បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខួប៥៦ឆ្នាំ នៃបេសកកម្មមនុស្សធម៌នៅកម្ពុជា របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ "ឆ្នាំនៃការដឹងគុណ ភាពធន់ និងក្តីសង្ឃឹម"

ខួប៥៦ឆ្នាំ នៃបេសកកម្មមនុស្សធម៌នៅកម្ពុជា របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ "ឆ្នាំនៃការដឹងគុណ ភាពធន់ និងក្តីសង្ឃឹម"

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា នឹងរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជា ក្រោមប្រធានបទ «ឆ្នាំនៃការដឹងគុណ ភាពធន់ និងក្តីសង្ឃឹម»។

Advertisement

ពិធីនេះ នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal ចាប់ពីម៉ោង ៥:៣០ ល្ងាច ដល់ម៉ោង ៩:០០ យប់ ដោយរួមមានពិធីអបអរសាទរពីមន្រ្តីរាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ ព្រមជាមួយនឹងការតាំងពិព័រណ៍បង្ហាញសមិទ្ធផលផងដែរ។ ពិធីនេះ ត្រូវរំពឹងថា នឹងមានវត្តមានជាអធិបតីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន រួមជាមួយភ្ញៀវកិត្តិយសចូលរួមប្រមាណ ១៥០ នាក់ ជាមន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំវិស័យឯកជន បេសកកម្មការទូត និងដៃគូអភិវឌ្ឍន៍។

តាមការបញ្ជាក់ពីអង្គការទស្សនៈពិភពលោក ឆ្នាំ២០២៦នេះ គឺជាឆ្នាំអបអរសាទរខួប៥៦ឆ្នាំនៃការងារមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧០មក។ អង្គការបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ម្ចាស់ជំនួយ និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពជីវិតកុមារ និងគ្រួសារ។

ក្នុងរយៈពេលជាង៥ទសវត្សរ៍ អង្គការទស្សនៈពិភពលោកបានផ្តោតលើការផ្តល់ការអប់រំមានគុណភាព ការទទួលបានទឹកស្អាត សេវាសុខាភិបាល និងការបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់កុមារ។ កម្មវិធីនានា បានរួមចំណែកធ្វើឱ្យសហគមន៍ជាច្រើនមានជីវភាពប្រសើរឡើង និងទទួលបានឱកាសអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ក្នុងឆ្នាំ២០២៥ ផលពីកម្មវិធីរបស់អង្គការទស្សនៈពិភពលោកបានដល់ប្រជាជនប្រមាណ ៥,៤ លាននាក់ ក្នុងនោះមានកុមារជាង ៣,១ លាននាក់។ ការឆ្លើយតបផ្នែកមនុស្សធម៌នៅតែជាអាទិភាពសំខាន់ ដោយផ្តោតលើជំនួយទឹកស្អាត អនាម័យ អាហារ ការអប់រំ សុខភាព អាហារូបត្ថម្ភ ការការពារ និងការគាំទ្រផ្នែកចិត្តសាស្ត្រសង្គម។

សូមជំរាបថា នៅឆ្នាំ១៩៤៧ អំឡុងពេលលោក Bob Pierce ស្ថាបនិកអង្គការទស្សនៈពិភពលោក កំពុងធ្វើដំណើរនៅក្នុងប្រទេសចិន លោកបានជួបក្មេងស្រីដែលត្រូវបានគ្រួសារបោះបង់ចោល។ ដោយអារម្មណ៍រំជួលចិត្តចំពោះស្ថានភាពរបស់នាង លោកបានផ្តល់ប្រាក់ ៥ ដុល្លារ ដែលជាលុយចុងក្រោយនៅក្នុងហោប៉ៅរបស់គាត់ទៅឱ្យអ្នកថែទាំនៅក្នុងស្រុកម្នាក់ ដើម្បីជួយថែទាំកុមារីនោះ។

លោកក៏ចាប់ផ្តើមគិតថា មានកុមារជាច្រើនទៀតនៅជុំវិញពិភពលោកដែលកំពុងប្រឈមនឹងភាពក្រីក្រ ភាពអត់ឃ្លាន និងការលំបាក។ ពេលវេលានោះនៅតែដិតជាប់នៅក្នុងចិត្តរបស់លោក។

ប៉ុន្មានឆ្នាំក្រោយមក នៅឆ្នាំ១៩៥០ លោកបានបង្កើតអង្គការទស្សនៈពិភពលោកអន្តរជាតិឡើង ដោយមានចក្ខុវិស័យដើម្បីកៀរគរមនុស្សនៅជុំវិញពិភពលោកជួយគាំទ្រដល់កុមារ និងគ្រួសារដែលខ្វះខាត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា