្ងៃរបស់ឪពុកម្តាយ។ ប្រសិនបើយើងចង់ឱ្យកូនកាន់សៀវភៅអាន ប៉ុន្តែដៃរបស់យើងផ្ទាល់កំពុងតែអូសមើលបណ្តាញសង្គមជាប់ជានិច្ចនោះ វានឹងមិនមានប្រសិទ្ធភាពឡើយ។ សូមព្យាយាមបង្កើតពេលចន្លោះពី ១៥ ទៅ ២០ នាទី អង្គុយអានសៀវភៅ ឬព័ត៌មានឱ្យកូនបានឃើញ។
ជាមួយគ្នានេះ នៅពេលគ្រួសារជួបជុំគ្នាញ៉ាំអាហារ ចូរលើកយកចំណុចប្លែកៗ រឿងរ៉ាវប្រវត្តិសាស្ត្រ ឬចំណេះដឹងទូទៅល្អៗដែលអ្នកបានអាន មកនិយាយចែករំលែកឱ្យកូនស្តាប់។ វិធីនេះមិនត្រឹមតែដាស់គំនិតកូនឱ្យចង់ដឹងចង់ឃើញទេ ប៉ុន្តែថែមទាំងបង្កើតភាពស្និទ្ធស្នាលក្នុងគ្រួសារទៀតផង។
២. ស្វែងរកចំណូលចិត្ត និងផ្តល់ «សិទ្ធិសម្រេច» ដល់កូន
កូនៗម្នាក់ៗមានបុគ្គលិកលក្ខណៈ និងចំណូលចិត្តខុសៗគ្នា។ កូនខ្លះអាចចូលចិត្តអានសៀវភៅរឿងនិទានបែបស្រមើស្រមៃ ប៉ុន្តែកូនខ្លះទៀតអាចធុញទ្រាន់នឹងសៀវភៅប្រភេទនេះ ហើយងាកមកចាប់អារម្មណ៍សៀវភៅបែបវិទ្យាសាស្ត្រ ធម្មជាតិ ឬប្រវត្តិសាស្ត្រវិញ។

មិនថាជាសៀវភៅរូបភាព (Comic) សៀវភៅរូបថ្លុក រឿងកំប្លែងខ្លីៗ ឬទស្សនាវដ្តីកីឡានោះទេ ឱ្យតែពួកគេចាប់ផ្តើមអាន គឺសុទ្ធតែជារឿងល្អទាំងអស់។ ដូច្នេះ នៅថ្ងៃចុងសប្តាហ៍ ចូរនាំកូនទៅបណ្ណាល័យ ឬហាងសៀវភៅ ហើយអនុញ្ញាតឱ្យពួកគេមានសិទ្ធិជ្រើសរើសសៀវភៅដែលពួកគេពេញចិត្តដោយខ្លួនឯង។ ការធ្វើបែបនេះ ធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនជា «ម្ចាស់» និងមានទំនួលខុសត្រូវចង់អានសៀវភៅដែលខ្លួនបានរើស។
៣. មិនត្រូវរំលង «ការអានឱ្យកូនស្តាប់»
ឪពុកម្តាយមួយចំនួនយល់ថា នៅពេលកូនចេះប្រកបអក្សរ និងចេះអានដោយខ្លួនឯងហើយ ភារកិច្ចអានឱ្យកូនស្តាប់ត្រូវបានបញ្ចប់។ ប៉ុន្តែតាមពិតទៅ ការចូលចិត្តឱ្យគេអានឱ្យស្តាប់ និងការអានដោយខ្លួនឯង គឺមានលក្ខណៈខុសគ្នា។ នៅពេលក្មេងៗអានម្នាក់ឯង ហើយជួបពាក្យពិបាកៗ ឬប្រកបមិនដាច់ ពួកគេនឹងមានអារម្មណ៍ធុញថប់ រួចងាកទៅរកហ្គេមទូរសព្ទដែលផ្តល់ភាពសប្បាយភ្លាមៗ។ ដូច្នេះ លោកអ្នកអាចចំណាយពេលអានរឿងឱ្យកូនស្តាប់មុនពេលចូលគេង ដលវានឹងជួយឱ្យកូនទទួលបានវាក្យសព្ទថ្មីៗ យល់ពីបរិបទសាច់រឿងកាន់តែស៊ីជម្រៅ និងបង្កើតក្តីស្រឡាញ់ចំពោះអក្សរសិល្ប៍ដោយមិនដឹងខ្លួន។
៤. ការរៀន និងការអាន កើតឡើងនៅ «គ្រប់ទីកន្លែង»
យើងត្រូវចាំថា ការអានមិនមែនកម្រិត និងបញ្ចប់ត្រឹមតែនៅក្នុងទំព័រសៀវភៅ ឬនៅក្នុងបន្ទប់រៀននោះទេ។ ពិភពលោកខាងក្រៅ គឺជាសៀវភៅដ៏ធំមួយសម្រាប់កូនៗ។ ពេលនាំកូនទៅផ្សារ ឬដើរកម្សាន្តតាមខេត្ត ចូរជំរុញឱ្យពួកគេអានផ្លាកសញ្ញាចរាចរណ៍ ឈ្មោះហាង បញ្ជីមុខម្ហូប (Menu) ឬស្លាកណែនាំផ្សេងៗ។ ប្រសិនបើធ្វើដំណើរឆ្លងកាត់ទីកន្លែងប្រវត្តិសាស្ត្រ ឬតំបន់ធម្មជាតិ ចូរជជែកជាមួយកូនអំពីបរិស្ថានជុំវិញខ្លួន។ ការធ្វើបែបនេះជួយពង្រីកវាក្យសព្ទ និងចំណេះដឹងទូទៅ ដែលជាគ្រឹះយ៉ាងសំខាន់ជួយឱ្យពួកគេយល់ន័យបានលឿន នៅពេលពួកគេទៅអានសៀវភៅដោយខ្លួនឯង។
៥. ប្រើប្រាស់ «បច្ចេកវិទ្យា» ឱ្យក្លាយជាជំនួយការ

ក្នុងសម័យបច្ចុប្បន្ន យើងមិនអាចកាត់ផ្តាច់កូនៗចេញពីបច្ចេកវិទ្យាទាំងស្រុងបានឡើយ ប៉ុន្តែយើងអាច «បង្វែរ» វាឱ្យទៅជាឧបករណ៍អប់រំវិញ។ សម្រាប់កុមារដែលចូលចិត្តមើលអេក្រង់ ឪពុកម្តាយអាចទាញយកកម្មវិធីសៀវភៅអេឡិចត្រូនិក ឬកម្មវិធីអានរឿងនិទានដែលមានរូបភាពមានចលនាស្អាតៗ។
នៅពេលបើកបរផ្លូវឆ្ងាយ ឬពេលស្ទះចរាចរណ៍ ចូរជំនួសការបើកបរវីដេអូកម្សាន្ត មកជាការបើក «សៀវភៅសំឡេង» ឬ «រឿងនិទានជាសំឡេង» ឱ្យកូនស្តាប់រួមគ្នា។ ការស្តាប់ គឺមានតម្លៃស្មើនឹងការអានដែរ ព្រោះវាទាមទារឱ្យខួរក្បាលរបស់កុមារដំណើរការគិត ស្រមៃ និងពិចារណាតាមសាច់រឿង៕
