វ័យរៀននៅសាលាមត្តេយ្យ គឺជាពេលវេលាដែលកុមារពោរពេញដោយការលូតលាស់ផ្នែកសង្គម អារម្មណ៍ រាងកាយ និងប្រាជ្ញាស្មារតី។ ជំនាញនៃការយល់ដឹងដែលពួកគេបានរៀនក្នុងដំណាក់កាលនេះ ដូចជាការរាប់លេខមូលដ្ឋាន និងពាក្យវាក្យសព្ទងាយៗជាដើម, ទោះបីជាមើលទៅសាមញ្ញ ប៉ុន្តែវាជាគ្រឹះដ៏សំខាន់សម្រាប់ចំណេះដឹងពេញមួយជីវិតរបស់ពួកគេ។
ខាងក្រោមនេះ គឺជាសមិទ្ធផលសិក្សា សំខាន់ៗដែលកុមារតែងតែទទួលបានពីការអប់រំនៅសាលាមត្តេយ្យ រួមជាមួយនឹងគន្លឹះសម្រាប់មាតាបិតាក្នុងការជួយកូនៗនៅផ្ទះ៖
១. តួអក្សរ និងសូរសព្ទ
នៅក្នុងកម្មវិធីសិក្សាមត្តេយ្យ កុមារនឹងរៀនចំណាំ និងហៅឈ្មោះតួអក្សរ។ ពួកគេអាចចំណាំឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងអាចសរសេរឈ្មោះនោះចេញមក រួមទាំងពាក្យដែលមានន័យ និងសាមញ្ញផ្សេងទៀត (ដូចជា៖ ម៉ាក់ ប៉ា ស្រឡាញ់ ជាដើម)។ ក្រៅពីនេះ ពួកគេក៏ចាប់ផ្តើមយល់ពីការផ្សារភ្ជាប់គ្នារវាងតួអក្សរ និងសំឡេងផងដែរ។
💡 របៀបជួយកូននៅផ្ទះ
លេងរៀបអក្សរ ៖ ជួយជំរុញការរៀនអក្សរដោយឱ្យកូនលេងល្បែងរៀបតួអក្សរ ឬយកទៅបិទនៅលើទ្វារទូទឹកកកជាដើម។
ច្រៀងចម្រៀងអក្សរក្រម ៖ ច្រៀងបទចម្រៀងអក្សរក្រមជាមួយគ្នា ហើយព្យាយាមបន្លឺសំឡេងដើមនៃពាក្យនីមួយៗដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
អានសៀវភៅឱ្យកូនស្តាប់ ៖ ការអានសៀវភៅឱ្យកូនស្តាប់ជារៀងរាល់ថ្ងៃ ទោះបីជាត្រឹមតែ ១០នាទីក្នុងមួយយប់ក៏ដោយ គឺពិតជាមានតម្លៃណាស់។ ធ្វើឱ្យការអាននេះក្លាយជាបទពិសោធន៍ដ៏កក់ក្តៅ ដោយការមើលរូបភាពជាមួយគ្នា ចង្អុលពាក្យ និងជជែកគ្នាពីសាច់រឿង។ សួរ សំណួរទៅកាន់កូន ដូចជា៖ «តើនេះជាអ្វី?» «តើតួអង្គហ្នឹងកំពុងធ្វើអី?» ដើម្បីឱ្យគេបានគិត និងបញ្ចេញមតិ។
២. ពណ៌ រូបរាង និងវត្ថុផ្សេងៗ
ក្មេងៗវ័យមត្តេយ្យនឹងបន្តរៀនពីឈ្មោះពណ៌ រូបរាងមូលដ្ឋាន (រង្វង់ ការ៉េ ត្រីកោណ) និងផ្នែកផ្សេងៗនៃរាងកាយ។
