នៅក្នុងសម័យឌីជីថលដែលអ្វីៗមានភាពប្រញាប់ប្រញាល់ ការចំណាយពេលក្រេបជញ្ជក់ចំណេះដឹងពីសៀវភៅហាក់បីដូចជាត្រូវបានមើលរំលងដោយយុវជនមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា ការអានសៀវភៅមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “ឱសថ” សម្រាប់ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សគ្រប់រូប ជាពិសេសគឺយុវវ័យតែម្តង។
ខាងក្រោមនេះជាអត្ថប្រយោជន៍ ៦ យ៉ាងនៃការអានសៀវភៅ ចំពោះសុខភាព៖
១. ជួយគ្រប់គ្រង និងកាត់បន្ថយភាពស្ត្រេស
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា និងការងារ យុវជនតែងតែជួបប្រទះនូវសម្ពាធ និងភាពតានតឹង។ ការអានសៀវភៅ (ជាពិសេសប្រភេទប្រលោមលោក ឬសៀវភៅបែបអក្សរសិល្ប៍) គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបន្ធូរអារម្មណ៍ និងពន្យឺតប្រព័ន្ធប្រសាទ។ វាកាត់បន្ថយជាតិអរម៉ូន cortisol (អរម៉ូនស្ត្រេស) ដែលជួយឱ្យសម្ពាធឈាមមានលំនឹង និងកាត់បន្ថយហានិភ័យ នៃជំងឺបាក់ទឹកចិត្ត។
២. បង្កើនការយល់ដឹង និងពង្រីកពាក្យសព្ទ
ការអានតាំងពីវ័យក្មេង ឬវ័យជំទង់ ជួយឱ្យខួរក្បាលទទួលបានការហ្វឹកហាត់ ដូចជាការហាត់ប្រាណដែរ។ វាមិនត្រឹមតែជួយពង្រឹងសមត្ថភាពភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខែលការពារផ្លូវចិត្ត ធ្វើឱ្យយុវជនមានភាពធន់ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនានាក្នុងជីវិត និងបង្កើនឱកាសជោគជ័យក្នុងការសិក្សា។
៣. ជួយយុវវ័យក្នុងការស្វែងរក និងស្គាល់អត្តសញ្ញាណខ្លួនឯង
វ័យជំទង់គឺជាវ័យដែលផ្លាស់ប្តូរច្រើនទាំងអារម្មណ៍ និងគំនិត។ ការអានសៀវភៅប្រលោមលោក ឬជីវប្រវត្តិតួអង្គផ្សេងៗ ជួយឱ្យយុវជនអាចឈានជើងចូលទៅក្នុងពិភពខាងក្នុងរបស់មនុស្សម្នាក់ទៀត។ នៅពេលយុវវ័យជួបប្រទះនឹងគំនិតអវិជ្ជមាន សៀវភៅនឹងដើរតួជា “ខ្សែជីវិត” ជួយទាញពួកគេចេញពីពិភពដ៏ស្មុគស្មាញរបស់ខ្លួនឯង និងជួយឱ្យពួកគេស្គាល់ពីអារម្មណ៍ពិតប្រាកដរបស់ខ្លួន។
៤. បង្កើនក្តីមេត្តា និងពង្រឹងទំនាក់ទំនងក្នុងសង្គម
សៀវភៅប្រៀបដូចជា “ឧបករណ៍ពិសោធន៍នៃក្តីមេត្តា”។ នៅពេលអ្នកអានអំពីជីវិត ការតស៊ូ និងឧបសគ្គរបស់តួអង្គក្នុងសៀវភៅ អ្នកនឹងយល់ដឹងកាន់តែច្បាស់ពីអារម្មណ៍ និងទស្សនៈរបស់អ្នកដទៃដែលខុសពីខ្លួន។ ការយល់ចិត្តគ្នានេះ (Empathy) គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាង និងរក្សាទំនាក់ទំនងល្អនៅក្នុងសង្គម និងគ្រួសារ។
៥. ពង្រឹងមុខងារខួរក្បាល និងការពារការធ្លាក់ចុះ នៃការចងចាំ
ការអានគឺជាការហ្វឹកហាត់ខួរក្បាលដ៏ទូលំទូលាយ ព្រោះវាទាមទារឱ្យខួរក្បាលចងចាំពាក្យសព្ទ ដំណើររឿង និងការគិតពិចារណា។ ការបង្កើតទម្លាប់អានតាំងពីវ័យក្មេង និងបន្តរហូតដល់វ័យចាស់ នឹងជួយពន្យឺតការធ្លាក់ចុះ នៃមុខងារខួរក្បាល និងកាត់បន្ថយហានិភ័យ នៃជំងឺវង្វេងវង្វាន់ (Dementia) នៅពេលចាស់ជរា។
៦. ជួយលើកកម្ពស់សុខភាពផ្លូវចិត្ត (វិធីព្យាបាលដោយការអាន)
នៅក្នុងវិស័យចិត្តវិទ្យា មានការប្រើប្រាស់វិធីសាស្ត្រ “Bibliotherapy” (ការព្យាបាលដោយការអាន)។ ការអានអំពីតួអង្គដែលឆ្លងកាត់ការបាត់បង់ ភាពឯកោ ឬការអស់សង្ឃឹម អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា “អ្នកមិនមែនស្ថិតក្នុងស្ថានភាពនេះតែម្នាក់ឯងនោះទេ”។ ការបំពេញការចង់ដឹងចង់ឃើញតាមរយៈសៀវភៅ នាំមកនូវសន្តិភាពផ្លូវចិត្ត និងក្តីសង្ឃឹម៕