នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែមីនា ចុងសប្តាហ៍នេះ ព្រះសង្ឃ តាជី យាយជី ប្រមាណជា៥០០អង្គ/នាក់ នឹងរួមគ្នាធ្វើសមាធិនៅខាងមុខផ្ទាំងគំនូរ “សិល្បៈ ដើម្បីសន្តិភាព” នាសួនវត្តបទុមវតី រាជធានីភ្នំពេញ ដោយមានការនិមន្តចូលរួមពីសម្តេច គូ សុភាព និងអង្គសម្តេច គីម សន។

លោក អ៊ុង ស៊ីយ៉ា ក្រុមការងាររៀបចំកម្មវិធីនេះឱ្យដឹងថា ការធ្វើសមាធិនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង រំលឹកនឹកគុណដល់បុព្វបុរសខ្មែរ ក៏ដូចជាវរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ, ជាការឧទ្ទិបុណ្យកុសល និងផ្សាយមេត្តាដល់ពុទ្ធិបរិស័ទ។
បើតាមលោក ស៊ីយ៉ា ការធ្វើសមាធិដើម្បីសន្តិភាពនៅថ្ងៃអាទិត្យនេះ ក៏ជាពិធីដើម្បីសុំសេចក្តីសុខដែរ ក្រោយការបើកបង្ហាញផ្ទាំងគំនូរ “សិល្បៈ ដើម្បីសន្តិភាព” ជាសាធារណៈ កាលពីដើមខែនេះ។ ហើយសាធារណជនក៏អាចចូល រួមក្នុងកម្មវិធីនេះដែរ ដើម្បីស្វែងយល់ពីមូលដ្ឋាននៃការសមាធិ ការអប់រំចិត្ត ធ្វើចិត្តឱ្យស្ងប់។

ផ្ទាំងគំនូរសិល្បៈ ដើម្បីសន្តិភាព នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ជាផ្ទាំងគំនូរទីពីរ ដែលគូរដោយក្រុមសិល្បករខ្មែរ ដើម្បីបង្ហាញអំពីទុក្ខវេទនារបស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ។ ផ្ទាំងគំនូរនេះ ត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៕