💡 របៀបជួយកូននៅផ្ទះ
សួររកពណ៌ពេលអានសៀវភៅ ៖ នៅពេលអានសៀវភៅជាមួយគ្នា អាចសួរកូនថា «ឡាននោះពណ៌អ្វីកូន?» ឬ «តើមួកមួយណាមានពណ៌លឿង?»។
ចំណាំរូបរាងវត្ថុក្នុងផ្ទះ ៖ ចង្អុលបង្ហាញរូបរាងរបស់របរក្នុងផ្ទះ រួចសួរថា «តើរូបថតនេះមានរាងការ៉េ ឬរាងត្រីកោណ?»។ នៅពេលស្លៀកពាក់ឱ្យកូន ជជែកជាមួយគេពីពណ៌អាវ ខោ ស្បែកជើង និងស្រោមជើង។
លេងហ្គេម «នៅឯណា?» ៖ បង្កើតល្បែងសប្បាយៗដើម្បីរៀនពីផ្នែកនៃរាងកាយ ដូចជាសួរថា «តើច្រមុះម៉ាក់នៅឯណា? ចង្ការបស់កូននៅឯណា? កែងដៃនៅឯណា?»។ អ្នកក៏អាចសួរពួកគេបន្ថែមថា តើផ្នែកនីមួយៗមានប្រយោជន៍អ្វីខ្លះ ដូចជា ច្រមុះសម្រាប់ហិតក្លិន និងធ្មេញសម្រាប់ទំពាអាហារ។
៣. លេខ និងការរាប់
ផ្នែកដ៏ធំមួយនៃកម្មវិធីសិក្សាមត្តេយ្យ គឺការស្គាល់រូបរាងលេខ និងហៅឈ្មោះលេខបានត្រឹមត្រូវ។ ការរាប់គឺជាជំនាញមួយផ្សេងទៀតដែលចាប់ផ្តើមពីការទន្ទេញចាំ។ ក្មេងៗនឹងចាំលំដាប់លេខ ហើយរាប់វាយ៉ាងមានមោទនភាព។ នៅពេលពួកគេកាន់តែឆ្លាតវៃ ពួកគេនឹងយល់ថា ចំនួនលេខ និងចំនួនវត្ថុពិតប្រាកដគឺត្រូវស្របគ្នា។
💡 របៀបជួយកូននៅផ្ទះ
ស្វែងរកលេខជុំវិញខ្លួន ៖ នៅពេលឃើញលេខនៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជានៅក្នុងសៀវភៅ លើកំប៉ុងអាហារ ឬលើផ្ទាំងផ្សាយពាណិជ្ជកម្ម ចូលសួរកូនឱ្យគេប្រាប់ថាជាលេខអ្វី។
រាប់វត្ថុជុំវិញខ្លួន ៖ នាំកូនរាប់វត្ថុផ្សេងៗជាមួយគ្នា ដូចជា កាំជណ្ដើរ ពណ៌ទៀនខូល័រនៅក្នុងប្រអប់ជាដើម។
រាប់ចំណីអាហារ ៖ នៅពេលកូនញ៉ាំនំសម្រន់ ឬផ្លែឈើ អាចសួរគេថា «តើកូនមាននំប៉ុន្មានដុំនៅក្នុងចាន?»។ តម្រៀបនំទាំងនោះជាជួរ ហើយឱ្យកូនយកម្រាមដៃចង្អុលរាប់ម្តងមួយៗ។
៤. ការកាត់ និងការគូររូប
