ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។ ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦ កន្លែង និងថ្នាក់បណ្ឌិតចំនួន ១ កន្លែង។
ការផ្តល់អាហារូបករណ៍នេះ គឺធ្វើឡើងតាមរយៈកិច្ចសហការរវាងក្រសួង និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស(AE4HC)។
សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រសួងនឹងជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍ ដល់គ្រូឧទ្ទេស បុគ្គលិកអប់រំនៅវិទ្យាស្ថានជាតិអប់រំពិសេស និងគណៈគ្រប់គ្រង ឬគ្រូបង្រៀននៅវិទ្យាល័យអប់រំពិសេសចំនួន ៦ កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦។
តើមានលក្ខខណ្ឌតម្រូវដូចម្តេចខ្លះ ទើបបេក្ខជនអាចទទួលបានអាហារូបករណ៍នេះ?
សម្រាប់លក្ខខណ្ឌទូទៅ បេក្ខជនទាំងអស់ចាំបាច់ត្រូវមានសញ្ជាតិខ្មែរ មានអាយុក្រោម ៤៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) ព្រមទាំងមានសញ្ញាបត្របរិញ្ញាបត្រ (បរិញ្ញាបត្រអប់រំ ឬអប់រំពិសេស ត្រូវបានលើកទឹកចិត្ត)។
បេក្ខជនក៏ត្រូវសុខភាពល្អ និងអាចបំពេញការសិក្សាបានពេញលេញក្នុងរយៈពេលសិក្សា ហើយមានបទពិសោធន៍ធ្វើការលើវិស័យអប់រំពិសេស ឬអប់រំបរិយាបន្នយ៉ាងតិច ៣ឆ្នាំ បម្រើការងារនៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេស (បេក្ខភាពជាស្ត្រីត្រូវបានលើកទឹកចិត្ត) ក្រោយរៀនចប់ត្រូវមកបម្រើការងារនៅវិទ្យាស្ថានជាតិអប់រំពិសេស ឬវិទ្យាល័យអប់រំពិសេសឱ្យបានយ៉ាង តិច ៦ ឆ្នាំ។
ដោយឡែក សម្រាប់អាហារូបរណ៍ថ្នាក់បណ្ឌិតវិញ តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (AE4HC) ក្រសួងអប់រំ នឹងផ្តល់អាហារូបករណ៍ចំនួន ១ កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦ នេះ។
មិនខុសពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនចាំត្រូវមានសញ្ជាតិខ្មែរ មានអាយុក្រោម ៥០ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) ហើយត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឬអប់រំពិសេស ត្រូវបានលើកទឹកចិត្ត) មានសុខភាពល្អ និងអាចបំពេញការសិក្សាបានពេញលេញក្នុងរយៈពេលសិក្សា។
បេក្ខជន ក៏ត្រូវតែមានបទពិសោធន៍ធ្វើការលើវិស័យអប់រំពិសេស ឬអប់រំបរិយាបន្នយ៉ាងតិច ៥ឆ្នាំ មានតំណែងចាប់ពីគ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំពិសេសឡើងទៅ (បេក្ខភាពជាស្ត្រីត្រូវបានលើកទឹកចិត្ត) ក្រោយរៀនចប់ត្រូវមកបម្រើការងារនៅវិទ្យាស្ថានជាតិអប់រំពិសេសឱ្យបានយ៉ាងតិច ៦ឆ្នាំ។
ការដាក់ពាក្យ
បេក្ខជនត្រូវដាក់ឯកសារដូចជា ជីវប្រវត្តិសង្ខេប, កិច្ចសន្យាបន្ទាប់ពីបញ្ចប់ការសិក្សា (Post-Graduation Contract), វិញ្ញាបនបត្ររដ្ឋបាលបញ្ជាក់ពីប្រធានអង្គភាព (Administration Certificate), សញ្ញាបត្រ ឬលិខិតបញ្ជាក់។
បេក្ខជនដែលមានបំណងក្នុងការដាក់ពាក្យក្នុងគម្រោងអាហារូបករណ៍នេះ សូមបំពេញសំណុំឯកសារផ្សេងៗ និងផ្ញើមកកាន់អ៊ីមែល [email protected] ចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥រសៀល។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងតាមរយៈទូរស័ព្ទ ឬតេឡេក្រាមលេខ 088 772 2975៕
អត្ថបទ ៖ ឌិន ថារី