ក្នុងយុគសម័យបច្ចេកវិទ្យា បញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់យុវជន គឺ “បាត់បង់ការផ្តោតអារម្មណ៍”។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើងពិបាកនឹងចាប់ផ្តើមធ្វើកិច្ចការសាលា ឬការងារសំខាន់ៗ? យោងតាមទ្រឹស្ដីរបស់លោក Stephen Pressfield ក្នុងសៀវភៅ The War of Art បានហៅបញ្ហានេះថា “Resistance” ឬ “កម្លាំងតស៊ូក្នុងចិត្ត” ដែលជាថាមពលអវិជ្ជមានរារាំងយើងពីភាពជោគជ័យ។
ដើម្បីដោះស្រាយបញ្ហានេះ យុវជនអាចអនុវត្តតាមវិធីសាស្ត្រផ្លាស់ប្តូរទម្លាប់រស់នៅចំនួន ៦ ចំណុច ដូចខាងក្រោម៖
១. បច្ចេកទេស “កិច្ចការតែមួយ” (The Power of One)
ការស្រាវជ្រាវបង្ហាញថា ខួរក្បាលមនុស្សមិនអាចធ្វើការងារច្រើនក្នុងពេលតែមួយបានល្អឡើយ (Multitasking)។ អ្នកជំនាញណែនាំឱ្យជ្រើសរើសកិច្ចការដែលសំខាន់បំផុតតែ មួយគត់ ហើយផ្តោតលើវា។ ការសម្រេចបានកិច្ចការធំមួយ នឹងបង្កើតជាកម្លាំងរុញច្រានឱ្យយើងចង់ធ្វើកិច្ចការបន្តបន្ទាប់ទៀត។
២. ការរៀបចំផែនការប្រចាំសប្តាហ៍
ការមានផែនការច្បាស់លាស់ជួយកាត់បន្ថយភាពតានតឹង នៃ “ខួរក្បាល”។ ការចំណាយពេលប្រហែល ៦០ ទៅ ៩០ នាទីនៅថ្ងៃចុងសប្តាហ៍ ដើម្បីកំណត់កាលវិភាគក្នុង App ឬសៀវភៅកំណត់ត្រា នឹងជួយឱ្យអ្នកដឹងច្បាស់ថាត្រូវធ្វើអ្វី និងពេលណា ដែលធ្វើឱ្យការផ្ដោតអារម្មណ៍កាន់តែមានប្រសិទ្ធភាព។
៣. ការពារពេលវេលា និងកាត់បន្ថយការងារបង្គ្រប់កិច្ច
លោក Cal Newport អ្នកនិពន្ធសៀវភៅ Deep Work បានព្រមានថា ការចំណាយពេលច្រើនលើការងារដែលមិនត្រូវការការគិតខ្លាំង (ដូចជាការឆែក Social Media) នឹងធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកធ្លាក់ចុះជាអចិន្ត្រៃយ៍។ ដូច្នេះ ការប្រើប្រាស់កម្មវិធីបិទវេបសាយរំខានផ្សេងៗ (ដូចជា Freedom ឬ Offtime) ក្នុងអំឡុងពេលដែលអ្នកសិក្សា ឬធ្វើការងារសំខាន់ គឺអាចជួយអ្នកផ្តោតអារម្មណ៍បាន។
៤. សម្រាកឱ្យគ្រប់គ្រាន់
យុវជនជាច្រើនយល់ច្រឡំថា ការគេងតិចគឺជាការខិតខំ។ ប៉ុន្តែតាមពិតទៅ ការសម្រាកឱ្យបានគ្រប់គ្រាន់ (យ៉ាងតិច ៨ ម៉ោង) គឺជាការ “សម្រួចពូថៅ” ឱ្យមុតស្រួចទៅវិញទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ចាប់ផ្តើមចុចទូរស័ព្ទមើលវីដេអូឥតប្រយោជន៍រាប់ម៉ោង នោះមានន័យថា ខួរក្បាលអ្នកអស់ថាមពលហើយ។ ចូរឈប់សម្រាក និងចូលគេង ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក។
៥. បង្កើតទម្លាប់ និងបរិយាកាសដដែលៗ
ខួរក្បាលចូលចិត្តភាពស៊ាំ។ ការកំណត់ទីកន្លែងដដែលៗ ពេលវេលាដដែលៗ និងការស្តាប់តន្ត្រីដដែលៗ (ដូចជាតន្ត្រី Lo-fi ឬសំឡេងធម្មជាតិ) ជួយឱ្យខួរក្បាលដឹងខ្លួនភ្លាមថា “ដល់ពេលត្រូវផ្តោតអារម្មណ៍ហើយ” ដោយមិនបាច់ចំណាយកម្លាំងបង្ខំចិត្តខ្លាំង។
៦. ធ្វើឱ្យការផ្តោតអារម្មណ៍ក្លាយជា “របៀបរស់នៅ”
ការផ្តោតអារម្មណ៍ប្រៀបដូចជាសាច់ដុំ បើមិនហាត់ វានឹងទន់ជ្រាយ។ កុំព្យាយាមផ្តោតអារម្មណ៍តែពេលរៀន។ យុវជនគួរហ្វឹកហាត់ការផ្តោតអារម្មណ៍តាមរយៈការអានសៀវភៅ ឬធ្វើសមាធិខ្លីៗជាប្រចាំថ្ងៃ, បើអាច សូមសាកល្បង អានសៀវភៅ ១៥ នាទីរៀងរាល់ព្រឹក ដោយមិនប៉ះទូរស័ព្ទ៕