មុនពេលចូលរៀនថ្នាក់មត្តេយ្យកម្រិតខ្ពស់ ឬថ្នាក់ទី១ កុមារគួរតែអាចចេះប្រើប្រាស់កន្ត្រៃកាត់ក្រដាសបាន។ នៅពេលដែលពួកគេមានការសម្របសម្រួលរវាងភ្នែក និងដៃកាន់តែល្អ រួមទាំងជំនាញចលនាតូច (Fine Motor Skills) ពួកគេនឹងចាប់ផ្តើមគូររូប និងផាត់ពណ៌បានកាន់តែច្បាស់លាស់ ជាងការគ្រាន់តែឆូតផ្តេសផ្តាស។ ពួកគេក៏នឹងរៀនការប្រើប្រាស់ខ្មៅដៃ ជក់លាបពណ៌ និងកាវបិទផងដែរ។
💡 របៀបជួយកូននៅផ្ទះ
ហាត់ប្រើកន្ត្រៃសុវត្ថិភាព ៖ អនុញ្ញាតឱ្យកូនប្រើប្រាស់កន្ត្រៃសុវត្ថិភាព (កន្ត្រៃជ័រសម្រាប់ក្មេង) ដើម្បីកាត់អំបោះ ឬកាត់ក្រដាស។
ផ្តល់ឧបករណ៍គូររូប ៖ ផ្តល់ដីស ខូល័រទៀន ឬហ្វឺតពណ៌ និងក្រដាសឱ្យបានច្រើនដើម្បីឱ្យពួកគេគូររូប។
លេងដីឥដ្ឋ ៖ ការលេងដីឥដ្ឋជួយពង្រឹងសាច់ដុំដៃកូនបានយ៉ាងល្អ។ ការច្របាច់ និងសង្កត់ដីឥដ្ឋ នឹងជួយឱ្យសាច់ដុំម្រាមដៃរបស់ពួកគេកាន់តែមានកម្លាំង និងទន់ភ្លន់។
៥. ការរាប់អានមិត្ត និងការចែករំលែក
ការអភិវឌ្ឍជំនាញសង្គមមានសារៈសំខាន់ណាស់។ ក្មេងៗមត្តេយ្យនឹងត្រូវរៀនពីរបៀបចែករំលែក និងសហការគ្នា ធ្វើការងាររួមគ្នា ចេះប្តូរវេនគ្នា ចូលរួមក្នុងសកម្មភាពក្រុម ចេះស្ដាប់តាមការណែនាំសាមញ្ញៗ និងចេះប្រាប់ពីអ្វីដែលខ្លួនចង់បាន ឬត្រូវការ។ អ្នកជំនាញអប់រំកុមារតូចនិយាយថា «នៅពេលពួកគេចូលរៀនថ្នាក់ធំ ពួកគេត្រូវនៅម្នាក់ឯងដោយគ្មានអាណាព្យាបាល ដូច្នេះកុមារត្រូវតែចេះនិយាយដើម្បីការពារខ្លួនឯង និងចេះហើបមាត់សុំជំនួយនៅពេលត្រូវការ»។
💡 របៀបជួយកូននៅផ្ទះ
បង្កើតកម្មវិធីជួបជុំ ៖ រៀបចំឱ្យកូនបានលេងជាមួយក្មេងៗដទៃ ឬនាំកូនទៅលេងនៅសួនកុមារ។
បង្កើតច្បាប់សាមញ្ញនៅក្នុងផ្ទះ ៖ នៅផ្ទះ ត្រូវមានភាពម៉ឺងម៉ាត់ និងទម្លាប់ច្បាស់លាស់ចំពោះច្បាប់ងាយៗដែលកូនត្រូវធ្វើតាម ដូចជា ការរៀបចំគ្រែគេង ឬការទុកដាក់ប្រដាប់ក្មេងលេងឱ្យមានរបៀបបន្ទាប់ពីលេងរួច។
ធ្វើជាគំរូដ៏ល្អ ៖ ឱ្យកូនចេះទទួលខុសត្រូវក្នុងការប្រមូលរបស់របរទុកដាក់ ប៉ុន្តែអ្វីដែលសំខាន់ មាតាបិតាខ្លួនឯងត្រូវធ្វើជាគំរូក្នុងការប្រកបដោយសុជីវធម៌ និងការនិយាយស្តីគួរឱ្យស្រឡាញ់នៅក្នុងសង្គម៕